រាជរដ្ឋាភិបាល សម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈ ចំនួន៤សេនដុល្លារ ក្នុង១លីត្រគិត រហូតដល់ថ្ងៃទី ៣១ ខែឧសភា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រគិត ចាប់ពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន។ ដូច្នោះ តម្លៃលក់រាយប្រេងឥន្ធនៈនឹងចុះមក ២៥០០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង ២៣០០ រៀល សម្រាប់ប្រេងម៉ាស៊ូត។
នេះបើយោងតាម សេចក្តីដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥទ្ធនៈនៅតាមស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នេះ។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១៦ ដល់ ៣១ ខែឧសភាឆ្នាំ ២០២០ នឹងត្រូវលក់ ២៦៦០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតានិង ២៤៦០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
ក៏ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន សម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារក្នុងមួយលីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី ១៦ ដល់ ៣១ ខែឧសភា ឆ្នាំ២០២០ នឹងចុះមក ២៥០០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ២៣០០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត៕
ដោយ៖ វិរៈ