អង់គ្លេសដាក់បញ្ចូលការបាត់បង់សមត្ថភាពស្រង់ក្លិន ជារោគសញ្ញាជំងឺកូវីដ១៩
ការបាត់សមត្ថភាពស្រង់ក្លិននិងស្រង់រសជាតិអាហារត្រូវបានចាត់ទុកថាជារោគសញ្ញាមួយទៀតនៃជំងឺកូវីដ១៩ជាផ្លូវការ ក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមនាយកដ្ឋានសុខាភិបាលនិងការថែទាំសង្គម (Department of Health and Social Care) កាលពីថ្ងៃចន្ទ ចុះផ្សាយដោយកាសែត CNN។
សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបានប្រកាសថា៖ «ចាប់ពីថ្ងៃនេះទៅ ប្រជាជនម្នាក់ៗត្រូវដាក់ខ្លួនដាច់ដោយឡែក និងរក្សាគម្លាតសង្គមឲ្យបានខ្ជាប់ខ្ជួន ប្រសិនបើពួកគេមានការក្អក ផ្ដាសាយ ឬមានការបាត់បង់សមត្ថភាពស្រង់ក្លិន»។
នាយកដ្ឋានខាងលើក៏បានបន្ថែមទៀតថា៖ «ឃានវិញ្ញាញបាត់បង់សមត្ថភាពស្រង់ក្លិនអាចនឹងបង្កឲ្យបាត់បង់សមត្ថភាពរបស់ជីវ្ហាវិញ្ញាណ (មិនអាចស្រង់រសជាតិម្ហូបអាហារ) ផងដែរដោយសារពួកវាមានទំនាក់ទំនងគ្នា»។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពី លោក Tim Spector ប្រធានផ្នែករោគសញ្ញាជំងឺកូវីដ១៩ និងជាសាស្ត្រាចារ្យផ្នែករោគឆ្លង នៅសកលវិទ្យាល័យ King's College London បានធ្វើការរិះគន់រដ្ឋាភិបាលដែលមិនបានដាក់រោគបាត់បង់សមត្ថភាពស្រង់ក្លិននេះទៅក្នុងបញ្ចីរោគសញ្ញាជំងឺកូវីដ១៩។
លោក Tim Spector បានធ្វើការព្យាករណ៍ថាករណីអ្នកឆ្លងកូវីដ១៩ ប្រមាណ ៥០ ០០០ ទៅ ៧០ ០០០នាក់ក្នុងប្រទេសអង់គ្លេសមិនបានធ្វើការកំណត់វិនិឆ្ឆ័យរោគសញ្ញាដោយសារតែមិនមានការមិនមានរោគសញ្ញា ដែលរាប់ទាំងរោគសញ្ញាបាត់បង់សមត្ថភាពស្រង់ក្លិនផងដែរ។
ការបាត់បង់សមត្ថភាពស្រង់ក្លិន បានរកឃើញថាជារោគសញ្ញាដ៏សំខាន់មួយរបស់ជំងឺកូវីដ១៩កាលពីខែមីនាកន្លងទៅ ដែលវេជ្ជបណ្ឌិតក្នុងសហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការដាក់បញ្ជូលជារោគសញ្ញាជំងឺកាចសាហាវនេះផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែមីនាកន្លងទៅអ្នកជំនាញផ្នែកសេរីរាង្គវិញ្ញាណក្នុងចក្រភពអង់គ្លេសបានផ្តល់របាយការណ៍ថា ក្នុងប្រទេសកូរ៉េខាងត្បូង ចិន និង អ៊ីតាលី ប្រមាណជា ១ភាគ៣នៃអ្នកជំងឺដែលផ្ទុកកូវីដ១៩ មានអាការៈម្យ៉ាងគឺបាត់បង់ ឃានវិញ្ញាណរបស់ខ្លួន ដែលមានន័យថាពួកគេ បាត់បង់សមត្ថភាពសម្គាល់ក្លិន៕
អត្ថបទទាក់ទង៖
- សូមប្រយត័្ន! អ្នកផ្ទុកជំងឺកូវីដ១៩ ជាច្រើននាក់គ្មានចេញរោគសញ្ញាអ្វីសោះ តែអាចមានរោគសញ្ញាចម្លែកមួយនេះ
- រោគសញ្ញាទាំង ១០ នៃកូវីដ១៩ ដែលអ្នកត្រូវដឹងនិងប្រុងប្រយ័ត្នខ្ពស់
ដោយ៖ លង់ វណ្ណៈ