ផ្លូវល្បឿងលឿន ភ្នំពេញ-ព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ​



ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ប្រមាណជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នឹងគ្រោងបញ្ចប់នាចុងឆ្នាំ២០២២ នេះ ខណៈពេលបច្ចុប្បន្នការស្ថាបនាសម្រេចបាន ២០ភាគរយហើយ គិតត្រឹមខែមេសា ឆ្នាំ២០២០។

នេះយោងតាមគេហទំព័រផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការស្ថាបនាផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបាន២០ភាគរយហើយ និង ដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% ផងដែរ។

ប្រភពដដែល បានបង្ហាញថា ផ្លូវល្បឿនលឿននេះ មានគន្លងផ្លូវ ២ទៅ ២មក ព្រមទាំងមានសួនច្បារនៅចំកណ្តាល និងមានរបងដែកសងខាងផ្លូវ ដើម្បីកុំឲ្យសត្វឆ្លងកាត់ និងមានផ្លូវសំរាប់បើកបរក្នុងល្បឿនចាប់ពី ៨០ គីឡូម៉្រែតក្នុងមួយម៉ោង និង ចាប់ពី១២០ គីឡូម៉្រែតក្នុងមួយម៉ោង ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលមានរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក៕

ដោយ៖ វិរៈ

X
5s