គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ឈានដល់ដំណាក់កាលសម្រិតសម្រាំងប្លង់ និងសិក្សាផលប៉ះពាល់​



គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងឈានទៅដល់ដំណាក់កាលសម្រិតសម្រាំងប្លង់ និងសិក្សាផលប៉ះពាល់របស់ប្រជាពលរដ្ឋ។ 

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់ថាព័ត៌មាន BIZkhmer តាមរយៈប្រព័ន្ធ Telegram ថា៖ «ទាក់ទងជាមួយនឹងគម្រោងស្ពាននេះ យើងកំពុងសិ្ថតដំណាក់សិក្សានៅឡើយទេ ដោយសារតែយើងត្រូវឌីហ្សាញ ក៏ដូចជាការគិតគូរអំពីគំរូប្លង់ ពីរ បី ជម្រើស។ ដើម្បីយើងគិតថា តើជម្រើសមួយណាមានសោភ័ណភាព ជម្រើសមួយណាមានការប្រើប្រាស់ចំណាយឲ្យបានតិចបំផុត និងមូលហេតុផ្សេងៗទៀត។ ចឹងទេ យើងត្រូវរើសនូវជម្រើសនៃគំរូប្លង់ ក្រោមពេលមានឌីហ្សាញ»។

ចំពោះការសិក្សាផលប៉ះពាល់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះបានបន្ថែម ជាសរុបគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះកំពុងស្ថិតនៅដំណាក់កាលសិក្សានៅឡើយទេ។  

គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។

យោងតាមសេចក្ដីសម្រេចរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជាប្រធានក្រុមការងារ និងអភិបាលខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក ១៧ នាក់ផ្សេងទៀត។

អភិបាលរាជធានីភ្នំពេញ បានកំណត់ដោយក្រុមការងារនេះ ចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត៕

អានបន្ត៖ ដំណឹងល្អសម្រាប់អ្នកនៅម្តុំព្រែកប្រានិងច្បារអំពៅមួយចំនួនហើយ បើមានស្ពានកាត់បែបនេះមែន​

ដោយ៖ នូ វិរៈ 

 

X
5s