កម្ពុជាកំពុងពិភាក្សាកិច្ចព្រមព្រៀងផ្លូវអាកាសជាមួយអាមេរិកឲ្យមានជើងហោះហើរត្រង់មកកម្ពុជា​



សហរដ្ឋអាមេរិក ចង់ចូលរួមវិនិយោគ និងលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា តាមរយៈសំណើរសុំ បង្កើតជើងហោះហើរត្រង់មកកម្ពុជានាពេលឆាប់ៗនេះ។  

សំណើនេះ ត្រូវបានលើកយកមកពិភាក្សា កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបរវាង ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយលោក W Patrick Murphy ឯកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជាស្តីអំពីការពង្រឹងកិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិល នាពេលអនាគត ។

គួរជម្រាបជូនថា ចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយសហរដ្ឋអាមេរិច បានជួបពិភាក្សាគ្នាតាំងពីឆ្នាំ ២០១៤ មកម្លេះ។ 

ដោយក្នុងជំនួបនោះ មានចំនុចឯកភាពគ្នាជាច្រើន ក៏បុ៉ន្តែមិនទាន់មានការឯកភាពនៅក្នុងការប្រើប្រាស់ពាក្យនិយមន័យ ទឹកដី និងការស្នើសុំធ្វើសេវាកម្មផ្ទៃដីដោយភាគីអាមេរិចផ្ទាល់ខ្លួនឯង។ 

ក្នុងចំនុចនេះ ឯកឧត្តមរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដីគួរក្រុមហ៊ុនអាមេរិចមកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន BOT ហើយខាងអាកាសចរស៊ីវិលចាំតែជួយសម្របសម្រួលជូន។

ចំពោះគោលបំណងធំដែលប្រទេសអាមេរិកចង់ភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា គឺចង់បំពេញទីផ្សារដែលមាននៅប្រទេស។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ត ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលមកកាន់ Bizkhmer។

អ្នកនាំពាក្យរូបនេះបានថ្លែងប្រាប់ថា ៖ «ចំនួនអ្នកអាមេរិក មកខ្មែរមានចំនួនច្រើន ចឹងទៅគេចង់ហោះត្រង់មកស្រុកខ្មែរនេះយើងហើយ ដើម្បីកុំឲ្យវាខាតថ្លៃចុះចតប្រទេសទីមួួយ ឬទីពីរ នាំមកដល់ស្រុកយើង។‍‌»

យ៉ាងណាមិញ ឯកឧត្ត ជា អូន បានមានប្រសាសន៍បន្ថែមថា កិច្ចព្រមព្រៀងហោះហើរផ្ទាល់ពីអាមេរិមកកម្ពុជា គឺជាផ្នែកមួយលើកកម្ពស់ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ពីអាមេរិក ដើម្បីឲ្យវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។  

ចំពោះដំណើរការនៃការហោះហើរត្រង់នេះ ឯកឧត្តមមិនអាចទាន់កំណត់ថានឹងហោះហើរនៅពេលណានោះទេ ដោយសារយើងត្រូវប្រើប្រាស់ពេលវេលាដោះស្រាយការងារមួយចំនួនមុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវអាកាសនេះ៕

 

 

 

X
5s