កាន់តែធ្ងន់ធ្ងរ៖ កូវីដ១៩ អាចនឹងបង្ខំឲ្យក្មេងស្រី ៤លាននាក់រៀបការទាំងនៅវ័យក្មេង​



ក្មេងស្រីប្រហែល ៤លាននាក់អាចនឹងប្រឈមនឹងការរៀបការនៅវ័យក្មេងក្នុងរយៈពេល២ឆ្នាំខាងមុខ ដោយសារតែជំងឺរាតត្បាតសកលកូវីដ១៩។ នេះបើយោងតាមអង្គការ World Vision កាលថ្ងៃទី១៥ ឧសភាកន្លងទៅ ចុះផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក។

ការធ្លាក់ក្នុងភាពក្រីក្រធ្វើឲ្យបាត់បង់ជីវភាពរស់នៅទំនឹងជានឹងធ្វើឲ្យមនុស្សជាច្រើនគ្រួសារបង្ខំឲ្យកូនស្រីពួកគេរៀបការទាំងវ័យក្មេង។ 

លោកស្រី Erica Hall អ្នកជំនាញរៀបការអាពាពិពាហ៍កុមារ បានប្រាប់ទៅកាន់មូលនិធិ Thomson Reuters Foundation ថា៖ «នៅពេលអ្នកមានវិបត្តិណាមួយដូចជាជម្លោះ គ្រោះធម្មជាតិ ឬជំងឺរាត្បាតណាមួយ អត្រានៃការរៀនការកុមារនឹងមានកើនឡើង»។

លោកស្រី បន្តទៀតថា៖ «ប្រសិនបើអ្នកមិនគិតអំពីរបៀបក្នុងការការពារវានោះទេ នោះវានឹងយឺតពេលហើយ។ យើងមិនអាចរង់ចាំទាល់តែវិបត្តសុខភាពនេះកន្លងទៅបាននោះទេ»។ 

ក្រុមអ្នកបង្កើតយុទ្ធនាការបាននិយាយថាហានិភ័យនៃការកើនឡើងនៃការរៀបការនៅវ័យក្មេងនេះដោយសារតែការបិទសាលា ហើយអង្គការដែលធ្វើការប្រយុទ្ធប្រឆាំងនឹងកុមារពិបាកក្នុងការធ្វើប្រតិបត្តិការណ៍សកម្មភាពរបស់ខ្លួនកំឡុងមានការបិទការដើរហើរក្នុងប្រទេសមួយចំនួននៅពេលនេះ។

ជំងឺរាតត្បាតសកលនេះក៏បង្កឲ្យមានការលំបាកសម្រាប់ក្មេងស្រីក្នុងការទទួលបានសេវាកម្មសុខភាពដែលធ្វើឲ្យមានការកើនឡើងនូវការមានផ្ទៃពោះវ័យក្មេង និងការរងសម្ពាធក្នុងការរៀបការផងដែរ។

ទូទាំងពិភពលោកក្មេងស្រីប្រមាណ ១២លាននាក់រៀនការរៀងរាល់ឆ្នាំមុនអាយុ១៨ឆ្នាំ។ ខាងក្រោមនេះគឺជាប្រទេសដែលមានអត្រានៃការរៀបការវ័យក្មេងច្រើនជាងគេ៖

ប្រភពរូប៖ WEF

ក្នុងរបាយការណ៍ថ្មីមួយកាលពីខែមុនរបស់ អង្គការសហប្រជាជាតិ (UN) បានធ្វើការព្យាករណ៍ថាការផ្ទុះជំងឺកូវីដ១៩នេះអាចនឹងនាំឲ្យក្មេងស្រី១៣លាននាក់ទៀតរៀបការនៅមួយទសវត្សរ៍ខាងមុខនេះ។ 

ជាមួយគ្នានេះដែរ អង្គការ Girls Not Brides ដែលជាដៃគូអង្គការ១៤០០ផ្សេងទៀតដែលធ្វើការលើការរៀបការកុមារវ័យក្មេង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។

លោកស្រី Faith Mwangi-Powell នាយកប្រតិបត្តិអង្គការ Girls Not Brides មានប្រសាសន៍ថា៖ «យើងនឹងឃើញនូវចំនួនដ៏ច្រើននៃការរៀបការនៅវ័យក្មេង។ ភាគច្រើនកើតឡើងក្នុងប្រទេសឥណ្ឌា អាហ្វ្រិក និងអាមេរិកឡាទីន ជាដើម»។ 

លោកស្រីបន្តទៀតថា៖ «ការបិទសាលាគឺជាការព្រួយបារម្ភខ្លាំងជាងគេ ដោយសារសាលាមាននាទីការពារក្មេងស្រី។ ដូចនេះនៅពេលសាលាទាំងអស់បិទ ហានិភ័យនៃការរៀបការនឹងកើនឡើង។ ហើយក្រោយជំងឺកូវីដក៏ដោយ កុមារស្រីភាគច្រើននឹងមិនអាចត្រលប់ទៅសាលារៀនបាននោះទេ ដែលនេះជារឿងគួរឲ្យភ័យខ្លាច។ ប៉ុន្តែយើងត្រូវតែធានាថាពួកគេអាចទទួលបានការអប់រំដូចមុន»។

គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩ដែលកំពុងរាតត្បាតទូទាំងពិភពលោក មិនត្រឹមតែបង្កឲ្យសេដ្ឋកិច្ចប្រទេសជាជាប់គាំង ការអត់ការងារធ្វើ ការពន្យាកម្មវិធីវ៉ាក់សាំងកុមារ ការផ្អាក់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងបញ្ហាជាច្រើនជំពូកទៀត៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ WEF

X
5s