ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-19ថ្មី 1នាក់ទៀតហើយដែលជាស្រ្តីទើបត្រឡប់មកពីសហរដ្ឋអាមេរិក​



គិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបាលបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-19ថ្មី ១នាក់ទៀតហើយដែលជាស្រ្តីទើបត្រឡប់ពីសហ​រដ្ឋអាមេរិក។ 

នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ នេះ។

ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាយុ ៣៩ ឆ្នាំរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជាអ្នកដំណើរដើរបានធ្វើត្រឡប់មកពី សហរដ្ឋអាមេរិកឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េនិងបានមកដល់កម្ពុជាតាំងពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០។ 

តាមព័ត៌មានដែលផ្ដល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិចតាំងពីខែកុម្ភៈឆ្នាំ ២០២០ រួចបានបន្តនៅទីនោះមួយរយៈដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់វិញមិនបាន។

ខណៈពេលមកដល់ប្រទេសកម្ពុជា ស្រ្តីរូបនោះបានធ្វើការតាមដានសុខភាពដោយការរស់នៅដាច់ដោយឡែកខ្លួនឯង ហើយក៏បានទៅពិនិត្យសុខភាពដោយធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី ១២  ខែឧសភា ឆ្នាំ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាន។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបានណែនាំឱ្យគាត់បន្តធ្វើចត្តាឡីស័ក ឲ្យគ្រប់ ១៤ ថ្ងៃរហូតដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០។ ក៏ប៉ុន្តែ អាការៈរបស់ស្រ្តីនោះមិនមានភាពធូរស្រាលហើយនៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅវិភាគសារជាថ្មីម្ដងទៀតដែលទទួលបាននូវលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩។

បច្ចុប្បន្នស្ត្រីរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនេះរួចទៅហើយ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នអ្នកមានវីរុសកូវីដ ១៩ មានចំនួនសរុប ១២៤ នាក់ស្រី ៣៩នាក់បុរស ៤៥នាក់ ជាសះស្បើយ ១២២នាក់ ហើយអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួនពីរនាក់ ស្ត្រី ១ នាក់ និងបុរស ១នាក់៕

ដោយ៖ វិរៈ

 

X
5s