ហេតុអ្វីបានជានារីឆ្លាត ពូកែ និងរឹងមាំតែងស្រលាញ់ប៉ះចំមនុស្សប្រុសមិនល្អ?
នៅក្នុងសង្គមបច្ចុប្បន្នមានមនុស្សស្រីមិនតិចទេដែរត្រូវផុងខ្លួនធ្លាក់ចូលក្នុងអន្ទាក់ស្នេហាដ៏ខ្មៅងងឹតមិនសមប្រកបដូចបំណង។ នារីខ្លះមើលទៅជាមនុស្សស្រីពូកែដែរ រឹងមាំខ្លាំង ឆ្លាតក៏ឆ្លាត ចរិតល្អ មិនចូលចិត្តស្នេហា ឬមិនងាយទទួលការស្រលាញ់ ហើយក៏មិនងាយទុកចិត្តបុរសណាម្នាក់នោះដែរ។ ក៏ប៉ុន្តែហេតុអ្វីបានជាមនុស្សស្រីទាំងនេះ អាចធ្លាក់ខ្លួនមកជួបមនុស្សប្រុសមិនល្អបែបនេះទៅវិញ?
ជាការពិត បើយោងតាមការស្រាវជ្រាវនានាបានឲ្យដឹងថា ប្រភេទនារីបែបនេះជារឿយៗទំនងលង់ស្រលាញ់ខ្លាំងទៅនឹងមនុស្សប្រុសប្រភេទនេះជាងនារីប្រភេទផ្សេងៗទៀត។ គេអាចនិយាយបានម្យ៉ាងទៀតថា នារីដែលមិនដែលរំពឹងថា ខ្លួននឹងភ្លាត់ស្នៀតមកលង់ស្រលាញ់មនុស្សប្រុសបែបនេះ ច្រើនតែស្រលាញ់មនុស្សប្រុសបែបនេះយ៉ាងងងឹតងងល់បំផុត។
ហេតុដូច្នេះហើយហេតុ អ្វីបានជានារីដែលមានឆាកជីវិតស្ទើរតែល្អគ្រប់យ៉ាងបែរជាមកអន់រឿងស្នេហាទៅវិញ? ចម្លើយវាមានភាពស្មុគស្មាញជាងអ្វីដែលអ្នកគិតទៅទៀត ហើយនៅទីបំផុត វានៅតែមិនមានវិធីណាមួយអាចជួយដល់នារីទាំងនោះឲ្យការពារខ្លួនមិនឲ្យធ្លាក់ចូលក្នុងអន្ទាក់មនុស្សប្រុសមិនល្អដដែល។
១.នារីដែលរឹងមាំ ផ្ដោតខ្លាំងលើការងារជាងស្នេហា
នារីរឹងមាំជោគជ័យ ពីព្រោះតែពួកគេទាំងនោះផ្តោតយកចិត្តទុកដាក់ខ្លាំងលើការងារ។ ពួកគេយល់ថា ការប្ដេជ្ញាចិត្តរបស់ពួកគេខ្លាំងលើការងារ នឹងធ្វើឲ្យពួកគេទទួលបានរង្វាន់ជោគជ័យត្រឡប់មកវិញ ហើយពួកគេបន្តប្រកាន់ជំហរនេះដោយយល់ថា នៅក្នុងទំនាក់ទំនងស្នេហាក៏ដូចគ្នាដែរ បើខ្លួនប្ដេជ្ញាចិត្តកាន់តែខ្លាំង ពួកគេនឹងជោគជ័យក្នុងជីវិតគូដែរ។ ការយកការប្តេជ្ញាចិត្តរបស់ពួកគេទៅធ្វើរឿងផ្សេងទៀតនេះហើយដែលជាមូលហេតុដែលធ្វើឲ្យជីវិតស្នេហារបស់ខ្លួនខុសពីការប្តេជ្ញាចិត្តនៅក្នុងជីវិតការងារ។
អ្នកស្រីចិត្តវិទូ និងជាគ្រូបង្វឹកផ្នត់គំនិត Perpetua Neo បានលើកឡើងដូច្នេះថា៖ «ជាទូទៅ អ្នកចម្លងការស្វែងយល់ដូចគ្នានេះដោយគ្មានការថ្លឹងថ្លែងឲ្យបានវែងឆ្ងាយ។ អ្នកគិតថា បើអ្នកប្រឹងប្រែងកាន់តែខ្លាំងក្នុងទំនាក់ទំនងស្នេហា ជីវិតគូរបស់អ្នកនឹងល្អប្រសើរ។ បើអ្នកព្យាយាមផ្គាប់ចិត្តបុរសនោះ វានឹងកាន់តែពិបាកសម្រាប់អ្នក ពីព្រោះប្រៀបដូចជាអ្នកដាក់បន្ទុកឲ្យខ្លួនឯងដោយការព្យាយាមស្វែងយល់ ពីអ្វីដែលមិត្តប្រុសរបស់អ្នកកំពុងធ្វើ»។
គេអាចនិយាយបានម្យ៉ាងទៀតថា នារីដែលរឹងមាំ ហើយឆ្លាត មានទំនោរចូលចិត្តលះបង់ និងផ្ដល់ឲ្យទៅអ្នកដទៃម្ដងហើយម្ដងទៀត ច្រើនជាងនារីប្រភេទផ្សេងទៀត។
២.សូមចាំថា បុរសមិនល្អតែងតែដាក់គោលដៅចង់បាននារីល្អៗ និងរឹងមាំ
នារីរឹងមាំ និងជោគជ័យ មិនមែនជានារីដែលទន់ខ្សោយទេ។ ក៏ប៉ុន្តែពួកគេគឺជាគោលដៅធំរបស់បុរសមិនល្អ ហើយនារីប្រភេទនេះមានចំណុចខ្សោយក្នុងការរៀនអង្កេតមើលមនុស្សប្រុសប្រភេទ។
«វាជារឿងទូទៅទៅហើយដែលមានការយល់ច្រឡំថា មនុស្សប្រុសប្រភេទនេះនឹងស្រលាញ់ប៉ះចំមនុស្សស្រីមិនល្អ ឬ ទន់ជ្រាយ។ ការពិតវាមិនអញ្ចឹងទេ! ក្រុមបុរសដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនទាំងនេះ ចង់បាននារីរឹងមាំម្នាក់ដែលអាចផ្តល់អ្វីគ្រប់យ៉ាងឲ្យពួកគេបានច្រើន»។ នេះជាការយល់ឃើញរបស់លោកស្រី Bobbi Palmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Date Like a Grownup។
ហេតុអ្វីបានជាបុរសប្រភេទនេះចង់បានរីបែបនេះ? លោកស្រី Palmer បញ្ជាក់ថា នេះក៏ព្រោះតែក្រុមបុរសទាំងនេះចង់បានអ្នកដែលអាចជួយជ្រោមជ្រែងចំណុចខ្វះខាតរបស់ពួកគេ។ ពួកគេចង់បាននារី ដែលរឹងមាំដើម្បីមើលថែពួកគេ។ ពួកគេចង់បាននារីដែលឆ្លាតជាងខ្លួនដើម្បីធ្វើឲ្យខ្លួនកាន់តែឆ្លាត។ ពួកគេក៏ចង់បាននារីដែលមានសមត្ថភាព ពីព្រោះតែពួកគេយល់ថា នារីបែបនេះនឹងចេះមើលថែខ្លួនឯង និងអាចបំពេញតម្រូវការរបស់នាងដោយខ្លួនឯងបានដោយគ្មានវត្តមានការជួយជ្រោមជ្រែង និងផ្គត់ផ្គង់តម្រូវការរបស់នាងពីពួកគេ។
តើនារីប្រភេទ នេះទទួលបានអ្វីត្រឡប់មកវិញពីបុរសទាំងនោះ? មនុស្សប្រុសប្រភេទនេះនឹងប្រើវិធីចែចូវ លួងលោម និងប្រើមន្តស្នេហ៍ដ៏ប៉ិនប្រសព្វរបស់ពួកគេមកទាក់ទាញអ្នក។ ពួកគេចេះកំប្លុកកំប្លែង រោះរាយរាក់ទាក់ និង ប្រើវោហារសាស្ត្រប្រកបដោយមន្តស្នេហ៍ធ្វើឲ្យអ្នកទន់ចិត្ត។ ពួកគេធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សសំខាន់របស់គាត់ហើយ។ បន្ទាប់មកអ្នកនឹងមានអារម្មណ៍កាន់តែកក់ក្ដៅហោះហើរគ្មានអ្វីប្រៀបបាន។ យ៉ាងណាក៏ដោយ អារម្មណ៍ទាំងនេះវាកើតមានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ។ ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យមនុស្សស្រីល្អៗស្រលាញ់ប៉ះចំតែមនុស្សប្រុសមិនល្អ ឬប្រុសសាវានោះ៕
ដោយ៖ ខេវិន
ប្រភព៖ Businessinsider