រដ្ឋាភិបាលដាក់ចេញវិធានការ ៥ ចំណុចជួយដល់វិស័យឯកជនដែលរងផលប៉ះពាល់ដោយសារកូវីដ​



រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានដាក់ចេញនូវវិធានការជុំទី ៤ ដែលជាវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និង កម្មករ-និយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ។ 

នៅក្នុងប្រធានការជុំទី ៤ នេះ ធ្វើឡើងក្នុងគោលដៅធានាលំនឹងនៃសេដ្ឋកិច្ចនិងសង្គម ពិសេសរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសឲ្យអាចបន្តអាជីវកម្មឆ្លងផុតពីវិបត្តិនៃជំងឺកូវីដ ១៩។ តាមរយៈវិធានការជុំទី ៤ នេះដែរ រាជរដ្ឋាភិបាលដាក់ចេញដើម្បីកាត់បន្ថយប្រព័ន្ធនានាដែលអាជីវកម្ម ធុរកិច្ចក្នុងវិស័យសំខាន់សំខាន់កំពុងជួបប្រឈម ហើយមានការបែងចែកជា ២ សមាសភាពធំៗគឺ ទី១ ការបន្តសុពលភាពនៃវិធានការមួយចំនួនដែលរដ្ឋាភិបាលបានដាក់ចេញកន្លងមក និងទី២ ការដាក់ចេញនូវវិធានការថ្មីបន្ថែម។ ជាមួយគ្នានេះវិធានការជុំទី ៤ ក៏បានគិតគូរដល់ការបង្កើតនូវការជួយរួមចំណែកបន្ធូរបន្ទុក នៃការរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រតាមរយៈកម្មវិធីជំនួយសង្គម (Social Assistance) ផងដែរ។

៥ ចំណុច នៃវិធានការជុំទី ៤ របស់រាជរដ្ឋាភិបាលមានដូចជា៖

១) វិធានការជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករនិយោជិត

២) វិធានការផ្ដល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម

៣) ការបង្កើតហិរញ្ញប្បទានបន្ថែមដើម្បីស្តារ និងជំរុញកំណើនក្រោយវិបត្តិនៃជំងឺកូវីដ ១៩

៤) វិធានការជំនួយសង្គម

៥) ការដាក់ឱ្យអនុវត្តណាចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិច

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋាភិបាលដែលបន្តតាមដានយ៉ាងខ្ជាប់ខ្ជួននូវសកម្មភាពនូវសភាពការណ៍ផលប៉ះពាល់ពីជំងឺកូវីដ ១៩ លើសេដ្ឋកិច្ចនិងសង្គមជាតិ នឹងត្រៀមជាស្រេចក្នុងការដាក់ចេញវិធានការបន្ថែមទៀត ដើម្បីផ្ដល់នូវការជួយគាំទ្រសមស្របនិងតាមការចាំបាច់ដល់ក្រុមហ៊ុនអាជីវកម្ម កម្មករនិយោជិត និងក្រុមប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕

 

X
5s