ត្រឹមរយៈពេល៩ថ្ងៃ ក្រុងវ៉ូហានធ្វើតេស្តប្រមូលសំណាកប្រជាជនបាន ៩លាននាក់
មិនដល់រយៈពេល ២សប្ដាហ៍ផង ទីក្រុងវ៉ូហានបានធ្វើការប្រមូលសំណាកប្រមាណចំនួន ៩ លាន និងបានធ្វើការធ្វើតេស្តលើប្រជាជន ៦,៥ លាននាក់ដើម្បីរកជំងឺកូវីដ ១៩ ក្នុងយុទ្ធនាការណ៍ការបោសសម្អាតវីរុសកូរ៉ូណាក្នុងទីក្រុង។ នេះបើយោងតាមការចុះផ្សាយដោយ Business Insider។
កាលពីថ្ងៃទី១១ ឧសភាកន្លងទៅ ទីក្រុងមួយនេះបានប្រកាសអំពីយុទ្ធនាការណ៍ធ្វើតេស្តក្នុងទីក្រុងទាំងមូលដែលមានគោលបំណងផ្ដល់ជូនប្រជាជន ១១លាននាក់ក្នុងក្រុងនេះក្នុងការធ្វើតេស្តជំងឺកូវីដ១៩ដោយឥតគិតថ្លៃ។
លោក Wu Zunyou ប្រធានផ្នែកជំងឺឆ្លងបានមានប្រសាសន៍ក្នុងសេចក្ដីប្រកាសមួយថា៖ «នឹងមិនមានការផ្ទុះឡើងវិញនោះទេ។ យើងនឹងមិនអនុញ្ញាតិឲ្យមានករណីកើតឡើងក្នុងកន្លែងផ្សេងៗដែលបង្កឲ្យមានការឆ្លងទ្រង់ទ្រាយធំជាដាច់ខាត»។
ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឲ្យដឹងថាក្នុងថ្ងៃសុក្រតែឯង ទីក្រុងវ៉ូហានបានធ្វើតេស្តចំនួន ១,៤៧ លាននាក់ ខណៈអាមេរិកមានតែចំនួន ៤១៦ ១៨៣ តេស្តប៉ុណ្ណោះក្នុងមួយថ្ងៃ បើយោងតាមសកលវិទ្យាល័យចនហបឃិន (Johns Hopkins University)។
រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានធ្វើតេស្តរកជំងឺកូវីដ១៩តែ ១៤ ១៣១ ២៧៧ ករណីប៉ុណ្ណោះចាប់តាំងពីមានការផ្ទះជំងឺនេះលើកដំបូងមក យោងតាមទិន្នន័យចុងក្រោយរបស់មជ្ឈមណ្ឌលការពារនិងបង្ការជំងឺឆ្លងអាមេរិក (US Centers for Disease Control and Prevention)។
ក្នុងទីក្រុងវ៉ូហាន អាជ្ញាធរបានរៀបចំស្ដង់ដើម្បីធ្វើតេស្តជាច្រើនកន្លែងនៅក្នុងទីក្រុងដែលមានប្រជាជនជាច្រើននាក់ពាក់ម៉ាស់ឈរតម្រង់ជួរដើម្បីធ្វើតេស្ដ។ កាលពីថ្ងៃសៅរិ៍កន្លងទៅ អជ្ញាធរបានបន្ថែមស្ដង់ចំនួន ២៣១បន្ថែមទៀតសម្រាប់ប្រជាជនដែលមិនទាន់បានធ្វើតេស្ត នេះបើយោងតាមកាសែត Changjiang Daily របស់គណៈបក្សកុម្មុនីសចិន។
លើសពីនេះទៀត ក្រុមការងារគ្រូពេទ្យបានធ្វើការធ្វើតេស្តតាមផ្ទះផងដែរសម្រាប់ប្រជាជនចាសជរា ជនពិការជាដើមដើម្បីយកសំណាកទៅពិនិត្យ៕
ដោយ៖ លង់ វណ្ណៈ