COVID-19៖ ហេតុ​ផល​ទាំង​នេះ​បណ្ដាល​ឲ្យប្រទេសអ្នកមានមានអ្នកស្លាប់ច្រើន តែអាស៊ីអាចទប់ស្កាត់បានល្អ​



បញ្ហាកូវីដ ១៩ នៅតែជាចំណងរឹតដ៏តឹងតែងសម្រាប់បណ្ដាប្រទេសជាច្រើនលើពិភពលោក ជាពិសេសគេសង្កេតឃើញថាប្រទេសអ្នកមានបានក្លាយជាអ្នកដែលទទួលរងដល់អាក្រក់បំផុតលើករណីស្លាប់ដោយសារជំងឺមួយនេះ។

វាបានធ្វើឲ្យវេជ្ជបណ្ឌិត ដឹងគិលានុបដ្ឋាយិកាទាំងអស់ទទួលរងផលលំបាក ព្រោះតែការឆ្លងកាត់តែបន្តកើនដែលបណ្ដាលឱ្យស្លាប់ក៏មិនតកាន់ដែលគ្នានៅក្នុងប្រទេសអ្នកមានទាំងអស់គ្នា។ យោងតាមការអោយដឹងពីសារពត៌មានបរទេសដូចជានៅសហរដ្ឋអាមេរិក អ៊ីតាលីជាដើមបានជួបនូវបញ្ហាផ្លូវចិត្ត ហើយមួយចំនួនបានដាក់ពាក្យលាឈប់ពីការងារនេះព្រោះគេមិនអាចបន្តឈរមើលអ្នកស្លាប់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបានទេ។ 

អ្វីដែលកាន់តែអាក្រក់ដូចជានៅអ៊ីតាលីជាគម្រូស្រាប់ សាកសពត្រូវបានដាក់នៅក្នុងរណ្ដៅគរបន្តពីលើគ្នា រីឯផ្នូរកប់សាកសពត្រូវបានជីកបន្តរហូតជារៀងរាល់ថ្ងៃ។ ថ្មីៗនេះប្រេស៊ីល និងរុស្សីបាននិងកំពុងដឹកដៃគ្នាដើរឡើងទៅកំពូលតារាងជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេលើពិភពលោក។ តែប្រេស៊ីលបានក្លាយជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេលំដាប់ទី ២ លើពិភពលោកក្នុងនោះដែរអ្នកស្លាប់ក្នុងមួយថ្ងៃមិនក្រោម ១ ពាន់នាក់នោះឡើយច្រើនជាងរុស្សី។ អង្គការសុខភាពពិភពលោករួមទាំងស្ថាប័នមួយចំនួនទៀតកំពុងមានការព្រួយបារម្ភខ្លាំងទៅលើករណីរបស់ប្រទេសប្រេស៊ីលក្នុងពេលនេះ។ 

អង្គការសុខភាពពិភពលោក នៅតែបន្តប្រកាសថាមិនទាន់មានឱសថដើម្បីព្យាបាលជំងឺមួយនេះនៅឡើយទេ។ ចំណែកវ៉ាក់សាំងដែលប្រទេសមួយចំនួនកំពុងតែបន្តផលិតគាត់ស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ វាត្រូវការពេលវេលាដើម្បីរង់ចាំក្នុងការពិសោធន៍ទៅលើលទ្ធផលជាក់ស្តែងនៃប្រសិទ្ធភាពវ៉ាក់សាំង។

១) ហេតុអ្វីប្រទេសអ្នកមានមានអ្នកឆ្លងច្រើន?

គ្មានហេតុផលដើម្បីពន្យល់ឲ្យបានជាក់លាក់នោះទេ ហើយក៏មិនអាចរកចម្លើយដើម្បីឆ្លើយសំណួរនេះបានដែរ។ តែអ្វីដែលគេអាចឆ្លើយបាននៅពេលនេះ គឺការឆ្លើយតបយឺតយ៉ាវទៅនឹងការទប់ស្កាត់ កង្វះឧបករណ៍វេជ្ជសាស្ត្រ រួមទាំងការធ្វេសប្រហែសនូវការការពារខ្លួន។

ប្រទេសអ្នកមាន ហើយត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រព័ន្ធសុខាភិបាលរឹងមាំនិងរីកចម្រើន សហរដ្ឋអាមេរិច អង់គ្លេស អ៊ីតាលី បារាំង អេស្ប៉ាញ ប្រែក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ជាងគេលើពិភពលោក។ 

លើកលែងអូស្រ្តាលីប៉ុណ្ណោះ អ្នកត្រូវបានគេចាត់ទុកថាជាប្រទេសអ្នកមានមួយដែលមានភាពជោគជ័យខ្លាំងនៅការទប់ស្កាត់កូវីដ ១៩ បើគិតមកត្រឹមពេលនេះច្រើនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ មានត្រឹមតែ ៦៤៥នាក់ ស្មើប្រមាណ ៣.៨% ប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លងសរុប ១៦ ៥៩១ នាក់។ យោងតាមសាស្រ្តាចារ្យ Tony Blakely អ្នកជំនាញផ្នែករោគរាតត្បាតនិងជំនាញសុខភាពសាធារណៈនៃសាកលវិទ្យាល័យមែលប៊នបានឱ្យដឹងថា ការដែលអូស្រ្តាលីអាចទទួលបានលទ្ធផលបែបនេះក៏ព្រោះពួកគេបានធ្វើចំណាត់ការទាន់ពេល ទោះបីជាចំនួនអ្នកឆ្លងមានជាង ១ម៉ឺននាក់តែពួកគេអាចទប់ស្កាត់មិនឲ្យមានអ្នកស្លាប់ច្រើនតាមរយៈការធ្វើគម្លាតសង្គម និងគម្លាតបុគ្គល។

ដោយឡែក ក្រុមប្រឹក្សាអ្នកជំនាញកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោកនៃអង្គការសុខភាពពិភពលោកស្រីវេជ្ជបណ្ឌិត Mary-Louise McLaws បាននិយាយថាអាយុគឺជាកត្តាដ៏ធំមួយដែលនាំឲ្យមានអ្នកស្លាប់ច្រើន។ លោកស្រីបានប្រាប់ទៅកាន់សារព័ត៌មាន ABC ថា នៅអ៊ីតាលីអត្រាអ្នកស្លាប់ ៩០%ជាមនុស្សវ័យចំណាស់ ភាគច្រើនអាយុលើស ៦៥ឆ្នាំ ហើយពួកគេក៏ត្រូវបានរកឃើញថាជាអ្នកដែលជកបារីផងដែរ។ ចំពោះបញ្ហានេះ អង្គការសុខភាពពិភពលោកបានចេញសេចក្តីប្រកាសមួយចំពោះអ្នកជក់បារីថា ជាអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ១៩ និងប្រឈមជាមួយអត្រាមរណៈខ្ពស់ដូចគ្នា។ 

២) ផលប៉ះពាល់នៃការធ្វើដំណើរ

គេសង្កេតឃើញថាប្រទេសដែលរងគ្រោះខ្លាំង បណ្ដាលឲ្យមានអ្នកស្លាប់ច្រើនគេបណ្ដាំប្រទេសមួយចំនួនដែលបន្តបើកឱ្យមានការចេញចូលឆ្លងកាត់ប្រទេសមួយទៅប្រទេសមួយ ជាពិសេសសកម្មភាពដ៏មមាញឹកនៅព្រលានយន្តហោះជាមូលហេតុចម្លងធំបំផុត។ គេសង្កេតឃើញថាប្រជាជននៅក្នុងប្រទេសអ្នកមាននៅតែបន្តធ្វើដំណើរឆ្លងកាត់ប្រទេស (អន្តរជាតិ) បើការធ្វើដំណើរទាំងនោះអាចជាការកំសាន្ត និងការធ្វើទំនាក់ទំនងពាណិជ្ជកម្ម រួមជាមួយការរឹតត្បិតមិនបានអនុវត្តត្រឹមត្រូវតាមការណែនាំ នេះបណ្ដាលឲ្យការរីករាលដាលកាន់តែបន្តកើតមានឡើង។

សាស្ត្រាចារ្យ Jodie McVernonប្រធានផ្នែករោគរាតត្បាតរបស់វិទ្យាស្ថាន Doherty ក៏បាននិយាយផងដែរថា ប្រទេសអូស្ត្រាលី និងញូវហ្សីលែនបានអនុវត្តការបិទប្រទេស ក្រោយពេលដែលពួកគេបានរកឃើញប៉ុន្មានករណីវិជ្ជមាននៅក្នុងប្រទេសរបស់គេ ហើយមិនអនុញ្ញាតឲ្យជនបរទេសចូលក្នុងប្រទេសរបស់គេទេ។ នេះវាបានបង្ហាញពីភាពខុសគ្នារវាងចំណាត់ការរបស់អូស្រ្តាលី និងសហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបដែលជួបបញ្ហាខ្លាំងក្នុងការគ្រប់គ្រងការនាំចូល និងការចម្លងកូវីដ ១៩។ 

៣) សំណួរសួរថា ហេតុអ្វីបណ្ដាប្រទេសនៅអាស៊ីអាចធ្វើបេសកកម្មទប់ស្កាត់មួយនេះបានល្អ? 

បើនិយាយពីប្រព័ន្ធសុខាភិបាលនៅតាមបណ្ដាប្រទេសនៅតំបន់អាស៊ី វាអាចនឹងរងផលប៉ះពាល់និងមានភាពគួរឲ្យព្រួយបារម្ភច្រើន ដោយសារមានប្រទេសមិនច្រើនទេដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ អង្គការសុខភាពពិភពលោកក៏ធ្លាប់បានប្រកាសផងដែរ ឲ្យមានការប្រុងប្រយ័ត្ននៅក្នុងបណ្ដាប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ប្រទេសទាំងនោះមានហានិភ័យខ្ពស់ក្នុងការធ្វើទទួលរងកូវីដ ១៩។ 

វេជ្ជបណ្ឌិត Abrar Chughtai អ្នកជំនាញខាងរោគសាស្ត្រនៃសាលាសុខភាពសាធារណៈនិងវេជ្ជសាស្ត្រសហគមន៍នៅ UNSW ក្នុងទីក្រុងស៊ីដនីបានលើជាយោបល់ថា ចំនួនករណីនៃការបណ្តុះវីរុសកាន់តែទាប អាចធ្វើឲ្យការគ្រប់គ្រងស្ថានការណ៍បានកាន់តែប្រសើរ ពោលគឺនៅពេលដែលប្រទេសមួយធ្វើការគ្រប់គ្រងការរចម្លង ការរីករាលដាលបានត្រឹមត្រូវ និងទាន់ពេល មានន័យថាវាផ្តល់លទ្ធភាពឲ្យប្រទេសនោះទប់ស្កាត់អត្រាកើនឡើងនៃអ្នកឆ្លង និងស្លាប់បានល្អ។

តែតាមបទពិសោធន៍ដែលប្រទេសអាស៊ីមួយចំនួនទទួលបានលើការទប់ស្កាត់នេះ ការបិទប្រទេសឬតំបន់ជាកត្តាចាំបាច់បំផុតក្នុងការទប់ស្កាត់ករណីនាំចូល។ ការដាក់ចេញនូវវិធានការទប់ស្កាត់របស់អាជ្ញាធរសុខាភិបាលនៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ី ការបន្តយកចិត្តទុកដាក់តាមដាននៅករណីឆ្លង ការកំណត់ឱ្យធ្វើគម្លាតសុវត្ថិភាពសង្គម (social distancing) និងគម្លាតបុគ្គល (physical distancing) និងការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់បំផុតដែលនាំប្រទេសនៅតំបន់អាស៊ីធ្វើបានជោគជ័យ ដែលមានភាពល្អប្រសើរដោយការប្រើស្កាត់ការឆ្លងរាលដាលនេះ។ ប្រទេសចិន ទីក្រុងវូហាន គឺជាកន្លែងដើមកំណើតនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺមួយនេះ ហើយមួយរយៈពេលមុនដំបូងដែលចិនទទួលរងផលប៉ះពាល់ធំបំផុតនៅចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ វិធានការចំពោះមុខដែលចិនបានអនុវត្ត គឺការបិទទីក្រុងវូហាន ហើយតម្រូវឲ្យមានការអនុវត្តតាមវិធានការដែលបានដាក់ចេញដោយអាជ្ញាធរសុខាភិបាល។ ជាលទ្ធផលចិនពិតជាអាចគ្រប់គ្រងការឆ្លងរាលដាល និងស្លាប់បានពិតមែន៕

ដោយ៖ យ៉ាយ៉ា

X
5s