Boeing កាន់តែអាប់អួរកាត់បន្ថយបុគ្គលិកជាង ៦ពាន់នាក់ បន្ថែមទៀត
ក្រុមហ៊ុនប៉ូអ៊ិង (Boeing) នឹងផ្អាកការងារបុគ្គលិកប្រមាណ ៦ ០០០នាក់ក្នុងសប្ដាហ៍នេះ ដើម្បីកាត់បន្ថយការចំណាយរបស់ខ្លួន ខណៈជំងឺកូវីដ១៩កំពុងបន្តវាយប្រហារឧស្សាហកម្មអាកាសចរណ៍និងឧស្សាហកម្មផលិតយន្តហោះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។
លោក Dave Calhoun នាយកប្រតិបត្តិក្រុមហ៊ុនប៉ូអ៊ិង បានសរសេរក្នុងលិខិតមួយផ្ញើរជូនបុគ្គលិក ថា «បន្ទាប់ពីមានការប្រកាសកាត់បន្ថយកម្លាំងពលកម្មកាលពីខែមុន យើងបានដាក់បញ្ចូលនូវកម្មវិធីផ្អាកការងារដោយស្ម័គ្រចិត្ត។ ឥលូវនេះយើងបានឈានមកដល់ចំណុចអាក្រក់មួយដែលត្រូវកាត់បន្ថយបុគ្គលិកដោយអត្តនោម័តិ។ យើងកំពុងធ្វើការកាត់បន្ថយបុគ្គលិកចំនួន ៦ ៧៧០នាក់ នៃសមាជិករបស់យើងក្នុងសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ»។
លោក Dave បានបន្តទៀតថា បុគ្គលិករាប់ពាន់នាក់ទៀតនឹងត្រូវកាត់បន្ថយក្នុងពេល២ ទៅ៣ខែខាងមុខ និងបុគ្គលិកចំនួន ៥ ៥២០ នាក់ត្រូវប្រកាសឲ្យមានឈប់សម្រាកដោយស្ម័គ្រចិត្ត។
វីរុសកូរ៉ូណាបានធ្វើឲ្យពិភពលោកក្រឡាប់ច័ក្រ ប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះបាត់បង់ប្រាក់ចំណូល ហើយប៉ះពាល់ទៅដល់តម្រូវការយន្តហោះផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនប៉ូអ៊ិងបានចេញក្នុងរបាយការណ៍ឆ្នាំ២០១៩ថាបុគ្គលិករបស់ខ្លួនសរុបជាង ១៦០ ០០០នាក់៕
ដោយ៖ លង់ វណ្ណៈ