មិនមែនលេងសើចទេ! ប្រហែល ៥ឆ្នាំទើបអាចស្តារវិស័យអាកាសចរណ៍ពិភពលោកឡើងវិញបន្ទាប់ពីកូវីដ​



ក្រុមហ៊ុនសាជីវកម្មដែលផលិតយន្តហោះធំជាងគេគឺ Airbus បានព្រមានថាឧស្សាហកម្មទេសចរណ៍អាចនឹងត្រូវការពេលប្រហែល ៥ឆ្នាំទើបអាចស្តារឲ្យវិស័យមួយនេះវិលត្រលប់មកសភាពធម្មតាវិញ ដូចមុនពេលមានការឆ្លងរាលដាលវីរុសកូវីដ ១៩។ 

តាមការចុះផ្សាយពីសារព័ត៌មានមួយចំនួនកាលពីចុងខែមេសាកន្លងទៅ ក្រុមហ៊ុន British Airway បានធ្វើការកាត់បន្ថយការងារអស់ ១២ ០០០កន្លែងដើម្បីរក្សាបានដង្ហើមដកបន្តទៀតសម្រាប់អាជីវកម្មរបស់ខ្លួន បន្ទាប់ពីកូវីដ ១៩ ស្ទើរសម្លាប់វិស័យអាកាសចរណ៍ពិភពលោក។ នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury បានព្រមានថាវាអាចចំណាយពេលពី ៣ ទៅ ៥ ឆ្នាំទើបអាចឲ្យអ្វីៗវិលត្រលប់មកវិញហើយទំនុកចិត្តរបស់អ្នកដំណើរលើផ្នែកអាកាសចរណ៍អាចមានដូចពេលមុនវិញ។ លោក Faury បានបន្តថា «យើងកំពុងស្ថិតនៅក្នុងវិបត្តិឧស្សាហកម្មមួយដែលមិនធ្លាប់មានពីមុនមក»។ ការរាតត្បាតនៃកូវីដ ១៩ បានបំផ្លាញទាំងចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ និងចំណូលរបស់អតិថិជន (អ្នកធ្វើដំណើរ)។

លោក Brian Strutton អគ្គលេខាធិការនៃសមាគមអ្នកបើកយន្តហោះអាកាសចរណ៍អង់គ្លេស (Balpa) បានប្រាប់ទៅ BBC ថាការកាត់បន្ថយការងាររបស់បុគ្គលិកនេះធ្វើឡើងដោយគ្មានការរំពឹងទុកទេ តែដោយសារតែភាពមិនច្បាស់លាស់ជុំវិញអនាគតនៃវិស័យអាកាសចរណ៍ ដែលកើតឡើងដោយសារការរាតត្បាតយ៉ាងខ្លាំងពីកូវីដ។ 

គិតត្រឹមរយៈពេល ៣ ខែដើមឆ្នាំ ២០២០ នេះក្រុមហ៊ុន Airbus បានខកខានការផ្គត់ផ្គង់យន្តហោះទៅដល់អតិថិជនខ្លួនច្រើនជាង ៦០គ្រឿងដោយសារការរឹតបន្តឹងចត្តាឡីស័ក្ក ហើយវាបានបង្កជាសម្ពាធហិរញ្ញវត្ថុយ់ាងខ្លាំង។ ប្រាក់ចំណេញរបស់ Airbus បានធ្លាក់ចុះ ៤៩% នៅក្នុងត្រីមាសដំបូងក្នុងឆ្នាំនេះស្មើប្រមាណ ២៨១លានអឺរ៉ូ ខណៈចំណូលសរុបធ្លាក់ចុះពី ២ពាន់លាន ទៅ ១០,៦ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនផលិតនៅទូទាំងពិភពលោកដែលមានបុគ្គលិកប្រមាណ ១៣៥.០០០នាក់ កំពុងពិចារណាកាត់បន្ថយការងារដើម្បីកាត់បន្ថយចំណាយ។ 

ជាមួយគ្នានេះដែរ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ប៉ាន់ស្មានថា ឧស្សាហកម្មអាកាសចរណ៍ពិភពលោកនឹងខាតបង់ ២៥២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងកាត់បន្ថយ ៩០% នៃសមត្ថភាពហោះហើរ ឬផ្តល់សេវាកម្មដល់អតិថិជនរបស់ពួកគេ។ ងាកទៅក្រោយនៅថ្ងៃទី ១ ខែមីនា ប្រជាជនជាង ២ លាននាក់នៅអាមេរិកបានធ្វើការហោះហើរក្នុងមួយថ្ងៃ។ មួយខែក្រោយមកមានមនុស្សតិចជាង ១០ ម៉ឺននាក់ដែលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានក្នុងមួយថ្ងៃ៕

X
5s