ល្ខោនបាសាក់ដង្ហោយរកការគាំទ្រ និងសង្គ្រោះបន្ទាន់ក្នុងយុគសម័យទំនើប​



ភ្នំពេញ - សិល្បៈល្ខោន ដែលធ្លាប់តែឃើញល្បីរន្ទីគ្រប់ទិសទី មិនថាក្មេងចាស់ប្រុសស្រី ដែលតែងនិយមទស្សនានៅតាមពីធីបុណ្យផ្សេងៗ និងតាមវត្តអារាមនានា បែរត្រូវជំនួសដោយការប្រគុំតន្ត្រី ចាក់ធុងបាសទៅវិញ បណ្ដាលឲ្យប្រជាប្រិយភាពនៃសិល្បៈមួយនេះប្រែជាស្ងាត់សូន្យឈឹង។

រូបភាពដោយ៖ ជា ដ៉ារ៉ាពេជ្រ

រូបភាព៖ ជា ដារ៉ាពេជ្រ

ចរន្តចលករនៃការគាំទ្រល្ខោនបាសាក់មានសាបរលាបបន្ដិចម្ដងៗ ខណៈពេលដែលប្រជាជនភាគច្រើន ងាកមកគាំទ្រសិល្បៈបែបសម័យ ដូចជាការប្រគុំតន្ត្រី កំប្លែងសម័យ ការចាក់ធុងបាសរាំ បញ្ចាំងកុនទៅវិញ។ 

លោក អុ័ង ប៉េងងាន់ ដែលជាអ្នកគ្រប់គ្រង និងដឹកនាំក្រុមសិល្បៈ ល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ «បច្ចុប្បន្ននេះ ការគាំទ្រមាននៅតាមតំបន់ តំបន់ខ្លះពុំសូវមានការគាំទ្រទេ តំបន់ខ្លះមានការគាំទ្រច្រើនគួរសមដែរ តែបើប្រៀបធៀបទៅនិងសិល្បៈសម័យ គឺការគាំទ្រមានគម្លាតខុសគ្នាដូចមេឃនិងដី។»

លោកបានបន្តទៀតថា៖ «អ្នកម្ចាស់បុណ្យខ្លះគាត់មិនសូវមានលុយជួលទេ គាត់មានតែលុយសម្រាប់ធ្វើបុណ្យ អញ្ចឹងហើយបានបុណ្យខ្លះគេដាក់អកកេស ចាក់ធុងបាសរាំសប្បាយៗវិញវាអស់លុយតិចជាង។ អ្នកខ្លះសាញថាល្ខោនស៊ីកន្លែងធំពេក គេខ្ជិលរញ៉េររញ៉ៃក៏គេមិនជួលដែរ។ តែក៏នៅមានបងប្អូនខ្លះគាត់មានថវិការធូរធារដែរគាត់ក៏ជួលទាំងល្ខោនផង ទាំងធុងបាសផង ដោយសារថាចាស់ៗគាត់នៅចូលចិត្តមើលល្ខោន ហើយក្មេងៗវាចូលចិត្តសប្បាយរាំធុងបាសអញ្ចឹងទៅ។»

លោកបានបន្ថែមថា៖ «បើថាខ្វះថវិការក៏ជារឿងមួយ តែបើតាមខ្ញុំសង្កេតថ្មីៗនេះគេនិយមជួលកំប្លែងសម័យវិញ។ ហើយកំប្លែងសម័យនោះសម្ដែងម្តង ៣០០០ដុល្លារ ហើយសម្ដែងយ៉ាងច្រើន២ម៉ោងទេ តែបើតាមក្រុមល្ខោនវិញសម្ដែងម្តង ២០០០ដុល្លារ ហើយត្រូវសម្ដែងមួយយប់ទល់ភ្លឺទៀត។» 

ទន្ទឹមនឹងបញ្ហាប្រឈមទាំងអស់នោះ ក្រុមល្ខោនបាសាក់ក៏បានជួបនៅប្រទះបញ្ហាមួយទៀតគឺការឃាត់ឆែកឆេរពីកម្លាំងសមត្ថកិច្ចនៅតាមដងផ្លូវ ដែលបញ្ហានេះត្រូវបាន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្លាប់អំពាវនាវដល់កម្លាំងសមត្ថកិច្ចឲ្យមានការយោគយល់ចំពោះឡានដឹកអ្នកសិល្បៈ និងឧបករណ៍សម្រាប់សម្ដែង។ ប៉ុន្តែ ថ្មីៗនេះ ការស្ទាក់ឆែកឥវ៉ាន់ ចាប់ផ្ដើមលេចចេញឡើងវិញជាបណ្ដើរៗហើយ។

លោក អុ័ង ប៉េងងាន់ ក៏បានរៀបរាប់បន្ថែមទាក់ទិននឹងការលំបាកក្នុងការទៅសម្ដែង ដោយសារខែដែលត្រូវសម្ដែងមានការរវល់ខ្លាំង គឺចេញពីខេត្តមួយទៅខេត្តមួយ ប៉ុន្តែមានភាពរអាក់រអួលនិងយឺតយ៉ាវដោយសារពេលខ្លះ ត្រូវមានការស្ទាក់ឆែកឥវ៉ាន់ពីសំណាក់ប៉ូលីសចរាចរណ៍តាមដងផ្លូវ។ ពេលខ្លះទៅសម្ដែងមិនទាន់ធ្វើឲ្យអ្នកជួលមិនពេញចិត្តឈប់ជួលតទៅទៀត។

លោកក៏បានអំពាវនាវ ដល់កម្លាំងសមត្ថកិច្ចឲ្យមានការជួយយោគយល់ដល់ក្រុមសិល្បៈ ឲ្យឈប់មានការឆែកឆេរ ដែលបណ្ដាលឲ្យមានការរអាក់រអួលក្នុងដំណើរការនៃសម្ដែងរបស់ក្រុមល្ខោន។

ចំពោះមុខរបរសម្ដែងនេះផងដែរ ក្រុមល្ខោនរបស់លោកមានប្រឈមខ្លាំងចំពោះប្រាក់ចំណូលពីការសម្ដែង ពោលគឺមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃឡើយ ដែលក្នុងរដូវវស្សារលោកត្រូវខ្ចីបុលពីបងប្អូនសាច់ញាតិមកចាយសិន ត្រូវចាំរហូតដល់រដូវប្រាំងដែលត្រូវចេញសម្ដែងវិញទើបមានចំណូលអាចសងប្រាក់គេវិញបាន។

គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងឆ្នាំ ១៩៨៣ ដល់១៩៩០ មានក្រុមល្ខោនជាង១០០ក្រុមទូទាំងប្រទេសសំរាប់សំដែងបំរើជូនប្រជាជនទស្សនា។ ក៏ប៉ុន្តែនៅពេលនេះមានក្រុមល្ខោនប្រហែលជា១០ក្រុមប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមល្ខោន មាននៅទីក្រុងភ្នំពេញឃើញមានតែក្រុម «ល្ខោនបាសាក់ អុល សំអាង»។

រូបភាព៖ ជា ដារ៉ាពេជ្រ

លោកគ្រូ អុល សំអាង ប្រធាន «ក្រុមវង់ល្ខោនបាសាក់អុលសំអាង» នៅរាជធានីភ្នំពេញ បានរៀបរាប់ថា ៖«សព្វថ្ងៃក្រុមល្ខោនបាសាក់ខ្ញុំ មានភាពលំបាកណាស់ ព្រោះនៅភ្នំពេញពុំសូវមានអ្នកហៅទៅសម្ដែងទេ ភាគច្រើនបានតែសម្ដែងនៅខេត្តឆ្ងាយៗ។ ហើយផលវិបាកនោះគឺ វានៅឆ្ងាយពិបាកទាំងធ្វើដំណើរ ទាំងអាកាសធាតុពេលមានខ្យល់ភ្លៀងម្ដងៗ ពោលគឺ ពិបាករើឥវ៉ាន់។»

លោកបានបន្តទៀតថា៖ «ដោយសារតែល្ខោនវាមានខែរបស់វា ខែដែលរវល់ខ្លាំងនោះគឺរដូវបុណ្យទាន ដូចជាចន្លោះខែ ១០ ដល់ខែ ២ គឺត្រូវរវល់ខ្លាំងត្រូវគេហៅទៅសម្ដែងតាមខេត្តផ្សេងៗ។ ដល់ពេលដែល អស់ខែដែលត្រូវរវល់សម្ដែងល្ខោន តួល្ខោនខ្លះ ទៅរត់ម៉ូតូឌុប អ្នកខ្លះទៅធ្វើសំណង់ដែរទេ ព្រោះបើចាំតែចំណូលពីល្ខោនតែម្ដង មិនរស់ទេ។»

លោកក៏បានសំណូមពរឲ្យមានការជួយគាំទ្រពីមហាជនឲ្យជួយលើកស្ទួយវិស័យនេះផង តាមរយៈការជួយហៅឲ្យទៅសម្ដែង ក៏ដូចជាជួយអភិរក្សទម្រង់សិល្បៈមួយនេះមិនឲ្យបាត់បង់។ លោកក៏បានសំណូមពរដល់ថ្នាក់ដឹកនាំឲ្យជួយពង្រឹង នឹងគាំទ្រក្រុមល្ខោនផង ព្រោះការថែរក្សារនូវទម្រង់សិល្បៈមួយនេះមិនឲ្យបាត់លុះត្រាតែមានការជួយសហការពី ក្រុមសិល្បៈផង មហាជនផង និងរដ្ឋាភិបាលផង ទើបរក្សាវាគង់។

បើតាមកិច្ចសម្ភាសន៍ជាមួយនឹងយុវតី យាន សុគន្ធី ដែលជានិស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានភាសាបរទេសបានបញ្ចេញមតិមួយចំនួនទាក់ទងនឹងសិល្បៈនេះថា៖ «ខ្ញុំធ្លាប់មើលល្ខោនតាំងពីតូចមក ហើយទើបតែមើលឆ្នាំមុននេះដែរ ពេលទៅបុណ្យកឋិននៅស្រុក។ ល្ខោនល្អមើលតែមើលយូរៗទៅដូចស៊ាំអត់មានអ្វីប្លែក ហើយរយៈពេលសម្ដែងយូរទៀត ហើយមានពេលខ្លះតួរកំប្លែង(តួរថ្លុក)មានលក្ខណៈអសុរសទៀត។»

កញ្ញាបានបន្តថា៖ «ដោយសារតែសាច់រឿងភាគច្រើនដកស្រង់ពីរឿងពុទ្ធនិយម ឬដំណាលរឿងចាស់ៗដូច្នេះហើយ ពេលមើលម្ដងៗសាច់រឿងយើងអាចទាយដឹងមុន។ មួយទៀតពេលទៅមើលល្ខោនម្តងៗពិបាករឿងត្រូវយកកន្ទេលឥវ៉ាន់ទៅមើលតែម្តង ហើយល្ខោនទំរាំតែសម្ដែងយ៉ាងហោចណាស់ក៏ម៉ោង ៩ទៅ ១០ដែរ អញ្ចឹងត្រូវអង្គុយចាំ ពេលខ្លះចាំយូរពេកងងុយក៏ដេកបាត់ទៅគ្មានបានមើលឲ្យពេញសាច់រឿងទេ។»

ក្នុងនាមជាកូនខ្មែរមួយរូបកញ្ញាក៏បានសម្ដែងពីក្តីព្រួយបារម្ភចំពោះសិល្បៈមួយនេះដែរ កញ្ញាក៏បានសំណូមពរថា៖ «ការចូលរួមអភិរក្សពីសំណាក់ក្រុមសិល្បៈគឺជាការល្អហើយ ប៉ុន្តែគួរតែអភិវឌ្ឍន៍នូវវិស័យនេះផង ព្រោះថាសម័យបច្ចេកវិទ្យាហើយក្មេងៗជំនាន់ក្រោយវាចេះតែទៅមុខ ហើយបើឲ្យវាទទួលយកតែអ្វីដដែលៗនោះវាមិនងាយទេ។ សិល្បៈល្ខោនវាដូចជាដុំថ្ម ដើម្បីទទួលបានការចាប់អារម្មណ៍ពីគេ យើងត្រូវចេះកែច្នៃវា។»

ងាកមកកាន់ការចូលរួមគាំទ្រពីរដ្ឋាភិបាល ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងតែរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣ មីនា សម្រាប់ឆ្នាំនេះរដ្ឋាភិបាលបានកំណត់ឲ្យប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ដោយមើលឃើញថា ក្រុមយុវវ័យជាចលករដ៏សំខាន់ក្នុងការថែរក្សា និងលើកកម្ពស់ចំពោះវប្បធម៌ជាតិនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ៣មីនា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ថា ៖ «ការប្រារព្ធទិវាវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋខ្មែរ។»

សម្ដេចបានបន្ថែមថា៖ «ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឱ្យសិ្ថតស្ថេរគង់វង្សនូវសម្ប ត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិ នៅកម្ពុជា សំដៅរក្សាឱ្យបាននូវឯកភាព ជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ»៕

ដោយ៖ នូ វិរៈ, រូបភាព៖ ជា ដារ៉ាពេជ្រ

 

X
5s