ក្រសួងអប់រំយុវជនអនុញ្ញាតឲ្យគ្រឹះស្ថានឧត្ដមសិក្សារៀបចំប្រឡងបញ្ចប់ការសិក្សារបស់សិស្សតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាអនុញ្ញាតឲ្យគ្រឹះស្ថានឧត្ដមសិក្សាប្រលងជ្រើសនិស្សិតចូលរៀន និងការប្រឡងបញ្ចប់ការសិក្សា តាមប្រព័ន្ធអនឡាញក្នុងអំឡុងពេលនៃជំងឺរាតត្បាតនៃជំងឺកូវីដ ១៩។
បើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ដើម្បីធានាឲ្យការបង្រៀន និងការរៀននៅតែបន្តទៅមុខប្រកបដោយគុណភាព និងនិរន្តភាពនៅអំឡុងពេលនៃជំងឺឆ្លងរាតត្បាតកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈរដ្ឋ និងឯកជន រៀបចំប្រឡងជ្រើសរើសនិស្សិតចូលរៀន និងការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ ក្រសួងបានស្នើរឲ្យគ្រឹះស្ថានសិក្សានីមួយៗ ត្រូវរៀបចំឯកសារមកក្រសួងអប់រំយុវជននិងកីឡា ដើម្បីក្រសួងពិនិត្យ និងរៀបចំលិខិតឧទ្ទេសនាមគណៈកម្មការចុះត្រួតពិនិត្យដំណើរការប្រឡង។
គួរបញ្ជាក់ផងដែរ បើគិតពីថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០ នេះ អស់រយៈពេលជាងបីខែហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យសាលារៀនទូទាំងប្រទេសផ្អាក ដោយប្តូរសិក្សាតាមរបៀបប្រព័ន្ធអនឡាញវិញ ដើម្បីទប់ស្កាត់ជំងឺកូវិដ ១៩៕