WHO៖ កូវីដ១៩អាចនឹងកាន់តែអាក្រក់ក្នុងទូទាំងពិភពលោក ជាពិសេសអាមេរិក​



អង្គការសុខភាពពិភពលោក (World Health Organization) បានប្រកាសថាស្ថានភាពជំងឺរាតត្បាតកូវីដ១៩អាចនឹងកាន់តែអាក្រក់ទៅចំពោះប្រទេសជាច្រើនទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ SCMP។

បន្ទាប់ពីអាស៊ីខាងត្បូង អ៊ឺរ៉ុបបានក្លាយជាតំបន់ផ្ទុះកូវីដ១៩ ប៉ុន្តែពេលនេះអាមេរិកវិញដែលកំពុងប្រឈមខ្លាំងជាងគេ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានមានប្រសាសន៍ក្នុងសន្និសីទកាសែតមួយក្នុងក្រុងសឺណែវថា៖ «បើទោះបីជាស្ថានភាពក្នុងតំបន់អ៊ឺរ៉ូបមានស្ថានភាពល្អប្រសើរក៏ដោយ ប៉ុន្តែស្ថានភាពពិភពលោកនឹងកាន់តែអាក្រក់ទៅ»។

«ជាង ១០០ ០០០ករណីត្រូវបានរកឃើញក្នុងរយៈពេល៩ថ្ងៃក្នុងរយៈពេល១០ថ្ងៃចុងក្រោយ។ កាលពីម្សិលមិញមានករណីឆ្លង ១៣៦ ០០០ ករណី ដែលនេះជាករណីឆ្លងច្រើនជាងគេក្នុងមួយថ្ងៃ»។ 

លោកបានមានប្រសាសន៍ថា ជាង ៧៥ភាគរយនៃករណីឆ្លងកាលពីថ្ងៃអាទិត្យពីប្រទេសចំនួន១០ ដោយភាគច្រើនក្នុងសហរដ្ឋអាមេរិក និងអាស៊ី។  

អ្នកជំនាញជាច្រើនរូបបាននិយាយថាការតវ៉ាតាមដងផ្លូវក្នុងរដ្ឋធំក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅ Goerge Floyd អាចនឹងបង្កឲ្យមានរលកការផ្ទុះថ្មី។

អ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Washington (University of Washington) បានធ្វើការវាយតម្លៃកាលពីថ្ងៃចន្ទកន្លងទៅថា មនុស្ស ១៤៥ ៧២៨នាក់អាចនឹងបាត់បង់ជីវិតដោយសារកូវីដ១៩ក្នុងសហរដ្ឋអាមេរិកគតិត្រឹម ខែសីហា ខាងមុខនេះ។ 

ករណីអ្នកឆ្លងជាង ១,៩ លានករណី ត្រូវបានរកឃើញក្នុងសហរដ្ឋអាមេរិក បើយោងតាមសកលវិទ្យាល័យ Johns Hopkins University ដែលបានប្រកាសអ្នកស្លាប់ ១១០ ០០០ ករណី។

គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង ៤០៣ ០០០នាក់ និងមនុស្សជាង ៧លាននាក់បានឆ្លង ចាប់តាំងពីការផ្ទុះលើកដំបូងក្នុងប្រទេសចិន កាលពីចុងខែធ្នូកន្លងទៅ៕

ដោយ៖ លង់ វណ្ណៈ

X
5s