សណ្ឋាគារ ៨ក្នុងចំណោម១០ត្រូវបិទទ្វារ អាចនឹងបាត់បង់ទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ ដោយសារកូវីដ១៩
សណ្ឋាគារចំនួន៨ក្នុងចំណោម១០ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្នអំឡុងការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងរយៈពេល៣ខែក្នុងឆ្នាំនេះ។ បើយោងតាមក្រុមហ៊ុនអចលនទ្រព្យ Colliers ដែលចុះផ្សាយដោយកាសែត SCMP។
លោក Govinda Singh នាយកប្រតិបត្តិក្រុមហ៊ុន Colliers International បានលើកឡើងថា៖ «ចំនួននៃសណ្ឋាគារដែលបិទមានភាពខុសគ្នាទៅតាមទីផ្សារនីមួយៗ ប៉ុន្តែសណ្ឋាគារ ៨ក្នុងចំណោម១០ បានបិទទ្វារនៅពេលមានការផ្ទុះខ្លាំងនៃជំងឺកូវីដ១៩ ដូចជានៅក្នុងទីក្រុងវ៉ូហាន សិង្ហបុរី ជាដើម»។
លោក Singh បានបន្ថែមទៀតថា៖ «សណ្ឋាគារ ២ ទៅ ៣ភាគរយនៅក្នុងតំបន់នេះនឹងត្រូវបិទទ្វារជាអចិន្ត្រៃយ៍»។
ការបិទទ្វារនេះបានធ្វើឲ្យមានការបាត់បង់ទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ នៃប្រាក់ចំណូលក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២០។
សណ្ឋាគារជាច្រើនបានប្រកាសផ្អាកប្រតិបត្តិការក្នុងខែនេះ ដែលមានដូចជាសណ្ឋគារផ្កាយ៥ Marco Polo Davao និង Shamrock Hotel ក្នុងទីក្រុងហុងកុងជាដើម។
ផ្នែកបដិសណ្ឋារកិច្ចមានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយការការហាមឃាត់ការធ្វើចរាចរណ៍ផ្លូវអាកាស ការបិទការដើរហើរក្នុងទីក្រុង និងការបិទព្រំដែន ធ្វើឲ្យតម្រូវការបន្ទប់ស្នាក់នៅធ្លាក់ចុះតិចជាងពាក់កណ្ដាល និងប្រាក់ចំណូលពីបន្ទប់ស្នាក់នៅធ្លាក់ចុះ ៤០ភាគរយក្នុងរយៈពេល ៣ខែដំបូងក្នុងឆ្នាំ២០២០នេះ នេះបើយោងតាម Hotel Insigths របស់ Colliers។
អង្គភាពទេសចរណ៍ពិភពលោកអង្គការសហប្រជាជាតិ (World Tourism Organisation of the United Nations) ភ្ញៀវទេសចរណ៍អន្តរជាតិមានត្រូវព្យាករណ៍ថានឹងមានការធ្លាក់ចុះចន្លោះពី២០ទៅ៣០ភាគរយក្នុងឆ្នាំនេះ ដែលនឹងបាត់បង់ទឹកប្រាក់ ៣០០ពាន់លាន ដល់ ៤៥០ពាន់លានដុល្លារ ក្នុងការចំណាយលើដំណើរកម្សាន្ត។
លោក Singh បានបន្តទៀតថា៖ «សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រសិនបើយើងយកឆ្នាំ២០១៩ ជាមួយនឹង២៨ភាគរយនៃការចំណាយរបស់ភ្ញៀវទេសចរណ៍ទៅលើការស្នាក់នៅសណ្ឋាគារ យើងរំពឹងថានឹងមានការបាត់បង់ទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារនៃប្រាក់ចំណូលក្នុងរយៈពេល៦ខែនៃឆ្នាំ២០២០»។
ជាមួយគ្នានោះដែរ លោក Nihat Ercan នាយកគ្រប់គ្រង និងជាប្រធានការវិនិយោគអាស៊ីនៃសណ្ឋាគារ JIL បានមានលើកឡើងថា៖ «ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ទំនងជាកើតឡើងលើប្រទេសដែលផ្អែកលើទីផ្សារភ្ញៀវទេសចរណ៍ក្នុងស្រុកដូចជាប្រទេសជប៉ុនជាដើម»។
លោកបន្ថែមទៀតថា ភាពមិនស្មើគ្នានៃសម្រូវការនឹងការផ្គត់ផ្គង់នឹងកាន់តែប្រឈមមុខនឹងភាពពិបាកកាន់តែខ្លាំង ហើយកូវីដ១៩នឹងកាន់តែបន្ថែមបន្ទុកកាន់តែខ្លាំងក្លា ដូចជាទីផ្សាររីសត Bali, Phuket, Koh Samui, Maldives និងតំបន់ឆ្នេរនៅវៀតណាមជាដើម។
គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់ទិន្នន័យក្រុមហ៊ុន STR, Inc បានរកឃើញថា ៣៨ភាគរយនៃសណ្ឋាគារក្នុងតំបន់អាស៊ីមានការបិទទ្វារបើគិតត្រឹមថ្ងៃទី៣០ ខែមេសា៕