បន្តិចទៀតនេះ ! បន្ទប់ទឹកសាធារណៈ និងកន្លែងងូតទឹកសម្អាតខ្លួន ចំនួន ២០កន្លែង នឹងរៀបចំតាមបណ្តោយឆ្នេរក្នុងខេត្តសីហនុ
ព្រះសីហនុ- រដ្ឋបាលខេត្តព្រះសីហនុ គ្រោងសាងសង់បន្ទប់ទឹកសាធារណៈ និងកន្លែងងូតទឹកសម្អាតខ្លួន ចំនួន ២០កន្លែង នៅតាមបណ្តោយឆ្នេរសមុទ្រប្រមាណ៩គីឡូម៉ែត្រ ដើម្បីបំរើដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកលេងទឹកសមុទ្រដោយមិនគិតថ្លៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទប់ទឹកទាំង២០ទីតាំងនេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ក្រោយការសិក្សាបានចប់សព្វគ្រប់ ខណៈបច្ចុប្បន្នខេត្តបានបង្កប់លូរួចរាល់ហើយ។
ឯកឧត្តម គួច ចំរើន បានថ្លែងយ៉ាងដូច្នេះថា ៖ « អញ្ចឹងបន្ទប់ទឹកសាធារណៈនេះ នៅតាមបណ្តោយឆ្នេរនេះដោយសារទាក់ទងនិងនិតិវិធីហិរញ្ញវត្ថុ យើងមិនអាចគិតឥលូវធ្វើឥលូវបានទេ អញ្ចឹងវាត្រូវរៀបក្នុងផែនការចំណាយហិរញ្ញវត្ថុរបស់យើង អញ្ចឹងចំពោះមុខបានត្រឹមតែលូដូចបញ្ជាក់ជូនអញ្ចឹង តែកុំឲ្យថ្ងៃក្រោយថា ថ្ងៃមុនធ្វើលូទៅវាចូលឆ្នេរដល់ឥលូវវាអភិវឌ្ឍន៍វាចូលឆ្នេរទៀត។ តែឥលូវយើងធ្វើឆ្នេរហើយកុំឲ្យថាមិនកប់អាងហ្នឹងដល់ថ្ងៃក្រោយកាត់ថ្នល់ក៏វាមិនកើត សម្រេចគ្នាត្រឹមតែម៉ាកប់លូទុកកាត់ថ្នល់សិន ។ ប៉ុន្តែយើងបានគ្រោងជាង២០កន្លែង ចាប់ពីឆ្នេរអូរឈើទាលទៅបានជាង២០កន្លែង »។
ឯកឧត្តម បានមានប្រសាសន៍បន្ថែម បច្ចុប្បន្ននេះអាជ្ញាធរកំពុងគិតគូរសាកល្បងក្នុងការឌីហ្សាញបន្ទប់ទឹកមួយកន្លែងនៅក្បែរស្ថានីយបូមទឹកអូរឈើទាល ដែលអាចមានបន្ទប់ពី២០ទៅ៣០បន្ទប់ ដោយមានភ្ជាប់ជាមួយកូនម៉ាតតូចមួយ មានលក់ភេសជ្ជៈគ្រឿងឧបករណ៍សម្រាប់ហែលទឹកផងដែរ ។
យ៉ាងណាមិញ អភិបាលខេត្តសីហនុរូបនេះបានបានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្ត នឹងចាប់ផ្ដើមសាកល្បងសាងសង់បន្ទប់ទឹកសាធារណៈមួយ ក្បែរស្ថានីយ៍បូមទឹកអូរឈើទាល ហើយបន្ទប់ទឹកនេះទៀតសោត នឹងត្រូវសាងសង់យ៉ាងណា ដើម្បីធានាឲ្យការប្រើប្រាស់បានរយៈពេលយូរ និងមិនឲ្យមានទឹកកខ្វក់ហូរចូលទឹកសមុទ្រ ដូចបទពិសោធន៍ជូចត់នាពេលកន្លងទៅ។
គួរបញ្ជាក់ថា ក្រៅពីបញ្ហាបន្ទប់ទឹកសាធារណៈ និងកន្លែងលាងខ្លួនក្រោយងូតទឹកសមុទ្រហើយនោះ រដ្ឋបាលខេត្តព្រះសីហនុ នឹងមានផែនការរៀបចំចំណតរថយន្ដ សម្រាប់ភ្ញៀវទេសចរផងដែរ។ ការរៀបចំចំណតរថយន្ដនេះ គ្រោងនឹងធ្វើនៅតំបន់ឆ្នេរណាដែលមានទំហំធំ ប៉ុន្ដែមិនឲ្យប៉ះពាល់ដល់ដើមឈរដែលរក្សាទុក នៅមាត់ឆ្នេរនោះទេ៕