ក្រសួងសុខាភិបាល ចេញសេចក្តីថ្លែងការណ៍ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ-១៩ ចេញពីកម្ពុជា​



ភ្នំពេញ- នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ-១៩ ចេញពីកម្ពុជា។

ការច្រានចោលព័ត៌មាននេះ ក្រោយពេលដែលសារព័ត៌មាន លុយអាតវៀតណាម (luatvetnam.vn) បានផ្សព្វផ្សាយថា បុរសជនជាតិវៀតណាមម្នាក់អាយុ ១៨ ឆ្នាំ មានជំងឺកូវិដ ១៩ ធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាមតាមច្រកទ្វារព្រំដែន ថុងហ្វើក (Thuong Phoun) នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមានវិរុសកូវិដ ១៩ ហើយបានដាក់ព្យាបាលនៅមណ្ឌលសុខភាព ង្វានហុងងឺ (Huyen Hong Ngu health center) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២០។ 

ចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មាន លុយអាតវៀតណាមដែលបានចុះផ្សាយនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានច្រានចោលទាំងស្រុងចំពោះពត៌មាននេះ។

ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារព័ត៌មានខាងលើនេះ ចេញទៅវៀតណាមនោះដែរ។ 

ក្រសួងសុខាភិបាលក៏បានបញ្ជាក់បន្ថែមថា តាមរយៈការចុះផ្សាយនោះទៀត បង្ហាញច្បាស់ថា បុគ្គលជនជាតិវៀតណាមរូបនេះ រស់នៅឃុំថុងហ្វុក ស្រុកហ្វៀកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ដូចច្នេះ មិនមែនរស់នៅកម្ពុជា ហើយកាលដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាមតែម្តង។

យ៉ាងណាមិញ មកដល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូវការណាមួយស្តីពីការករណីជនជាតិវៀតណាមខាងលើនេះ ត្រូវបានផ្តល់ដោយអាជ្ញាធរសុខាភិបាលវៀតណាមតាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុងបណ្តាប្រទេសអាស៊ាននោះទេ។ 

ក្រសួងក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ នេះមិនមានករណីវិជ្ជមានវិរុសកូវិដ ១៩ នោះទេ ខណៈ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៥ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០១នាក់។ 

ដោយ៖ នូ វិរៈ

 

X
5s