WHO៖ វីរុស COVID 19 ក្នុងទឹកដោះម្តាយគ្មានជីវិតទេ វាក៏មិនឆ្លងពីម្តាយទៅទារកដោយការបំបៅដោះដែរ​



ម្តាយដែលមានផ្ទុកវីរុសកូវីដ ១៩ គ្មានសញ្ញាណាមួយបង្ហាញថាបានចម្លងវីរុសកូវីដ ១៩ ទៅកាន់កូនតូចរបស់ខ្លួនតាមរយៈការបំបៅដោះឡើយ វីរុសនេះមិនបានរកឃើញថាមានវត្តមានក្នុងទឹកដោះម្តាយឡើងពោលគឺវានៅក្នុងវត្ថុរាវក្នុងផ្លូវដង្ហើម។ 

នេះជាការបញ្ជាក់ពីអ្នកជំនាញអង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។ 

នៅក្នុងការថ្លែងនេះដែរ អ្នកជំនាញបានលើកឡើងថា ម្តាយដែលមានកើតជំងឺកូវីដ ១៩ គួរតែបន្តបំបៅដោះកូនធម្មតា និងមិនគួរនៅឆ្ងាយ ឬផ្តាច់ខ្លួនចេញពីកូនរបស់គេនោះទេព្រោះកម្រិតហានិភ័យ វានៅអាចគ្រប់គ្រងបាន តែអ្វីដែលចាំបាច់គឺអត្ថប្រយោជន៍ និងសុខភាពរបស់កូនតូចត្រូវការការថែទាំពីម្តាយ។ 

លោក Tedros Adhanom Ghebreyesus នាយកគ្រប់គ្រងអង្គការសុខភាពពីភពលោកនិយាយថា ខ្លួនបានធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់នូវហានិភ័យរបស់ស្រ្តីជាម្តាយមានកូនតូច (កូនដែលត្រូវការការបំបៅដោះម្តាយ) ក្នុងអំឡុងពេលបំបៅដោះ។ Tedros បានប្រាប់នៅក្នុងសន្និសិទសារព័ត៌មានថា «យើងរកឃើញ និងដឹងថាទារកតូចមានហានិភ័យទាបក្នុងការទទួលអត្រាចម្លងពីម្តាយក្នុងពេលបំបៅដោះ តែទារកនឹងមានហានិភ័យខ្ពស់ ក៏ដូចជាលក្ខខណ្ឌទទួលជំងឺជាច្រើនបើមានការរារាំងការទទួលទឹកដោះម្តាយដើម្បីជារស់រាន»។ ផ្អែកលើភ័ស្តុតាងដែលបានរកឃើញដោយអង្គការសុខភាពពិភពលោក បានផ្តល់ជាដំបូន្មានថា អត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយមានច្រើនជាងហានិភ័យដែលអាចកើតមាននៃការឆ្លងនៃ COVID-19។ អ្វី​ដែល​ម្តាយ​ត្រូវ​ធ្វើ​នៅពេល​បំ​បៅ​ដោះ​កូន​ គឺ​ការ​ការពារ​ឲ្យ​បាន​ល្អ​តាម​រយៈការ​ពាក់​ម៉ាស់​ពេល​នៅក្បែរ​កូន លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​មុនពេល​ប៉ះពាល់​រាងកាយកូន​ និង​គ្រប់​ពេល​វេលា​ជា​និច្ច​។ 

លោកក៏បានបន្ថែមទៀតថា ម្តាយដែលមានការសង្ស័យ ឬទទួលបានការបញ្ជាក់ថាខ្លួនពិតជាឆ្លងកូវីដ ១៩ នៅតែលើកទឹកចិត្តឲ្យបន្តបំបៅដោះកូនជាធម្មតា និងមិនគួរផ្តាច់ខ្លួនចេញឆ្ងាយពីកូននោះទេ លើកលែងតែម្តាយស្ថិតក្នុងស្ថានភាពសុខភាពមិនល្អ ឬទ្រុឌទ្រោមខ្លាំងប៉ុណ្ណោះ។ ជាមួយគ្នានេះដែរលោក Anshu Banerjee អ្នកប្រឹក្សាជាន់ខ្ពស់នៃនាយកដ្ឋានសុខភាពបន្តពូជ និងស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបាននិយាយថា៖ «មានតែបំណែកនៃវីរុសប៉ុណ្ណោះដែលត្រូវបានរកឃើញនៅក្នុងទឹកដោះម្តាយ ហើយវាមិនមែនជាវីរុសមានជីវិតទេ។ មកទល់ពេលនេះ យើងនៅមិនទាន់រកឃើញថាវីរុសដែលមានក្នុងទឹកដោះម្តាយជាវីរុសមានជីវិតនោះទេ ដូច្នេះហានិភ័យនៃការឆ្លងពីម្តាយទៅទារកក្នុងការបំបៅដោះវាមិនទាន់កើតមាននោះទេ៕ 

 

X
5s