នៅថ្ងៃនេះ! ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ថែមទៀតហើយ​



ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញករណីជំងឺកូវីដ១៩ ចំនួន ២នាក់ទៀតលើជនជាតិខ្មែរ  ដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

តាមសេចក្តីប្រកាស បានឱ្យដឹងថា ករណីវិជ្ជមានវីរុសកូរីដ១៩ថ្មី ចំនួន ០២នាក់នោះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ដែលមានអាសយដ្ឋាននៅខេត្តកំពង់ចាម ហើយអ្នកទាំងពីរ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមថា ជើងហោះហើរជាមួយនឹងជនជាតិខ្មែរទាំង២ខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រី្ត ២៤នាក់) ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ០៤នាក់ (ស្រី ០២នាក់ ក្នុងនេះ មានកុមារីអាយុ ០៤ឆ្នាំ ០១នាក់)។

ចំពោះអ្នកដំណើរចំនួន ៤៤នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តដែលបុគ្គលរស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នក ដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ ដើម្បីតាមដានសុខភាពបន្តទៀត។

គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២៨ករណី ក្នុងនោះមាន១២៥នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជំងឺ៣នាក់ ដែលកំពុងសម្រាកព្យាបាលនោះ មានជនជាតិខ្មែរ១នាក់ ដែលទើបវិលត្រឡប់ពីប្រទេសហ្វីលីពីន និងជនជាតិខ្មែរ២នាក់ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនេះតែម្តង៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖

ដោយ៖ នូ វិរៈ

X
5s