គម្រោងសាងសង់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីតាំងទី៣ នៅក្បែរវិមានឈ្នះ-ឈ្នះ នឹងក្លាយជាមណ្ឌលសិក្សាទំនើបមួយ​



ភ្នំពេញ៖ នៅលើហ្វេសបុកផ្លូវការរបស់ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ០៩ ខែមិថុនា បានបង្ហាញពីរូបរាងប្លង់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ទី ៣ ទីតាំងនៅក្បែរវិមានឈ្នះ-ឈ្នះ លើទំហំដី ៥ ហិចតា។

ឯកឧត្តមជេត ជាលី បានបញ្ជា្កក់ថា ៖ «រាជរដ្ឋាភិបាលក្រោមការចាត់ចែងផ្ទាល់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រគល់ដីទំហំ៥ហិចតា មកឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននិងតម្រូវការរបស់សាកលវិទ្យាល័យ »។

យ៉ាងណាមិញ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននេះ យើងកំពុងកសាងផែនការមេ ដើម្បីអភិវឌ្ឍមណ្ឌលថ្មីនេះឲ្យទៅជាមណ្ឌលសិក្សាទំនើបមួយ។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានឈ្មោះដើមថា សាកលវិទ្យាល័យភូមិន្ទ។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទ មានចំនួន ២ ទីតាំង រួមមាន សាកលវិទ្យាភូមិន្ទ ១ ឬ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទីតាំងនៅលើផ្លូវសហព័ន្ធរុស្សី ក្បែរនឹងស្ពានអាកាស៧មករា និងសាកលវិទ្យាល័យភូមិន្ទទី ២ ស្ថិតនៅជាប់នឹងរាជបណ្ឌិតសភាកម្ពុជា។

 ដោយ៖ នូ វិរៈ

 

X
5s