ហេតុអ្វីបានជាប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណពិភពលោក?
នៅពេលដែលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ប្រជាជនចង់ចង់ដាក់ប្រាក់របស់ពួកគេនៅកន្លែងមួយដែលអាចទុកចិត្តបាន។ នោះអាចជួយពន្យល់បានថាហេតុអ្វីបានជា ៨០ ភាគរយនៃក្រដាសប្រាក់ ១០០ ដុល្លារទាំងអស់ក្នុងពេលបច្ចុប្បន្នត្រូវបានចរាចរនៅក្រៅពីសហរដ្ឋអាមេរិក។
ការកើនឡើងយ៉ាងខ្លាំងនៃក្រដាសប្រាក់ ១០០ ដុល្លារដែលបានកើតឡើងនៅបរទេស វាបានក្លាយជាក្រដាសប្រាក់ទី ២ សម្រាប់ប្រជាជនគ្រប់រូបនៃប្រទេសនីមួយៗនៅលើផែនដី គឺជាសញ្ញាមួយដែលបង្ហាញថាមនុស្សនៅលើពិភពលោកទទួលស្គាល់ប្រាក់ដុល្លារគឺជារូបិយប័ណ្ណសកល។ ពួកគេមានទំនុកចិត្តថាប្រសិនបើរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេឡើងថ្លៃនោះប្រាក់ដុល្លារនឹងនៅថេរ។
គិតត្រឹមខែមករាឆ្នាំ ២០២០ ប្រទេសជប៉ុន និងចិន ដែលប្រទេសនីមួយៗនេះមានទ្រព្យសម្បត្តិជាង ១ ទ្រីលានដុល្លារអាមេរិកនៅក្នុងមូលបត្ររតនាគារសហរដ្ឋអាមេរិក បន្ទាប់មកគឺចក្រភពអង់គ្លេស (៣៧២ ពាន់លានដុល្លារ) និងប្រេស៊ីល (២៨៣ ពាន់លានដុល្លារ)។ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (The International Monetary Fund) ប្រាក់បម្រុងជាសាច់ប្រាក់ជាង ៦១ ភាគរយនៃប្រាក់បម្រុងពិភពលោកត្រូវបានគិតជាដុល្លារ។ ប្រាក់អឺរ៉ូស្ថិតក្នុងលំដាប់ទី ២ ចំនួន ២០ ភាគរយ។
នៅពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជាប្រទេសចិនកាន់កាប់ប្រាក់បម្រុងទុកខ្ទង់លានដុល្លារអាមេរិក នោះគឺជាសញ្ញាល្អមួយដែលប្រាក់ដុល្លារនៅតែត្រូវបានគេចាត់ទុកថាជារូបិយប័ណ្ណដ៏ខ្លាំងបំផុតរបស់រូបិយប័ណ្ណពិភពលោក។
ដុល្លារមិនមែនតែងតែជារូបិយប័ណ្ណសំខាន់របស់ពិភពលោកនោះទេ វាក៏មានពេលធ្លាក់ប្រជាប្រិយភាពដែរ។ ដូច្នេះតើមានហេតុផលអ្វីខ្លះដែលធ្វើឲ្យវាផ្លាស់ប្តូរ?
ប្រវត្តិខ្លះៗនៃរូបិយប័ណ្ណដុល្លារ
មុនពេលសង្គ្រាមលោកលើកទី ២ រូបិយប័ណ្ណសកលសម្រាប់ប្រទេសទាំងអស់ត្រូវបានគេសំដៅទៅលើមាស ហើយរដ្ឋាភិបាលនីមួយៗអាចធ្វើការធានាបានថា មាសអាចផ្តល់ភាពងាយស្រួលក្នុងការរក្សាបាននូវតម្លៃបរបស់វា។ បន្ទាប់មកមានកិច្ចព្រមព្រៀង Bretton Woods ឆ្នាំ ១៩៤៤ ដែលបានបង្កើតធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយក៏បានបង្កើតប្រាក់ដុល្លារអាមេរិកជាមាសថ្មីផងដែរ ធ្វើឲ្យសហរដ្ឋអាមេរិកកាន់កាប់ភាគច្រើននៃការផ្គត់ផ្គង់មាសរបស់ពិភពលោក។
ប្រាក់ដុល្លារបានបន្តគ្របដណ្តប់ក្នុងកំឡុងពេលរីកចម្រើនក្រោយសង្គ្រាមលោកលើកទី ២។ លោក Jonathan David Kirshner សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ និងការសិក្សាអន្តរជាតិនៅមហាវិទ្យាល័យបូស្តុន (A professor of political science and international studies at Boston College) មានប្រសាសន៍ថាការកើនឡើងនៃ «ការបញ្ជាទិញប្រាក់ដុល្លារ» ឈរលើសសរស្តម្ភចំនួនបួនគឺ ភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក ការរីករាលដាលនៃជំនឿលើគំរូហិរញ្ញវត្ថុរបស់អាមេរិក ទ្រព្យសម្បត្តិរបស់ស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងតួនាទីនាំមុខរបស់អាមេរិកក្នុងកិច្ចការអន្តរជាតិ។
លោក Kirshner ដែលជាសហនិពន្ធសៀវភៅស្តីពី «អនាគតនៃប្រាក់ដុល្លារ» និយាយថា «ទំនាក់ទំនងរូបិយវត្ថុភាគច្រើននៅលើពិភពលោកត្រូវបានរៀបចំឡើងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនយោបាយ និងភាពអាស្រ័យយោធា»។ ហើយវាជារឿងធម្មតាទេដែលទំនាក់ទំនងដោះដូរនានាត្រូវធ្វើឡើងជាប្រាក់ដុល្លារ។
គម្រោងអត្រាប្តូរប្រាក់ថេរ Bretton Woods បានដួលរលំនៅទសវត្សឆ្នាំ ១៩៧០ នៅពេលដែលលោក Richard Nixon បានយកប្រាក់ដុល្លារចេញពីស្តង់ដាមាសក្នុងកំឡុងពេលអតិផរណាក្នុងស្រុក ហើយសេដ្ឋកិច្ចឧស្សាហកម្មជាច្រើនត្រូវបានជ្រើសរើសយកអត្រាការអណ្តែតសម្រាប់រូបិយប័ណ្ណរបស់ពួកគេនៅលើទីផ្សារបើកចំហ។ នៅពេលនោះអ្នកសេដ្ឋកិច្ចខ្លះបានចាប់ផ្តើមព្យាករណ៍ពីការធ្លាក់ចុះនៃប្រាក់ដុល្លារ ដោយមិនមែនសំដៅទៅលើការបាត់បង់តម្លៃទេ ប៉ុន្តែវានឹងបាត់បង់ឥទ្ធិពលរបស់ខ្លួនជារូបបិយប័ណ្ណជាក់ស្តែងរបស់ពិភពលោក។
ចុះបើវាមិនមែនជាក្រដាសប្រាក់ដុល្លារ តើជាអ្វីទៅ?
ក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ ប្រាក់ដុល្លារក្លាយជាស្តេចនៃសេដ្ឋកិច្ចក្រោយសង្គ្រាមត្រូវបានដួលរលំ។ ការរីករាលដាលនៃទីផ្សារភាគហ៊ុន និងវិបត្តិសេដ្ឋកិច្ចសកលបានបង្ហាញនូវការរៀបចំតាមគំរូហិរញ្ញវត្ថុរបស់អាមេរិក (Financial Model) ហើយសហរដ្ឋអាមេរិកបានបាត់បង់ឥទ្ធិពលនយោបាយខ្លះ ដោយរដ្ឋាភិបាលនិងសាជីវកម្មជាច្រើនបានជ្រើសរើសធ្វើជំនួញជាមួយចិនឬអឺរ៉ុបជំនួសវិញ។
ទោះជាយ៉ាងណា តួលេខបង្ហាញថាប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណដែលប្រជាជាតិ និងបុគ្គលនានាលើពិភពលោកចាត់ទុកថាជា «ទ្រព្យដ៏មានសុវតិ្ថភាព» ក្នុងព្យុះសេដ្ឋកិច្ច។ ប៉ុន្តែហេតុអ្វី...?
លោក Kirshner មានប្រសាសន៍ថា «ហេតុផលចុងក្រោយគឺជាហេតុផលសាមញ្ញមួយ គឺកង្វះនៃជម្រើសដែលអាចជឿទុកចិត្តបាន ប្រសិនបើមិនមែនជាប្រាក់ដុល្លារទេ តើជាអ្វីទៅ?»
មានការអំពាវនាវតាមកាលកំណត់ដើម្បីប្តូរប្រាក់បម្រុងទុកបន្ថែមទៀតទៅជាប្រាក់អ៊ឺរ៉ូ ប្រាក់យ័នចិន ឬក៏ត្រឡប់ទៅជាមាសវិញ ប៉ុន្តែប្រាក់ដុល្លារនៅតែបន្តគ្រងដំណែងខ្ពស់ដដែល។ នៅពេលដែលបណ្តាប្រទេសទិញរូបិយប័ណ្ណបម្រុងដែលមានស្ថេរភាព សុវត្ថិភាព (ងាយស្រួលក្នុងការប្តូរទៅជាប្រាក់ក្នុងស្រុកវិញ) ប្រាក់ដុល្លារនៅតែជាអាទិភាព។ តាមពិតប្រទេសមួយចំនួនដូចជា Panama និង El Salvador បានប្រើប្រាក់ដុល្លារអាមេរិកជាការដេញថ្លៃស្របច្បាប់របស់ពួកគេ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនចាំបាច់ផ្តល់ការយល់ព្រមសម្រាប់ប្រទេសមួយផ្សេងទៀតក្នុងការប្រើប្រាស់ប្រាក់ដុល្លារជារូបិយប័ណ្ណផ្លូវការរបស់ខ្លួនទេ។
ចុះហេតុអ្វីបានជាពិភពលោកមិនព្រមមានតែរូបិយវត្ថុតែមួយ?
លោក Kirshner និយាយថា «វាមិនអាចកើតឡើងនោះទេ។»
មូលហេតុទី ១ គឺនយោបាយ។ មិនមានឆន្ទៈនយោបាយណាមួយដែលមានរដ្ឋាភិបាលពិភពលោកមួយ ឬរូបិយប័ណ្ណពិភពលោកមួយនោះទេ។
មូលហេតុទី ២ យើងនឹងមិនឃើញ «លុយដុល្លារលើផែនដី» ឬពិភពលោកទាំងមូលប្រើប្រាក់ដុល្លារអាមេរិកសម្រាប់រូបិយប័ណ្ណផ្លូវការរបស់ពួកគេឡើយ នោះដោយសារតែតំបន់ផ្សេងៗគ្នាអាចនឹងជួបប្រទះនូវស្ថានភាពសេដ្ឋកិច្ចខុសគ្នាខ្លាំងក្នុងពេលតែមួយ។ ឧទាហរណ៍ប្រទេសមួយអាចស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចខណៈប្រទេសមួយផ្សេងទៀតកំពុងរីកចម្រើន។
លោក Kirshner មានប្រសាសន៍ថា «ប្រសិនបើយើងមានរូបិយប័ណ្ណតែមួយប្រភេទនៅក្នុងពិភពលោកទាំងមូល នោះអ្នកមានសិទ្ធិអំណាចតែមួយដែលមានន័យថាអ្នកមានគោលនយោបាយរូបិយវត្ថុតែមួយប៉ុណ្ណោះ។ តាមពិតតំបន់ ឬប្រទេសផ្សេងៗគ្នាត្រូវការគោលនយោបាយរូបិយវត្ថុដែលត្រូវនឹងតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ»។
ជារួមថ្វីបើមានបំណុលបរទេសរាប់ពាន់លានដុល្លារ និងការចំណាយឱនភាពធំៗជាបន្តបន្ទាប់សហរដ្ឋអាមេរិកនៅតែរក្សាការជឿទុកចិត្ត និងទំនុកចិត្តជាសកលចំពោះសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។ ដោយហេតុផលនេះហើយបានជាដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណពិភពលោកខ្លាំងបំផុត។
ប្រភព៖ howstuffworks.com
ដោយ៖ Anthony Arthur