មានមហិច្ឆតាធំ ជឿន ចននី ប្រើពេលជាច្រើនឆ្នាំបង្កើតក្រុមគំនិតច្នៃប្រឌិតយន្តហោះបញ្ជាខ្នាតធំនៅកម្ពុជា
ភ្នំពេញ៖ ខណៈបច្ចុប្បន្ន មុខជំនាញបច្ចេកទេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និង កំពុងមានតម្រូវការខ្ពស់ យុវជន ជឿន ចននី ប្រើពេលជាច្រើនឆ្នាំ ផ្ដួចផ្ដើមបង្កើតក្រុមគំនិត (Khomnith) ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ផលិតជាយន្តហោះបញ្ជាខ្នាតធំដំបូងនៅកម្ពុជា។
ជាយុវជនម្នាក់មានវ័យប្រមាណ ២៨ ឆ្នាំ ដែលមានក្តីស្រមៃចង់ក្លាយខ្លួនជាអ្នកបើកយន្តហោះ កាលនៅកុមារភាព ក៏ប៉ុន្តែ ដោយសារតែគ្មានលទ្ធភាពដោយ គ្មានឪពុក ម្តាយ សាច់ញ្ញាតិ គ្មានបងប្អូនគាំទ្រ រូបលោកមិនអាចសម្រេចបាននៅក្តីស្រមៃនេះទេ។ តែអ្វីជាក្តីស្រមៃរបស់យុវជនរូបនេះ បានប្រែក្លាយជាអ្នកចូលចិត្តស្រាវជ្រាវអំពីបច្ចេកវិទ្យា និងផ្តួចផ្តើមបង្កើតក្រុមគំនិត ដើម្បីច្នៃប្រឌិតផលិតយន្តហោះនៅកម្ពុជា បម្រើវិស័យបច្ចេកវិទ្យា។
លោក ជឿន ចននី មានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ បានថ្លែងថា ៖ «ការបង្កើតក្រុមនេះឡើង ដោយសារតែ យើងចង់ប្រមូលអ្នកស្រឡាញ់ផ្នែកបច្ចេកវិទ្យា ដោយយកមកស្រាវជ្រាវ និងរៀនសូត្រ ទាក់ទងទៅនឹងបច្ចេកវិទ្យា ជាតម្រូវការក្នុងប្រទេសកម្ពុជា ដោយសារទស្សនៈវិស័យយើងសម្លឹងឃើញថា ទៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងប្រើប្រាស់បច្ចេកវិទ្យាច្រើន ហើយមានតែវិស័យបច្ចេកវិទ្យាដែលជួយអាចឲ្យសេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍបានលឿន។»
គ្រាដែលបង្កើតក្រុមគំនិតដំបូង នៅពាក់កណ្តាល ឆ្នាំ ២០០៥ មានតែសមាជិកតែម្នាក់គត់ រហូតមកដល់បច្ចុប្បន្ននេះមានសមាជិកត្រឹមតែ ៨ នាក់ ដោយពួកគាត់មានជំនាញខុសៗគ្នា មានអ្នកខ្លះមានជំនាញផ្នែកឌីហ្សាញប្លង់ គណនាប្លង់ ច្នៃប្រឌិត និងផ្នែកអេឡិចត្រូនិច ជាដើម។
រូបភាពឯកសារ៖ សកម្មភាពសមាជិកក្រុមគំនិតកំពុងសិក្សាស្រាវជ្រាវនៃផលិតកម្មផលិតយន្តហោះ។ (Khomnit-គំនិត)
បច្ចុប្បន្ននេះ ក្រុមគំនិតបានសម្រេចបង្កើតផលិតផលចំនួន ២ រួមមាន យន្តហោះស្នោរសម្រាប់គប់ យន្តហោះបញ្ជា និងគ្រោងបង្កើតយន្តហោះជិះសម្រាប់នាពេលអនាគត។
ស្ថាបនិករូបនេះ បាននិយាយបន្ថែមថា ៖ «កាលដំបូងឡើង យើងបានសិក្សាពីយន្តហោះ ចឹងពេលដែលយើងចាប់ផ្តើមស្រាវជ្រាវ ស្វែងយល់ ហើយយើងយកមកវិភាគ ហើយអ្វីដែលយើងធ្វើ គឺអត់មានមូលដ្ឋានទាំងអស់ អត់មានក្បួនសិក្សាត្រឹមត្រូវ គឺយើងគ្រាន់តែជាអ្នកស្រាវជ្រាវប៉ុណ្ណោះ។»
លោកបានបន្ថែមថា៖ «កាលដំបូង ផលវិបាករបស់យើង គឺ ចំណេះដឹង ដោយសារការស្រាវជ្រាវអត់មានអ្នកនាំផ្លូវ និង អត់មានទិសដៅ។ ចំណែកទីពីរ គឺថវិកា តែម្តង នៅពេលដែលយើងផលិតយន្តហោះ បែបនេះយើងត្រូវការ លុយដើម្បីពិសោធន៍វា នៅពេលដែលយើងពិសោធន៍អត់ជោគជ័យ យើងត្រូវការចាយលុយដោយអត់ប្រយោជន៍។ »
យ៉ាងណាមិញ ក្រុមគំនិតមានសមាជិកតិច តែគំនិតខ្លាំង បានខិតខំ ព្យាមយាមស្រាវជ្រាវរហូតទទួលបានចំណេះដឹង និងមានទំនុកចិត្តកែច្នៃបង្កើតយន្តហោះស្នោរសម្រាប់គប់បានប្រមាណចម្ងាយ ៥០ ម៉ែត្រ ជាផលិតផលដំបូងរបស់ក្រុមគំនិត នៅឆ្នាំ ២០១២ រហូតដល់ចុងឆ្នាំ ២០១៨ ក្រុមគំនិតបានសម្រេចដាក់ចេញលក់នៅក្នុងទីផ្សារជាផ្លូវការ។
ចំពោះដំណើរការនៃការផលិតលោកបានបញ្ជាក់ថា៖ «យន្តហោះនៅពេលធ្វើដំបូងយើងត្រូវការស្រាវជ្រាវ និងសិក្សាពីលក្ខណៈបច្ចេកវិទ្យារបស់វាសិន មានន័យថាបើយើងចង់បានយន្តហោះដឹកទម្ងន់ប៉ុន្មាន ចឹងយើងត្រូវធ្វើស្លាបទំហំប៉ុន្មាន យើងត្រូវការកម្លាំងប៉ុន្មាន យើងត្រូវកាត់ស្លាបប៉ុន្មានឲ្យវានឹង។»
ក្រោមពេលដែលទទួលបានជោគជ័យក្នុងការផលិតយន្តហោះស្នោរសម្រាប់គប់លក់ក្នុងទីផ្សារកម្ពុជាដំបូង ជាជំហានបន្ទាប់ ក្រុមគំនិតបានចាប់ ផ្តើមផលិតយន្តហោះខ្នាតធំសម្រាប់បញ្ជា មានប្រវែង ៣, ៣ ម៉ែត្រ ដែលគ្រោងធ្វើបង្ហោះសាកល្បងនាពេលឆាប់ៗនេះ។
រូបភាពឯកសារ៖ សកម្មភាពក្រុមគំនិតកំពុងបង្ហោះយន្តហោះបញ្ជាខ្នាធំសាកល្បងជាលើដំបូង។ (Khomnit-គំនិត)
លោក ចននី បាននិយាយថា៖ «យើងធ្វើយើងជួបបញ្ហាច្រើន ដូចជា សម្ភារៈ យើងត្រូវការសម្ភារៈដែលស្រាល ហើយរឹងមាំង ចឹងវាលែងពិបាកគណនារូបមន្តទៀតហើយ តែយើងជួបការលំបាកបញ្ហាបច្ចេកទេសទៅវិញ។ ចំពោះបញ្ហាទីពីរ យើងត្រូវធ្វើដូចម្តេច ឲ្យហោះទៅនឹងបានល្អ ពីព្រោះយន្តហោះកាន់តែធំ កាន់តែពិបាក ពីព្រោះយើងអត់មានកន្លែងពិសោធន៍ដូចគេទេ។»
សូមបញ្ជាក់ថា យន្តហោះបញ្ជាប្រវែង ៣, ៣ ម៉ែត្រ ត្រូវបានក្រុមគំនិត សាកល្បងបង្ហោះ កាលពីប្រមាណខែមុន ក៏ប៉ុន្តែនៅមានកំហុសបច្ចេកវិទ្យាបន្តិចបន្តួច ហើយត្រូវបានក្រុមគំនិត យកមកកែសម្រួល ឡើងវិញនៅដើមខែក្រោមនេះ។
លោកបានបន្ថែមថា ៖ «យើងយកមកធ្វើឡើងវិញនៅដើមខែក្រោម ដោយបំពាក់ប្រព័ន្ធស្វ័យប្រវត្តិបញ្ជា នៅពេលដែលយន្តហោះបង្ហោះឡើង យើងបានប្រើប្រាស់ប្រព័ន្ធនឹង ដើម្បីទប់លំនឹង សម្រាប់គ្រឿងបច្ចេកទេសនឹង គឺយើងអត់ទិញពីគេទេ គឺយើងធ្វើខ្លួនឯងចេញពីក្រុមគំនិត។»
យ៉ាងណាមិញ បើសិនយន្តហោះបញ្ជាខ្នាតធំច្នៃប្រឌិតដោយកូនខ្មែរនេះទទួលបានជោគជ័យ គោលដៅបន្ទាប់របស់ក្រុមគំនិត នឹងផលិតយន្តហោះធំជាងនឹងទៀត មានស្តង់ដាត្រឹមត្រូវ និងអាចមានមនុស្សជិះនាពេលអនាគតផងដែរ។
រូបភាពឯកសារ៖ លោក ជឿន ចននី ស្ថាបនិកក្រុមគំនិត កំពុងកាន់នូវយន្តហោះស្នោរជាស្នាដៃរបស់ក្រុម។ (Khomnit-គំនិត)
ជាចុងក្រោយ យុវជនរូបនេះ អំពាវនាវឱ្យមានការជួយលើកទឹកចិត្ត និងគាំទ្របន្ថែមទៀត ដល់ក្រុមគំនិត ដើម្បីឲ្យពួកគាត់មានទឹកចិត្តក្នុងការច្នៃប្រឌិតគំរោងមួយនេះអោយបានជោគជ័យ។
លោកបាននិយាយថា៖ «សូមអំពាវនាវឲ្យ អ្នកមាន ឬ សប្បុរសជនស្រុកខ្មែរ នៅពេលដែលគាត់មានថវិកា សុំឲ្យគាត់មានការគាំទ្រដល់ពួកយើង ពីព្រោះនេះមិនមែនប្រយោជន៍នេះក្រុមគំនិតនោះទេ តែប្រយោជន៍នេះផ្តល់ផលប្រយោជន៍ជូនសង្គមនៅថ្ងៃក្រោយ។»
យ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជា កំពុងជំរុញការបន្តគាំទ្រជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា ដើម្បីជំរុញឲ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រច្រើនថែមទៀត។
នៅក្នុងសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ បានថ្លែងថា រដ្ឋាភិបាលបន្តគាំទ្រអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ការអភិវឌ្ឍធនធានមនុស្សពោរពេញដោយសមត្ថភាពជំនាញ ដើម្បីធានាថា កម្លាំងពលកម្មរបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិច្ចសម្ភាសន៍ជាមួយ BizKhmer ថា ៖ «ក្រសួងកំពុងអនុវត្តន៍គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ក្នុងន័យនេះ ក្រសួងស្វាគមន៍ និងលើកទឹកចិត្តការសិក្សា បង្រៀន និងការចូលរួមប្រកួតពាក់ព័ន្ធមុខវិជ្ជា STEM។ ជាក់ស្តែងក្រសួងបានបង្កើតសាលារៀនជំនាន់ថ្មី ដោយផ្តោតលើការសិក្សា និងបង្រៀនមុខវិជ្ជាSTEM។»
បើផ្អែកលើការសិក្សាស្តីអំពី ការកំណត់គោលនយោបាយនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ធុនធ្ងន់ មធ្យម និងស្រាល និងឧស្សាហកម្មកែច្នៃ កន្លងមកបានរកឃើញថា កម្ពុជាត្រូវការអ្នកឯកទេសផ្នែក STEM រហូតដល់ចំនួន ៦ ម៉ឺន ៥ ពាន់នាក់ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះធនធាន STEM នៅកម្ពុជាសរុប មានតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា លោកអ្នកអ្នកស្វែងរកទិញយន្តហោះស្នោរសម្រាប់គប់ជាស្នាដៃរបស់កូនខ្មែរ តាមរយៈហ្វេសបុកផ្លូវការរបស់ក្រុមគំនិត និងតាមរយៈលេខទូរស័ព្ទ ០៩៨ ៣៣១ ២១៣។
អត្ថបទដោយ៖ នូ វិរៈ