នៅឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងលេចចេញរូបរាងជាផ្លូវការ បន្ទាប់ពីទទួលវិញ្ញាបនបត្រផែនការមេសាងសង់​



ភ្នំពេញ- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០២៣ បន្ទាប់ពីទទួលវិញ្ញាបនបត្រផែនការមេសាងសង់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ នេះ។  

វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ ត្រូវបានប្រគល់ដោយ ឯកឧត្តម  ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជូលដល់ក្រុមហ៊ុន Angkor International Airport Investment ដោយមានលោក លូ វី (Lu Wei) ជាប្រធានក្រុមប្រឹក្សាភិបាល។  

ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ហិកតា ទៀត៕

 

 

 

X
5s