រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងប្រមាណជាង ២៥ ទីតាំងថ្មីបន្ថែមទៀត
ភ្នំពេញ- រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងកសាងស្ពានអាកាសថ្មើជើងចំនួន ២៥ ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ជូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានបន្ថែមថា ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។
បច្ចុប្បន្ននេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះបាន សម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែការក្រាលកំរាលថ្មើជើងការសំអាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។
ចំណែកស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់នៅតំបន់នោះ។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែង ហើយ។
ដោយ៖ នូ វិរៈ