ជនក្រីក្រនឹងមានក្តីសង្ឃឹម ក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភក្នុងវិបត្តិកូវិដ ១៩
ភ្នំពេញ- រាជរដ្ឋាភិបាលនឹងផ្តល់ការឧបត្ថម្ភដល់ជនក្រីក្រក្នុងវិបត្តិកូវិដ ១៩ នឹងទទួលបានសាច់ប្រាក់ចំនួនម្នាក់ពី ១៦ ០០០ រៀល ទៅ ១២០ ០០០ រៀលក្នុងមួយខែ ទៅតាមស្ថានភាពខុសៗគ្នានៃជនក្រីក្រ និងងាយរងគ្រោះម្នាក់ ហើយរយៈពេលនៃការឧបត្តម្ភនេះគឺត្រូវកំណត់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ១២ មិថុនា ស្តីអំពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវិដ ១៩ នឹងត្រូវទទួលបានប្រាក់ ទៅតាមកម្រិតក្រីក្រ និងទៅតាមតំបន់ផ្សេងៗគ្នា គឺតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និងតំបន់ជនបទ។
ដោយឡែក សម្រាប់លក្ខខណ្ឌដែលទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជានេះ គឺប្រជាពលរដ្ឋជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងដែលបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះនៅតាមសាលាឃុំ/សង្កាត់រួចរាល់។
បើយោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃ អាទិត្យ ទី២១ មិថុនា នេះបានឲ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។»
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងផែនការ បានធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រកឃើញគ្រួសារក្រីក្រទូទាំងប្រទេស សរុបជាង ៥៦ ម៊ុឺនគ្រួសារ ដែលមានប្រជាជនក្រីក្រសរុបចំនួនប្រមាណ ២,៣លាននាក់។ ប៉ុន្តែការកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋមានជីវភាពក្រីក្រនេះ មិនទាន់បញ្ចប់នេះឡើយទេ ក្រសួងនឹងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណប្រជាពលរដ្ឋរងផលប៉ះពាល់ដោយ សារជំងឺកូវីដ១៩ បន្តបន្ទាប់ទៀត៕
ដោយ៖ នូ វិរៈ