​កម្ពុជា​​រក​​ឃើញ​​បុរស​​ម្នាក់​ទៀត​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​ក្រោយ​​វិល​ត្រឡប់​​ពី​​ប្រទេសសហរដ្ឋអាមេរិក​



ភ្នំពេញ- ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​បុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក​ម្នាក់ទៀត​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ធ្វើដំណើរ​វិលត្រឡប់​ពី​ប្រទេស​សហរដ្ឋអាមេរិក ដែល​នាំឱ្យចំនួន​ឆ្លង​សរុប​កើនឡើង​ដល់ ១៣០ ករណី​នៅ​ទូទាំង​ប្រទេស។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ២៣ ខែមិថុនានេះ ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា បុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ​វ័យ​អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កាលពី​ថ្ងៃម្សិលមិញ​នេះ តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយពី​គាត់​បាន​ធ្វើដំណើរ​វិលត្រឡប់​ពី​ប្រទេសសហរដ្ឋអាមេរិក ​កាលពី​ថ្ងៃទី២១ ខែមិថុនា។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ បុរស​កម្ពុជា​រូប​នេះ ត្រូវ​បាន​ដាក់ឱ្យស្ថិត​ក្រោម​ការ​ព្យាបាល​ដាច់ដោយឡែក​នៅ​ឯមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ជើងហោះហើរដែលរកឃើញបុរសជនជាតិខ្មែរមានជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១១២នាក់ (ស្ត្រី ៤១នាក់ និងបុរស ៧១នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរចំនួន៨៩នាក់ (ស្រី ៣៥នាក់) និងជនបរទេសចំនួន២៣នាក់ (ស្រី ៦នាក់)។

ចំពោះអ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បី តាមដានសុខភាពបន្តសទៀត។

គិតដល់​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា​រក​ឃើញ​អ្នក​កើតជំងឺ​កូ​វីដ១៩ សរុប ១៣០នាក់ ក្នុង​នោះ​អ្នក​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ ចំនួន ១២៧នាក់ ហើយ​នៅសល់ ៣នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​នៅឡើយ​៕

ដោយ៖ នូ វិរៈ

 

X
5s