អ្នកជំងឺកូវីដ ជាសះស្បើយម្នាក់ទៀតហើយ អ្នកកំពុងសម្រាកព្យាបាលនៅតែ ២នាក់ប៉ុណ្ណោះ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នេះបានប្រកាសថា អ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតហើយបានជាសះស្បើយ។
បុរសជនជាតិខ្មែរអាយុ ២១ ឆ្នាំ មានអាសយដ្ឋានស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង និងជាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសម៉ាឡេស៊ីពេលនេះទទួលបានលទ្ធផលអវិជ្ជមានលើតេស្តកូវីដ ១៩ ចំនួន ២ ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ជាមួយគ្នានេះដែរគិតមកត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានធ្វើការប្រកាសដែរថា ពុំមានរកឃើញករណីឆ្លងថ្មីករណីកូវីដ ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។ គួរបញ្ជាក់ផងដែរថាអ្នកជំងឺកូវីដ ១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ នេះមានសរុបទាំងអស់ចំនួន ១៣០ នាក់ ជាសះស្បើយ ១២៨ នាក់៕