នាយករដ្ឋមន្ត្រីវៀតណាម៖ កូវីដស្ងាត់ តែវៀតណាមមិនទាន់មានគម្រោងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទេ
យោងតាមការចេញផ្សាយព័ត៌មានពីគេហទំព័រ Channel News Asia លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បើមានប្រសាសន៍កាលពីថ្ងៃពុធទី ២៤ ខែមិថុនា ឆ្នាំ ២០២០ ថា ទោះបីជាវៀតណាមអាចគ្រប់គ្រងលើស្ថានភាពជំងឺ covid-19 បានជោគជ័យក៏ដោយ ប៉ុន្តែវៀតណាមមិនទាន់មានគម្រោងឬផែនការពីបទចំហក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចូលមកកាន់ប្រទេសរបស់ខ្លួនឡើយ។
លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានមានប្រសាសន៍បន្ថែមទៀតថា ការដែលមិនទាន់អនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិចូលមកក្នុងប្រទេសរបស់ខ្លួន ព្រោះបើការដែលពួកគេអនុញ្ញាតឲ្យជនបរទេសចូលមកក្នុងប្រទេសវាអាចនឹងបង្កឱ្យមានរលកទីពីរនៃការឆ្លង covid-19 កើតមានឡើង។ វាគ្មានហេតុផលដែលត្រូវប្រញាប់ក្នុងការបើកទ្វាទទួលភ្ញៀវអន្តរជាតិនោះទេ លោកបានមានប្រសាសន៍បន្ថែមបែបនេះ។
នៅក្នុងនេះវាដឹងថាចង់បញ្ជាក់ដែរថាខ្លួន មិនទាន់ស្វាគមន៍នូវការវិលត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិ ប៉ុន្តែចំពោះអ្នកជំនាញបរទេស (Foreign expert) បុគ្គលិកជំនាញជាន់ខ្ពស់ និងអ្នកវិនិយោគត្រូវបានអនុញ្ញាតនិងស្វាគមន៍ ប៉ុន្តែវាត្រូវស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងជិតដិតបំផុត។
គួរបញ្ជាក់ផងដែរថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនដែលមានកម្រិតនៃការឆ្លងរាលដាល covid-19 យឺត បានកំពុងពិចារណាលើការបើកដំណើរការអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសចូលទៅក្នុងប្រទេសរបស់ខ្លួនវិញដូចជា ម៉ាឡេស៊ី ថៃជាដើម និងក្រៅពីនោះក៏មានចិន កូរ៉េខាងត្បូងនិងជប៉ុនផងដែរ។ ចំនែកប្រទេសថៃក្នុងរយៈពេល ៣១ ថ្ងៃចុងក្រោយនេះមិនបានរកឃើញការឆ្លងនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយក៏នឹងអនុញ្ញាតឲ្យមានការធ្វើដំណើរចូលប្រទេសសម្រាប់អ្នកធ្វើអាជីវកម្មរយៈពេលខ្លី និងទេសចរណ៍វេជ្ជសាស្ត្រ (អ្នកព្យាបាលជំងឺក្នុងប្រទេស) នៅខែក្រោយ៕