ផ្លូវវាងតំបន់ទីប្រជុំជនឧត្ដុង្គ នៃគម្រោងធ្វើផ្លូវជាតិលេខ៥ ខាងត្បូង នឹងចាប់ផ្តើមសាង់សង់ឆាប់ៗនេះ ខណៈបច្ចុប្បន្នកំពុងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤ គ្រួសារទៀត
កណ្តាល - គម្រោងសាងស
នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការអនុវត្តគម្រោងសាងសង់កំណាត់ផ្លូវវាងតំបន់ទីប្រជុំជនឧត្ដុង្គ ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៃគម្រោងធ្វើអោយប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ផ្នែកខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម)។
នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា រដ្ឋាភិបាលបានផ្ដល់ប្រាក់សំណងជូនប្រជាពលរដ្ឋបានចំនួន ១១៥ គ្រួសារប្រកបដោយជោគជ័យ ប៉ុន្តែនៅសល់ប្រជាពលរដ្ឋចំនួន ៤ គ្រួសារប៉ុណ្ណោះដែលមិនទាន់ឯកភាពយល់ព្រមទទួលយកសំណងផលប៉ះពាល់ ទោះបីគណៈកម្មការអន្តរក្រសួង បានព្យាយាមប្រជុំពិគ្រោះយោបល់ស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ក៏ដោយ។
ជាមួួយគ្នានេះដែរ ដើម្បីសម្រេចបានការអនុវត្តគម្រោងសាងសង់នេះ ទទួលបានជោគជ័យតាមផែនការកំណត់ រដ្ឋបាលខេត្តកណ្តាលបានស្នើសុំបងប្អូនប្រជាពលរដ្ឋទាំង ៤ គ្រួសារទទួលយកសំណងតាមអត្រាតម្លៃកំណត់ បានទាន់ពេលវេលា និងធ្វើការរុះរើលំនៅឋាន និងទ្រព្យសម្បត្តិនានារបស់បងប្អូន ក្នុងរយៈពេល ១៥ ថ្ងៃដោយគិតចាប់ពីទី២៥ ខែមិថុនា នេះរហូតដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋបាលខេត្តកណ្តាលក៏បានបញ្ជាក់បន្ថែម ក្នុងរយៈពេលផុតកំណត់ខាងលើនេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តគម្រោងសាងសង់កំណាត់ផ្លូវរវាងតំបន់ទីប្រជុំជន ឧត្តុង្គ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ ដែលពុំចាំបាច់ជូនដំណឹងនិងទទួលខុសត្រូវចំពោះការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ។
គួរបញ្ជាក់ផងដែរថា គម្រោងធ្វើអោយប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ផ្នែកខាងត្បូង កំណាត់ផ្លូវពីស្ពានព្រែកក្តាម ធ្លាម្អម ពោធិ៍សាត់ ត្រូវសាងសង់ផ្លូវសរុបចំនួន ១៣៥,៤ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេតាមផ្លូវជាតិលេខ ៥ បច្ចុប្បន្ន ពីស្ពានព្រែកក្តាម ធ្លាម្អម មានប្រវែង ១១៨,៧ គីឡូម៉ែត្រ និងផ្លូវវាងក្រុងឧត្តុង្គ ៤.៩០០ ម៉ែត្រ និងផ្លូវវាងក្រុងកំពង់ឆ្នាំង ១១,៨ គីឡូម៉ែត្រ៕
អត្ថបទដោយ៖ នូ វិរៈ