ខ្សែរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្តហោះនឹងត្រូវបិទដំណើរការមែនទេ?
រថភ្លើងដឹកអ្នកដំណើរពីរាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះហាក់មិនសូវមានសកម្មភាព និងមានអ្នកដំណើរជិះនោះទេ រួមបញ្ចូលទាំងបញ្ហា covid-19 បានកាត់បន្ថយចំនួនអ្នកធ្វើដំណើរទៅកាន់ព្រលានយន្តហោះ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការថ្លែង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ថា កំពុងធ្វើការពិចារណាលើការបិទខ្សែរថភ្លើងដឹកអ្នកដំណើរពីស្ថានីយភ្នំពេញមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងខ្ញុំនឹងពិចារណាឡើងវិញលើរទេះភ្លើង ដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ មកព្រលានយន្តហោះដោយពីដើមធ្លាប់មានអ្នកជិះ តែឥឡូវនេះមិនសូវមានអ្នកដំ ណើរដោយសារយើងអត់មានយន្តហោះចេញចូលច្រើន ក៏គ្មានអ្នកដំណើរទៅព្រលានយន្តហោះ ហើយក៏អត់មាន អ្នកជិះរទេសភ្លើងហ្នឹងពីស្ថានីយ៍ភ្នំពេញទៅព្រលានយន្តហោះ អញ្ចឹងយើងខ្ញុំកំពុងតែពិចារណាថា គួរតែបិទ បើអាចបិទបានយើងគួរតែបិទទៅ ដោយសារអត់មានអ្នកជិះ ហើយវាអាចបង្កគ្រោះថ្នាក់ចររាចរណ៍នៅតាមផ្លូវហ្នឹងផង»។
លោករដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនក៏បានបញ្ជាក់បន្ថែមទៀតថា ការពិចារណានេះគឺធ្វើនៅនឹងជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group បើនៅតែបន្តគ្មានតម្រូវការ ផ្សាររថភ្លើងដឹកអ្នកដំណើរពីស្ថានីយភ្នំពេញទៅព្រលានយន្តហោះមួយនេះនឹងត្រូវបិទតែម្ដង។ លើសពីនេះលោកក៏បានបញ្ជាក់ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើផ្លូវរថភ្លើងនេះផងដែរ កត្តាគ្រោះថ្នាក់ចរាចរណ៍ក៏បានចូលទៅក្នុងការពិចារណាទៅលើការបិទនៅខ្សែភ្លើងមួយនេះដែរ។ ប្រជាពលរដ្ឋមួយចំនួនមិនបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់នេះ ពួកគាត់បានធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើងនិងគ្មានការប្រុងប្រយ័ត្ន ហេតុអ្វីដែលជាចំណាត់ការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅពេលនេះ គឺកំពុងតែរៀបចំធ្វើស្ពតមួយដើម្បីធ្វើការណែនាំដល់ប្រជាពលរដ្ឋពីការរងគ្រោះថ្នាក់រវាងរថយន្តនិងរថភ្លើង៕