សាលានឹងអាចបើកសាកល្បងដំណាក់កាលទី ១ នៅខែសីហា បើទទួលបានការអនុញ្ញាតពីសម្តេចតេជោ​



យោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងអប់រំនឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហាក្រោយនេះ។

លោកបានធ្វើការបញ្ជាក់ថា ក្នុងសំណើដែលក្រសួងអប់រំនឹងដាក់ទៅសម្ដេចតេជោក្នុងការបើកសាលារៀនសាកល្បងដំណាក់កាលទី ១ ក្នុងអំឡុងខែសីហាឆ្នាំ ២០២០ គឺសាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់មួយចំនួនតូចជាមុនសិន។ ការគ្រោងដាក់សំណើទៅកាន់សម្តេចតេជោនេះធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំយុវជន និងកីឡាបានជួបពិភាក្សាជាមួយនឹង ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងស្ថាប័ន-ពាក់ព័ន្ធនានាលើកត្តាសុខមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។ ចំពោះសំណើសុំការសម្រេចពីប្រមុខរដ្ឋាភិបាលនេះបើភ្ជាប់មកនូវវិធានការចាំបាច់មួយចំនួនរួមមាន៖

១. គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សារបស់ ក្រសួងអប់រំយុវជននិងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា ការអនុវត្តលក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាព សិក្សាក្នុងបរិបទកូវីដ ១៩ ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដារសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព កែវវាស់កំដៅបុគ្គលចាំបាច់ ភ្លេងការលាងដៃជាប្រចាំការពាក់ម៉ាស់ ។ល។

២. គ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មី រៀនក្នុងថ្នាក់ខ្លះ រៀន online ខ្លះ តាមគោលការណ៍ស្ម័គ្រចិត្តនិងការយល់ព្រមពីមាតាបិតា

៣. គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សានិងម្ចាស់ភាគហ៊ុន

៤. គ្រឹះស្ថានសិក្សាត្រូវតម្រូវឱ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគ covid-19 សម្រាប់បុគ្គលិកអប់រំនៅសិស្សានុសិស្ស

៥. គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធីនិងការតម្រូវនានា

៦. ក្រសួងអប់រំយុវជននិងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់នូវការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។

គួរ​បញ្ជាក់​ផង​ដែរ​ថា សាលារៀន​ និងគ្រឹះស្ថាន​សិក្សា​ទាំង​អស់នៅ​កម្ពុជា​បាន​ប្រកាស​ឲ្យ​ធ្វើ​វិស្ស​មកាល​តូច​រយៈពេល​វែង​​ ក្រោយ​កម្ពុជ​ាបាន​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​ ១៩ កើនឡើង​បន្ត​បន្ទាប់​ និង​ជា​ករណី​នាំ​ចូលពី​បរទេស កាលពី​ខែ​មិនា​ ឆ្នាំ ២០២០ កន្លង​ទៅ៕​

 

X
5s