គិតត្រឹមថ្ងៃ ១៦ កក្កដា៖ ២៥នាក់ក្នុងចំណោម ៨០នាក់មកពីអារ៉ាប៊ីសាអ៊ូឌីត រកឃើញវិជ្ជមានកូវីដ ១៩
យោងតាមទិន្នន័យនៃសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ គឺបានរកឃើញអ្នកជំងឺកូវីដ១៩ ថែម ១ រូបទៀត ជាបុរសអាុយ ២៥ឆ្នាំ ហើយក៏ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
មនុស្សចំនួន ៨០នាក់ដែលបានធ្វើដំណើរចាកចេញពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយបន្តជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី មកទល់ពេលនេះមាន ២៥នាក់ ហើយដែលបានរកឃើញករណីវិជ្ជមានកូវីដ ១៩ និងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។ រីឯអ្នករួមដំណើរតាមជើងយន្តហោះជាមួយគ្នានោះកំពុងដាក់ឲ្យនៅធ្វើចត្តាលីស៏ក នៅមណ្ឌលចត្តាលីស៏កជំពូវ័ន្ត រាជធានីភ្នំពេញ។
គិតមកត្រឹមថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ នេះ អ្នកជំងឺកូវីដ ១៩ នៅកម្ពុជាសរុបកើនដល់ ១៦៦នាក់ (ស្រ្តី ៤០ និងបុរស ១២៦នាក់) និងអ្នកដែលបានជាសះស្បើយមានចំនួន ១៣៣នាក់៕