ក្នុងមួយជីវិតរបស់អ្នក អ្នកមាន១០ឆ្នាំល្អបំផុតប៉ុន្មានដង?
តើក្នុងមួយជីវិតរបស់អ្នក អ្នកមានរយៈពេល ១០ ឆ្នាំល្អបំផុតប៉ុន្មានដង? រយៈពេល ១០ឆ្នាំល្អបំផុតនេះអាចជួយឲ្យអនាគតរបស់អ្នកភ្លឺស្វាង ឬអាប់អួ អាស្រ័យថា តើអ្នកបានប្រើប្រាស់វាត្រឹមត្រូវឬអត់?
ការសម្រេចចិត្តនៅក្នុងអំឡុងពេល ១០ឆ្នាំនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់វិថីជីវិតរបស់មនុស្សម្នាក់ៗនៅពេលអនាគត។ ប្រសិនបើមានការសម្រេចចិត្តខុសធ្វើឡើងនៅក្នុងអំឡុងពេលនេះ នោះជីវិតរបស់បុគ្គលនោះនឹងជួបផលលំបាកច្រើន ឬប្រហែលអាចពេញមួយជីវិតតែម្តង។ សម្រាប់មនុស្សវ័យជំទង់ ពួកគេអាចទទួលបានឱកាសជាលើកទីពីរ ប៉ុន្តែសង្គមបានលើកលែងទោសបានតិចតួចណាស់ចំពោះអ្នកដែលបានបង្កើតកំហុសនៅអំឡុងពេលវ័យ ២០ឆ្នាំឡើង។
អំឡុងពេលវ័យ ២០ឆ្នាំឡើង ជីវិតរបស់មនុស្សភាគច្រើនមើលទៅបានដើរខុសផ្លូវច្រើន។ អ្នកខ្លះចាប់ផ្តើមប្រព្រឹត្តទង្វើមិនគប្បី និងអសីលធម៌មួយចំនួន ចង់ចេះចង់ដឹង ចង់ស្គាល់រស់ជាតិជីវិតថ្មីៗដូចជា ចាប់ផ្តើមផឹកស៊ី លេងល្បែង ជក់បារី រាំរែក ប្រើគ្រឿងញៀន មានស្នេហា ប្រឡូកក្នុងរឿងផ្លូវភេទ និងប្រព្រឹត្តបទល្មើសផ្សេងៗជាដើម។
ទោះបីជាបែបនេះក្តី កំហុសដ៏ធំបំផុតមួយដែលមនុស្សវ័យក្មេងក្នុងសម័យនេះមួយចំនួនបង្កើតឡើងគឺថា ពួកគេដូចជាឆាប់ដុះស្លាបលឿនពេក។ ពួកគេប្រញាប់ប្រឡាក់ប្រឡូកស្នេហាលឿនពេកជាជាងស្វែងរកចំណេះដឹង រៀបការលឿនពេកជាជាងធ្វើអ្វីៗដើម្បីសម្រេចគោលដៅជីវិត ពួកគេប្រញាប់ធ្វើការពេញម៉ោងលឿនពេកដើម្បីបានលុយ ជាជាងធ្វើការរៀនយកបទពិសោធន៍ ពួកគេតក់ក្រហល់ចង់បានភាពជោគជ័យលឿនពេក ជាជាងអត់ធ្មត់ធ្វើវាដោយសន្សឹមៗ។
យុវវ័យដែលឆាប់ប្រឡូកក្នុងរឿងស្នេហាលឿនពេក គឺជាកាដូនៃការកាត់បន្ថយឱកាសស្វែងរកចំណេះដឹងឲ្យខ្លួនឯង។ ការឆាប់រៀបការក្នុងអាយុវ័យក្មេងពេក គឺជាកាដូលៃការលែងលះ។ ការប្រញាប់ធ្វើការលឿនពេកដើម្បីយកតែប្រាក់ខែគឺជាការបាត់បង់ឱកាសដើម្បីក្រេបជញ្ជក់យកបទពិសោធន៍មកពង្រឹងអាជីពការងារ ហើយអ្នកដែលតក់ក្រហល់ចង់បានភាពជោគជ័យលឿនពេក គឺជាកាដូនៃការអស់សង្ឃឹម និងការខកបំណង។
យ៉ាងណាមិញយុវជនដែលទទួលបានភាពជោគជ័យធ្វើរឿងខាងលើនេះទាំងវ័យក្មេង និងលឿន ជាងយុវជនឯទៀត ភាគច្រើនច្រើនកើតចេញពីគ្រួសារត្រកូលអ្នកមានដែលឪពុកម្តាយរបស់ពួកគេធូរធាររួចស្រាប់ទៅហើយ។ ពួកគេមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទំនុកបម្រុងរៀបចំអនាគតឲ្យកូនចៅរបស់ពួកគេ។ កូនៗអ្នកមានទាំងនេះត្រូវបានគេមើល ឃើញថា ជីវិតរបស់ពួកគេមើលទៅគួរឲ្យមានមោទនភាព ពួកគេបានសម្រេចភាពជោគជ័យ និងមានឥទ្ធិពលក្នុងសង្គមទាំងវ័យក្មេង។
ផ្ទុយទៅវិញ ងាកទៅមើលជីវិតយុវវ័យដែលមកត្រកូលកូនអ្នកក្រ គ្រួសារមិនសូវធូរធារដែលមិនសូវទទួលបានការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់គ្រាន់ពីឪពុកម្តាយ ភាគច្រើនជីវិតរបស់ពួកគេគ្មានទីលំនឹងច្បាស់លាស់។ ធ្វើការដើម្បីបានតែប្រាក់ខែ មិនពេញចិត្តការងារដែលកំពុងធ្វើ ទំនាក់ទំនងស្នេហារកំាំរកូសគ្មានស្ថិរភាព ជីវិតខ្វះមុខខ្វះក្រោយ ពិបាកស្វែងរកគោលដៅក្នុងជីវិត។ នេះអាចបញ្ជាក់ឃើញថា ជីវិតរបស់មនុស្សម្នាក់ៗនៅក្នុងវ័យ ២០ ជាង គឺវាមិនមានសមភាពគ្នាទេ។
តាមពិតទៅមានរយៈពេលមួយសំខាន់បំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ គឺវ័យ ២០ឆ្នាំ ដល់ ៣០ឆ្នាំនេះហើយ។ រយៈពេលនេះជារយៈពេលដែលមនុស្សពីរនាក់រៀនមហាវិទ្យាល័យដូចគ្នា ប៉ុន្តែម្នាក់បានត្រឹមតែមានសញ្ញាប័ត្រ ហើយម្នាក់ទៀតបានក្លាយជាមនុស្សមានឥទ្ធិពល និងសម្រេចភាពជោគជ័យក្នុងសង្គម។ ជាពេលមួយដែលមនុស្សពីរនាក់ មានអាយុដំណាលគ្នា ម្នាក់ក្លាយជាអ្នកមាន ខណៈម្នាក់ ទៀតនៅតែមានជីវភាពត្រដាបត្រដួសរកកោះត្រើយមិនឃើញ។
នៅពេលបច្ចុប្បន្ននេះ មនុស្សម្នាក់ៗរស់នៅក្នុងសង្គមមួយដែលផ្តោតខ្លាំងទៅលើការយកចិត្តទុកដាក់រៀបចំឲ្យក្មេងតូចៗ មានការអប់រំត្រឹមត្រូវ។ ប៉ុន្តែពិភពលោកប្រហែលជាមិនបានយកចិត្តទុកដាក់ឲ្យបានដិតដល់ប៉ុន្មានទេដល់មនុស្សវ័យជំទង់ និងយុវជន ដែលមានអាយុ ២០ឡើង។ វាជាវ័យមួយដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត និងគូសវាសឲ្យបានត្រឹមត្រូវ ហើយក៏ជាវ័យដែលពួកគេអាចធ្វើឲ្យពិភពលោកចាប់ផ្តើមរំកិលខ្លួនឆ្ពោះទៅកន្លែងថ្មីមួយទៀតដែលល្អប្រសើរជាងនេះ៕
ដោយ៖ខេវិន
ប្រភព៖ psychologytoday