រាល់ការចេញចូលដាណាងត្រូវផ្អាក ១៥ថ្ងៃ បន្ទាប់ពីវៀតណាមបានរកឃើញវិជ្ជមានកូវីដ ១៩ ថ្មី ៨ ករណីបន្ថែមទៀត​



ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន ៨ ករណីបន្ថែមទៀតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ដែលករណីចម្លងនេះកើតមានក្នុងមន្ទីរពេទ្យចំនួន ៣ នៅកណ្ដាលក្រុងដាណាង ហើយវាបានរាលដាលជាការឆ្លងក្នុងសហគមន៍ចំនួន ៣០ ករណីហើយបន្ទាប់ពីមានការផ្ទុះឡើងវិញកាលពីចុងសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន CNA នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០។ 

វៀតណាមបានចាប់ផ្តើមត្រលប់ទៅរកការប្រកាសអាសន្នកម្រិតខ្ពស់ បន្ទាប់ពីអាជ្ញាធរបានរកឃើញការចម្លងថ្មីក្នុងទីក្រុងដាណាង ដែលជាកន្លែងរកឃើញការចម្លងក្នុងសហគមន៍ដំបូងបំផុតរបស់ប្រទេសវៀតណាមនាខែមេសាកន្លងទៅ។ រាល់ជើងហោះហើរទៅកាន់ដាណាង និងជើងហោះហើរចេញពីដាណាងទៅកាន់តំបន់នានា នឹងត្រូវផ្អាកចំនួន ១៥ថ្ងៃ គិតចាប់ពីថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលអ្នកដំណើរតាមរថយន្ត និងរថភ្លើងចេញចូលដាណាងទាំងអស់ក៏ត្រូវបានបញ្ឈប់ដូចគ្នា។

ការរកឃើញករណីឆ្លងថ្មីនេះបន្ទាប់ពីវៀតណាមបានទប់ស្កាត់ករណីឆ្លងជាសហគមន៍នាពេល ១០០ ថ្ងៃកន្លងមក។ កាលថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ រដ្ឋាភិបាលបានប្រកាសថាខ្លួនបានស្នើសុំអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបង្កើនចំនួនជើងហោះហើរពីដាណាងទៅកាន់ទីក្រុងចំនួន ១១ ផ្សេងទៀតរបស់ប្រទេសវៀតណាមដើម្បីធ្វើការជម្លៀសភ្ញៀវទេសចរប្រមាណជា ៨ ម៉ឺននាក់។ លោក Vo Huy Cuong នាយករងអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់វៀតណាមបាននិយាយកាលពីថ្ងៃអង្គារថា រកជើងហោះហើរដែលសម្រាប់ធ្វើការជម្លៀសប្រជាជននិងភ្ញៀវទេសចរនោះពេលនេះត្រូវបានលុបចោលទាំងអស់។ 

គួរកត់សម្គាល់ដែរថាទីក្រុងដែលណាត្រូវបានបិទ lockdown នៅម៉ោង ១២ យប់ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រផ្លូវការរបស់ក្រុង។ ទន្ទឹមគ្នានេះផងដែរ ប្រជាជននៅក្នុងតំបន់ត្រូវបានដាក់កំណត់ទៅធ្វើការណែនាំឲ្យស្នាក់នៅតែក្នុងផ្ទះលើកលែងករណីចាំបាច់ដែលធ្វើការចេញពីផ្ទះបាន បូករួមជាមួយនឹងការហាមឃាត់មិនឲ្យមានការប្រមូលផ្តុំមនុស្សច្រើនលើសពី ២ នាក់នៅទីសាធារណៈ។ គិតមកត្រឹមថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០ នេះវៀតណាមបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៤៤៦ ករណីប៉ុន្តែក្នុងនោះក៏មានអ្នកជំងឺដែលបានបាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ នេះឡើយ។ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមក៏បានប្រកាសឱ្យដឹងដែរថាអ្នកដែលបានជាសះស្បើយពីវីរុសកូវីដ ១៩ មានប្រមាណជា ៨៣ ភាគរយនៃចំនួនអ្នកជំងឺដែលបានឆ្លងទូទាំងប្រទេស៕

ដោយ៖ យ៉ាយ៉ា

 

X
5s