នេះ​ជា​សាលា​​ដែល​ល្បី​​ថា ​និស្សិត​បញ្ចប់​ទៅ​​ក្លាយ​ជា​មហាសេដ្ឋី​​កាន់កាប់​ក្រុមហ៊ុន​​រាប់​ពាន់​លាន​ដុល្លារ​



នេះ​ជា​​លើកទី២​ហើយ​នៅ​ក្នុង​រយៈពេល​​ ២​ឆ្នាំ​ជាប់ៗ​គ្នា​ដែល​សាកលវិទ្យាល័យ Stanford (Stanford University) បាន​ជាប់​ឈ្មោះ​ជា​សាកលវិទ្យាល័យ​ថ្លៃ​ជាងគេ​​បំផុត​​នៅ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ឯកជន​ល្បីល្បាញ​​ជាច្រើន​របស់​អាមេរិក។ 

សាកលវិទ្យាល័យ​ដែល​មាន​វ័យ​ចំណាស់​​ ​១២៩​ឆ្នាំ​មួយ​នេះ​កំពុង​ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​សាកលវិទ្យាល័យ​មាន​​​កេរ្តិ៍ឈ្មោះ​ល្បី​បំផុត​ដែល​មាន​និស្សិត​បញ្ចប់​ទៅ​ក្លាយ​ជា​​មហាសេដ្ឋី​​កាន់កាប់​ក្រុមហ៊ុន​ធំៗ និង​មាន​តំណែង​​កំពូលៗ​នៅ​តាម​ស្ថាប័ន​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​ទៀត។  

ស្ថិត​នៅ​​ទីក្រុង​បច្ចេកវិទ្យា​ Silicon Valley រដ្ឋ California សាកលវិទ្យាល័យ​នេះ​បាន​ក្លាយ​ជា​ប៉ូល​ដ៏​សំខាន់​មួយ​ដែល​បណ្ដុំ​ទៅ​ដោយ​​អតីត​​និស្សិត​ធ្វើ​ជា​​មហាសេដ្ឋី​ល្បីៗ​នៅ​លើ​ពិភពលោក​ដូច​ជា ស្ថាបនិក​រួម​ក្រុមហ៊ុន Google លោក Sergey Brin និង​លោក Larry Page ស្ថាបនិក​ក្រុមហ៊ុន Yahoo លោក Jerry Yang និង​លោក David Filo និង​ស្ថាបនិក​រួម​ក្រុមហ៊ុន Istragram លោក Mike Krieger និង Kevin Systron​ ជាដើម។

លោកស្រី Mary Barra ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន General Motors ក៏​ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​នេះ​ដែរ។ ចំណែក​ឯ​​មហាសេដ្ឋី Elon Musk ដែល​ជា​​ស្ថាបនិក​ក្រុមហ៊ុន SpaceX និង​ក្រុមហ៊ុន Tesla ​មាន​គម្រោង​ដាក់ពាក្យ​ចូលរៀន​នៅ​សាលា​នេះ​ដែរ ប៉ុន្តែ​បាន​បោះបង់​ទៅ​វិញ​ ហើយ​ទៅ​បង្កើត​ក្រុមហ៊ុន​​ដ៏​ជោគជ័យ​បំផុត​ដំបូង​គេ​របស់​លោក គឺ​ក្រុមហ៊ុន Zip2។ 

មាន​​មហាសេដ្ឋី​ និង​ស្ថាបនិក​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​សុទ្ធតែ​រៀនចប់​ពី​សាលា​មួយ​នេះ​ដូច​ជា ស្ថាបនិក​រួម​របស់​ក្រុមហ៊ុន Nike លោក Phil Knight  ​ស្ថាបនិក​ក្រុមហ៊ុន StubHub ក្រុមហ៊ុន WhatsApp ក្រុមហ៊ុន Netflix ក្រុមហ៊ុន LinkedIn ក្រុមហ៊ុន Snapchat ក្រុមហ៊ុន Cisco ក្រុមហ៊ុន PayPal និង​ក្រុមហ៊ុន YouTub ជាដើម៕

ដោយ៖ ខេវិន
ប្រភព៖ CNBC  

X
5s