លទ្ធភាពចម្លងក្នុងសហគមន៍សម្រាប់វៀតណាមកាន់តែរីកធំឡើងខ្លាំង មនុស្សជាង ១,១លាននាក់នឹងត្រូវធ្វើតេសត្តរកវីរុស
អាជ្ញាធរសុខាភិបាលរបស់ប្រទេសវៀតណាមបានប្រកាសកាលពីថ្ងៃអាទិត្យទី ០២ សីហា ម្សិលមិញថា ពួកគេកំពុងមានការលំបាកក្នុងការតាមដានពីប្រភពនៃការផ្ទុះឡើងវិញសាជាថ្មីនូវវីរុសកូវីដ ១៩ នៅកណ្ដាលទីក្រុងដាណាង ដែលបង្កឱ្យមានការឆ្លងទៅមនុស្សប្រមាណជា ២០០ នាក់នៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបាននិយាយថា ទីក្រុងដាណាងជាកន្លែងនៃប្រភពការផ្ទុះឡើងវីរុសកូវីដ ១៩ ក្នុងសហគមន៍ដំបូងបំផុតក្នុងប្រទេស ហើយវាក៏ជាការព្រួបារម្ភខ្លាំងមួយផងដែរ ព្រោះដាណាងគឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយដែលមានប្រជាជនប្រមាណជា ១,១ លាននាក់។
កាលពីថ្ងៃអាទិត្យម្សិលមិញ (០២ សីហា) នេះដែរប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៣៤ ករណី ដែលនាំឲ្យចំនួនអ្នកឆ្លងស្រុកនៅក្នុងប្រទេសការឡើងដល់ ៦២០ករណី ជាមួយគ្នានេះដែរករណីស្លាប់បានកើនឡើងពី ២ ទៅ ៥ នាក់។
លោក ង្វៀន ថាញ់ឡុង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសវៀតណាមបានមានប្រសាសន៍ថា ការឆ្លងវីរុស កូវីដ ១៩ ថ្មីទៅបានរកឃើញជាបន្តបន្ទាប់ ហើយការឆ្លងនេះគឺកាន់តែខ្លាំងឡើងៗសម្រាប់ប្រទេសវៀតណាម។ លោកបានបន្ថែមថា អ្នកឆ្លងវីរុសថ្មីម្នាក់មានលទ្ធភាពធ្វើការចម្លងទៅអ្នកដទៃប្រមាណជា ៥ ទៅ ៦ នាក់បើធៀបទៅនឹងការចម្លងនាពេលកន្លងមកគឺមានលទ្ធភាពត្រឹមតែ ១,៨ ទៅ ២,២ នាក់តែប៉ុណ្ណោះ។ អាជ្ញាធរក៏បានធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួនដែលថា ពួកគេបានចេញនូវវិធានការជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការផ្ទុះឡើងវិញនូវជំងឺកូវីដ ១៩ នៅទីក្រុងនេះដែលរួមទាំងការប្រមូលនិស្សិតយោធាជាច្រើនរយនាក់ ដែលពួកគេជាអ្នកជាប់ទាក់ទងទៅនឹងលទ្ធភាពនៃការឆ្លងមកធ្វើការតេស្តសំណាកដើម្បីរកវីរុសកូវីដ ១៩។
វេជ្ជបណ្ឌិត Kidong Park តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមបានប្រាប់សារព័ត៌មាន Reuters ថា វៀតណាមបាននិងកំពុងធ្វើការរៀបចំការការពារយ៉ាងតឹងរឹងទៅលើលទ្ធភាពនៃការចម្លងវីរុសកូវីដ ១៩ ក្នុងសហគមន៍ ដែលលទ្ធភាពនៃការចម្លងនៅពេលនេះកាន់តែធំទូលាយទៅ លើសពីនេះវាក៏បានចាប់ផ្តើមធ្វើឱ្យមានអ្នកបាត់បង់ជីវិតដោយសារការឆ្លងជំងឺមួយចំនួនផងដែរ។
កាលពីថ្ងៃសៅរ៍ដើមខែសីហា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថាពួកគេគ្រោងធ្វើតេស្តទៅនឹងប្រជាជននៅទីក្រុងដាណាងចំនួនជាង ១,១ លាននាក់ដើម្បីធានាថាពួកគេអាចធ្វើការទប់ស្កាត់បានទាន់ពេលវេលាទៅនឹងការចម្លងវីរុសកូវីដ ១៩ ក្នុងសហគមន៍។ លើសពីនេះ ជាក្តីបារម្ភមួយទៀតគឺចំពោះអ្នកទេសចរប្រមាណជាង ៨ ម៉ឺននាក់ដែលបានទៅកាន់ទីក្រុងទៅណាហើយបានចាកចេញទៅតំបន់ផ្សេងៗទៀតនៃប្រទេសកាលពីថ្ងៃទី ១ កក្កដា និងបន្ថែមដែលមនុស្សប្រមាណជា ៤១,០០០នាក់ ដែលបានទៅមន្ទីរពេទ្យចំនួន ៣ ជាកន្លែងបន្ទប់អ្នកជំងឺកូវីដ ១៩ ដែលគេចាត់ទុកថានេះគឺជាលទ្ធភាពនៃការចម្លងខ្ពស់៕
ដោយ៖ យ៉ាយ៉ា