កូវីដ ១៩ ធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់ចុះយ៉ាងខ្លាំង មនុស្សជាង ៨,៣ លាននាក់ប្រឈមនឹង​ការ​បាត់បង់ការងារ​



សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតនៃវីរុស COVID-១៩ ដែលសេដ្ឋកិច្ចប្រទេសនេះមានការធ្លាក់ចុះយ៉ាងតិច ៥ ភាគរយនៅឆ្នាំ ២០២០ ហើយវានឹងចំណាយពេលជាងពីរឆ្នាំដើម្បីវិលត្រឡប់ទៅរកកម្រិតធម្មតាវិញ។

ការរាតត្បាតនៃកូវីដ ១៩ បានធ្វើឲ្យសេដ្ឋកិច្ចថៃមានការជាប់គាំងជាពិសេសនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២០ ហើយបាននាំឱ្យមានការបាត់បង់ការងារកម្រិតទ្រង់ទ្រាយធំ និងជះឥទ្ធិពលដល់ក្រុមគ្រួសារដែលមានជីវភាពមធ្យម និងអ្នកក្រីក្រងាយរងផលប៉ះពាល់បំផុត។ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ថៃហាក់មានការជោគជ័យលើការទប់ស្កាត់ការចម្លងនៃវីរុសកូវីដ ១៩ ក្តីតែវាគ្មានសញ្ញាល្អសម្រាប់សេដ្ឋកិច្ចប្រទេសនេះឡើយ។ អ្វីដែលជាការកត់សម្គាល់គឺវិស័យទេសចរណ៍ក្នុងប្រទេសនេះ ដែលវិស័យទេសចរណ៍បានចូលរួមជិត ១៥% នៃផលិតផលក្នុងស្រុកសរុបនោះ បានរងការប៉ះទង្គិចយ៉ាងខ្លាំងបន្ទាប់ពីផ្អាកសកម្មភាពនៃភ្ញៀវទេសចរណ៍អន្តរជាតិក្នុងប្រទេសខ្លួនរាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក។ 

ការនាំចេញរបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថានឹងមានការធ្លាក់ចុះប្រមាណ ៦,៣% នៅក្នុងឆ្នាំ ២០២០ ដែលវាជាការធ្លាក់ចុះយ៉ាងខ្លាំងប្រចាំត្រីមាសគិតក្នុងរយៈពេល ៥ ឆ្នាំនេះខណៈដែលតម្រូវការទំនិញថៃនៅក្រៅប្រទេសបានធ្លាក់ចុះយ៉ាងកំហុក។ តម្រូវការប្រើប្រាស់នៅក្នុងស្រុកសម្រាប់ប្រជាជន (household consumption) ក៏មានការធ្លាក់ចុះប្រមាណជា ៣,២% ភាគរយ បន្ទាប់ពីមានការរឹតត្បិតនូវការបម្លាស់ទីប្រជាជន បូករួមនឹងដំហយចុះនៃប្រាក់ចំណូលរបស់ក្រុមគ្រួសារនីមួយៗធ្វើឲ្យអ្នកប្រើប្រាស់កាត់បន្ថយចំណាយក្នុងកម្រិតអតិបរមានៅត្រីមាសទីពីរក្នុងឆ្នាំ ២០២០ នេះ។

ក្នុងអំឡុងខែមិថុនាកន្លងទៅ ប្រទេសថៃហាក់ចាប់ផ្ដើមធ្វើការបន្ធូរបន្ថយនូវការរឹតត្បិតការបម្លាស់ពីក្នុងស្រុក តម្រូវការប្រើប្រាស់ក្នុងស្រុកចាប់ផ្ដើមងើបឡើងវិញ ដែលជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ច។ ប៉ុន្តែនៅពេលថ្មីនេះប្រទេសថៃបានប្រកាសដាក់ប្រទេសនៅក្នុងគ្រាមានអាសន្នថែមមួយខែទៀត។ តែទោះជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថានឹងមានការងើបឡើងវិញនៅឆ្នាំ ២០២០ នឹងនៅក្នុងឆ្នាំ ២០២១ ថ្វីដ្បិតតែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃស្ថិតក្នុងស្ថានភាពមិនប្រក្រតី ប៉ុន្តែវានឹងអាចនៅព្រឹកឡើងវិញជាបណ្ដើរបណ្ដើរ។ សម្រាប់ឆ្នាំ ២០២១ សេដ្ឋកិច្ចប្រទេសថៃត្រូវបានគេព្យាករណ៍ថាអាចនឹងមានកំណើនក្នុងរង្វង់ ៤,១ ភាគរយ នឹងប្រមាណ ៣,៦ភាគរយនៅក្នុង ឆ្នាំ ២០២២ ទោះបីជាកម្រិតនៃការងើបឡើងវិញមានលក្ខណៈយឺតបន្តិចក្តី។ លើសពីនេះការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសថៃស្ថិតនៅក្រោមកម្រិតហានិភ័យគួរឲ្យកត់សម្គាល់ ដោយសារហេតុផលមួយចំនួនដូចជា ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពទន់ខ្សោយនៃវិស័យទេសចរណ៍ ការរំខាននិងការរារាំងមួយចំនួនទៅលើការធ្វើពាណិជ្ជកម្មនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

មនុស្សប្រមាណជាង ៨,៣ លាននាក់ត្រូវបានគេព្យាករណ៍ថាត្រូវបាត់បង់ការងារឬក៏បាត់បង់ចំណូលដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ ១៩។ អ្នកទាំងនោះភាគច្រើនជាអ្នកដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍រួមទាំងវិស័យសេវាកម្ម គឺជាអ្នកដែលទទួលរងហានិភ័យខ្ពស់បំផុតប្រមាណពី ៦ ទៅ ២០%៕

ដោយ៖ យ៉ាយ៉ា

 

X
5s