Lockdown ដោយសារកូវីដ តែការលក់ធុរេនតាមអនឡាញកំពុងផ្ទុះនៅម៉ាឡេស៊ី
ការបិទប្រទេស និងទីក្រុងដោយសារការរីករាតត្បាតនៃកូវីដ ១៩ បានក្លាយជារនាំងនៃការលក់ដូររបស់អាជីវករ ពិសេសការលក់ម្ហូបអាហារ បន្លែផ្លែឈើនៅតាមទីផ្សារធម្មតា។
ងាកទៅមើលម៉ាឡេស៊ីក្នុងពេលថ្មីៗនេះ តូបអាហារតាមចិញ្ចើមផ្លូវបែបប្រពៃណីដែលប្រជាជនម៉ាឡេស៊ីដែលពួកកេបានប្រកបរបរនៃជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបង្ខំចិត្តបិទទ្វារដោយសារការរាតត្បាតនៃកូវីដ ១៩ នេះ ។ តែអ្វីដែលជាការកត់សម្គាល់នៅពេលនេះគឺ ការលក់ធុរេនតាមប្រព័ន្ធអនឡាញកំពុងមានការផ្ទុះឡើងយ៉ាងខ្លាំងនឹកស្មានមិនដល់។
ទោះបីជាយ៉ាងណា ការដឹកជញ្ជូនក្នុងប្រទេសម៉ាឡេស៊ីនៅតែអនុញ្ញាតឲ្យមានសកម្មដដែលដើម្បីសម្រួលដល់តម្រូវការប្រចាំថ្ងៃ និងឆ្លើយតបទៅនឹងវិធានការទប់ស្កាត់កូវីដ ១៩។ លោក Eric Chan នាយកគ្រប់គ្រងក្រុមហ៊ុន Dulai Fruits Enterprise បានមានប្រសាសន៍ថា ប្រជាជនម៉ាឡេស៊ីនិយមទទួលទានផ្លែឈើស្រស់ៗ ហើយលោកក៏បានកត់សម្គាល់ដែរថា ក្នុងរដូវកាលកូវីដ ១៩ នេះការដេញថ្លៃ និងបញ្ជាទិញផ្លែឈើតាមប្រព័ន្ធអនឡាញហាក់មានការកើនឡើង។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកទទួលបានការបញ្ជាទិញរាប់រយដងក្នុងមួយថ្ងៃៗ រីឯតម្លៃធុរេនដែលលក់ក្នុងប្រទេសម៉ាឡេស៊ីមានតម្លៃជាង ៦០រីងហ្គីតក្នុងមួយគីឡូក្រាម (ប្រមាណជិត ២០ដុល្លារអាមេរិក)។
ចាប់តាំងពីខែមិនាបន្ទាប់ពីមានការបិទប្រទេស អ្នកលក់ធុរេនបានរៀបចំការវេចខ្ចប់ធុរេនក្នុងមួយប្រអប់ ៣០០ក្រាម ដើម្បីលក់លើបណ្ដាញសង្គមហ្វេសប៊ុក ហើយពួកគេធ្វើការចែកចាយប្រមាណជាង ៨០ដងក្នុងមួយថ្ងៃៗ ហើយនឹងត្រូវដឹកជញ្ជូនទៅដល់ផ្ទះអ្នកដែលបានបញ្ជាទិញនោះតែម្តង៕