Microsoft កំពុងដេញតាមទិញយក TikTok ពី ByteDance តែមានដឹងទេហេតុអ្វីក្រុមហ៊ុនអាមេរិកនេះចង់បាន TikTok ម៉្លេះ?​



ថ្មីៗនេះប្រធានាធិបតីអាមេរិកលោកដូណល ត្រាំបានគំរាមកំហែងដល់ក្រុមហ៊ុន ByteDance ថាបើសិនជាក្រុមហ៊ុននេះមិនព្រមលក់កម្មវិធីបណ្ដាញសង្គមដ៍ល្បីល្បាញរបស់ខ្លួន TikTok ទៅឱ្យក្រុមហ៊ុនអាមេរិកទេ គឺលោកនឹងចេញវិធានការបិទចោលកម្មវិធីបណ្ដាញសង្គមមួយនេះដែលកំពុងមានសន្ទុះអ្នកប្រើប្រាស់រាប់លាននាក់ក្នុងរយះពេលពីរឆ្នាំមកនេះមិនឱ្យមានវត្តមានលើទឹកដីអាមេរិក។​

ដោយសារតែបណ្ដាញសង្គម TikTok ត្រូវបានរងការចោទប្រកាន់ថាលួចទន្និន័យអ្នកប្រើប្រាស់ទើបធ្វើឱ្យប្រទេសមួយចំនួនធំមានប្រតិកម្មលើបញ្ហានេះហើយមានប្រទេសជាច្រើនបានកំពុងគិតចង់បិទចោលបណ្ដាញសង្គម TikTok មិនឱ្យមានក្នុងប្រទេសរបស់ខ្លួន។ ក្នុងចំណោមនោះដែរគឺប្រទេសឥណ្ឌាបានបិទចោលកម្មវិធីមួយនេះចោលរួចមកហើយ រីឯអាមេរិកក៍នឹងត្រៀមខ្លួនបិទចោលក្នុងប្រទេសខ្លួនដែរប៉ុន្តែបានទុកពេលវេលាឱ្យក្រុមហ៊ុនអាមេរិក  Microsoft ចរចារទិញបណ្ដាញសង្គមនេះពី ByteDance សិនព្រោះថាប្រធានាធិបតីអាមេរិក លោកដូណលត្រាំបានប្រកាសថាបើសិនជា ByteDance មិនព្រមលក់បណ្ដាញសង្គមនេះទៅឱ្យក្រុមហ៊ុនអាមេរិកទេគឺលោកនឹងសម្រេចចិត្តបិទបណ្ដាញសង្គមនេះមិនឱ្យមានលើទឹកដីអាមេរិក។

ហេតុនេះហើយបានជាក្រុមហ៊ុនយក្យ Microsoft បានស្វះស្វែងតាមទិញយកបណ្ដាញសង្គមយក្យ TikTok មួយនេះពីក្រុមហ៊ុន ByteDance ។ ប៉ុន្តែមានដឹងទេថា ហេតុអ្វីបានជាក្រុមហ៊ុន Microsoft ចង់បានបណ្ដាញសង្គមដ៍ល្បីល្បាញរបស់ចិនមួយនេះម្ល៉េះ?

បើយោងតាមទន្និន័យនៃចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនេះកាលពីខែកក្កដាកាលពីឆ្នាំ ២០១៩ មុនគឺមានអ្នកទាញយកកម្មវិធីនេះរហូតដល់ទៅ ២ ពាន់នាក់ហើយមានអ្នកប្រើប្រាស់សកម្មដល់ទៅជាង ៨០០ លាននាក់។ ក្នុងចំណោមអ្នកបានទាញយកកម្មវិធីនេះពីកម្មវិធី Play Store  និង App Store គឺប្រទេសឥណ្ឌាមានចំនួនច្រើនជាងគេរហូតដល់ទៅជាង ៦៥០ លាននាក់និងបន្ទាប់មកគឺប្រទេសចិនដែលមានចំនួនជាង ២០០ លាននាក់។ ហើយនេះសមស្របជាមួយនឹងវិស័យធ្វើទីផ្សារតាមឌីជីថលដែលកំពុងមានសន្ទុះជាខ្លាំងក្នុងឆ្នាំនេះដែលមានកំណើនរហូតដល់ ១៦ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ ផ្អែកតាមការព្យាករបានឱ្យដឹងថាកំណើននេះនឹងមានសន្ទុះដល់ទៅ ១៧ ភាគរយក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

ហេតុនេះបើសិនជាកម្មវិធី TikTok ត្រូវ Microsoft ទិញបានគឺក្រុមហ៊ុនយក្យអាមេរិកមួយនេះនឹងអាចបោះជំហានបានឆ្ងាយក្នុងវិស័យទីផ្សារឌីជីថលហើយនឹងក្លាយជាដៃគូប្រកួតប្រជែងយ៉ាងធំជាមួយនឹងបណ្ដាញសង្គមយក្យ Facebook និង Google ។ បច្ចុប្បន្ននេះបណ្ដាញសង្គម TikTok មានអ្នកប្រើប្រាស់នៅអាមេរិកជាង ៨០ លាននាក់ហើយកំណើនអ្នកប្រើប្រាស់ជុំវិញពិភពលោកលើកម្មវិធីនេះកំពុងតែមានសន្ទុះយ៉ាងខ្លាំង។ ជាពិសេស ខណៈកូវីដនៅតែជាបញ្ហាជាសកល គឺមានមនុស្សជាច្រើននាក់ចំណាយពេលលើអនឡាញច្រើនជាងមុនដែលមិនធ្លាប់មានពីមុនមក។

ទោះបីជាបច្ចុប្បន្ននេះក្រុមហ៊ុន ByteDance មិនទាន់បានបម្លែងបណ្ដាញសង្គមមួយនេះក្នុងការរកលុយពីអ្នកប្រើប្រាស់របស់ខ្លួនក៍ពិតមែន តែបណ្ដាញសង្គមនេះកំពុងមានសក្ដានុពលក្នុងការអាចក្លាយជាវេទិកាការធ្វើទីផ្សារតាមឌីជីថលដ៍ធំមួយ។ ពិតមែនដែលថាចំនួនអ្នកប្រើប្រាស់ភាគច្រើនលើកម្មវិធីនេះគឺជាមនុស្សវ័យក្មេងនិងជំទង់ប៉ុន្តែមួយភាគធំនៃសន្ទុះទីផ្សារតាមប្រព័ន្ធឌីជីថលក៍បានចូលរួមដោយសារពួកគេដែរ។ ជាពិសេសនោះបណ្ដាញសង្គមមួយនេះមានអន្តរកម្មខ្ពស់ស្ទើរតែច្រើនជាងបណ្ដាញសង្គម Twitter, Facebook និង Snapchat ដែលភាគច្រើនសុទ្ធតែមានអ្នកប្រើប្រាស់ជាអ្នកមានអាយុច្រើននិងចាស់ទុំ។ លក្ខណៈពិសេសនេះហើយដែលបើសិនជាក្រុមហ៊ុន Microsoft អាចទិញបានបណ្ដាញសង្គម TikTok ពីក្រុមហ៊ុនយក្យចិន ByteDance បានគឺក្រុមហ៊ុនអាមេរិកនេះនឹងអាចមានអាវុធថ្មីមួយនេះក្នុងការដណ្ដើមទីផ្សារឌីជីថលមួយចំណែកធំពីក្រុមហ៊ុនប្រកួតប្រជែងរបស់ខ្លួនគឺ Facebook និង Google ព្រោះថាបណ្ដាញសង្គម TikTok កំពុងតែមានសន្ទុះកំណើនអ្នកប្រើប្រាស់យ៉ាងខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំនេះ។ ជាពិសេសនោះប្រទេសឥណ្ឌាដែលធ្លាប់ឈរលើចំណាត់ថ្នាក់មានអ្នកប្រើប្រាស់កម្មវិធី TikTok ជាងគេនោះអាចនឹងបើកឱ្យមានវត្តមានបណ្ដាញសង្គមនេះឡើងវិញបើសិន Microsoft ទិញយកបណ្ដាញសង្គមនេះបានហើយនេះជាទីផ្សារនៅក្នុងប្រទេសឥណ្ឌាគឺជាអ្វីដែលក្រុមហ៊ុន Microsoft មើលឃើញពីឱកាសនេះមិនដាក់ភ្នែកសោះ៕

ប្រភព៖ Forbes និង BBC

ដោយ៖ នឿន វណ្ណៈ

X
5s