វៀតណាមនិងថៃ រំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលផលិតកុំព្យូទ័រយួរដៃសំខាន់បំផុតនៅអាស៊ី
វៀតណាម និង ថៃ រំពឹងថានឹងជំនួសដំណែងប្រទេសចិន ដែលនឹងក្លាយជាមជ្ឈមណ្ឌលផលិតកុំព្យូទ័រកុព្យូទ័រយួរដៃ ព្រមទាំងក្លាយជាអ្នកផលិតដ៏សំខាន់របស់អាស៊ីអាគ្នេយ៍ឆាប់ៗនេះ។
«ការផលិតកុំព្យូទ័រយួរដៃខ្នាតតូចនៅអាស៊ីអាគ្នេយ៍ នឹងមានចំនួនពាក់កណ្តាលនៃពិភពលោកទាំងមូល នៅឆ្នាំ ២០៣០ ដោយប្រទេសវៀតណាម និង ថៃ ត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់នៅក្នុងតំបន់»។ នេះបើយោងតាម គេហទំព័រព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានដកស្រង់សម្តីវិទ្យាស្ថានស៊ើបការណ៍ទីផ្សារនិងប្រឹក្សា (MIC)។
ការកើនឡើងនូវតម្លៃពលកម្មនៅក្នុងប្រទេសចិន និងចេតនាដើម្បីកាត់បន្ថយការពឹងផ្អែកលើតំបន់តែមួយគឺជាកត្តាដែលជំរុញឱ្យមានការផ្លាស់ប្តូរទៅអាស៊ីអាគ្នេយ៍។
កាលពីដើមឆ្នាំ ២០១៩ ទីផ្សារកុំព្យូទ័រយួរដៃពិភពលោក មានចំនួន ១៦០ លានគ្រឿង ក្នុងនោះ ៩០ ភាគរយមកពីប្រទេសចិន។ភាគច្រើននៃផលិតផលដែលបានផលិត ត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុនតៃវ៉ាន់ ខណៈពេលដែលអាស៊ីអាគ្នេយ៍គ្រាន់តែជាផ្នែកតូចមួយនៃការផលិតប៉ុណ្ណោះ។
ការផលិតកុំព្យូទ័រយួរដៃខ្នាតតូចរបស់ចិន និងត្រូវបានកាត់បន្ថយពី ៩០% ទៅ ៤០% នៅឆ្នាំ ២០៣០។ នេះបើយោងតាមបទរាយការណ៍ដោយសារព័ត៌មាន Nikkei Asian Review។
ក្រុមហ៊ុន Quanta Computer ដែលជាក្រុមហ៊ុនផលិតកិច្ចសន្យាធំលំដាប់ទី ៣ នៅលើពិភពលោករំពឹងថា នឹងផ្លាស់ប្តូរការផលិតកុំព្យូទ័រយួរដៃខ្នាតតូចរបស់ខ្លួនទៅប្រទេសថៃ។
ទន្ទឹមនឹងនេះដែរ Hon Hai Precision Industry ដែលមានឈ្មោះថា Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំបំផុតនៅលើពិភពលោក អាចនិងផលិតកុំព្យូទ័រយួរដៃខ្នាតតូចរបស់ពួកគេនៅប្រទេសវៀតណាម។
នៅក្នុងអត្ថបទ Nikkei ក៏បានកត់សម្គាល់ផងដែរថា នៅឆ្នាំនេះការចែកចាយកុំព្យូទ័រយួរដៃខ្នាតតូច ត្រូវបានគេរំពឹងថានឹងកើនឡើង ៦ភាគរយ ដែលមានចំនួនរហូត់ដល់ ១៧០ លានគ្រឿង។
ក្រុមហ៊ុន Lenovo Group របស់ចិន ក្រុមហ៊ុន HP នៅសហរដ្ឋអាមេរិក និង កុំព្យូទ័រ Asustek របស់កោះតៃវ៉ាន់ បានបញ្ចេញនូវកុំព្យូទ័រ Chromebook ផ្ទាល់ខ្លួនដែលលក់ក្នុងតម្លៃពីរបីរយដុល្លារអាមេរិក។ ភាគច្រើននៃម៉ូដែលទាំងនោះ ត្រូវបានផលិតដោយក្រុមហ៊ុនតៃវ៉ាន់។
អត្ថបទ៖ស្រីណា
ប្រភព៖Vietnam Times