១០ វិធីដើម្បីផ្លាស់ប្ដូរខ្លួនឯង ក្រោកពីការបាក់ទឹកចិត្ត
ដោយសារតែបញ្ហាផ្សេងៗដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យយើងបាក់ទឹកចិត្ត ពេលខ្លះរហូតដល់ការបាត់បង់ខ្លួនឯង បាត់បង់ភាពរីករាយដែលខ្លួនឯងធ្លាប់មានពីមុនមក ហើយលែងចង់ធ្វើអ្វីៗទាំងអស់។ យ៉ាងណាក៏ដោយយើងមិនគួរបោះបង់ចោលខ្លួនឯងឡើយ ត្រូវតែតស៊ូ រឹងមាំបន្តទៅមុខទៀត។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយអ្នកឲ្យផ្លាស់ប្ដូរខ្លួនឯង ក្រោកពីការបាក់ទឹកចិត្ត។
១. កាត់បន្ថយការចំណាយពេលនៅលើបណ្ដាញសង្គម
ការចំណាយពេលលើបណ្ដាញសង្គមដូចជា Facebook, Instagram, Tik Tok ជារឿងល្អព្រោះអ្នកអាចស្គាល់ អាចឃើញអ្វីដែលថ្មីៗ ខុសពីក្នុងបរិបទសង្គមដែលអ្នកកំពុងរស់នៅ។ តែការចំណាយពេលច្រើនពេកមិនមែនជារឿងដែលល្អនោះទេ ព្រោះក្រៅពីអត្ថប្រយោជន៍ល្អៗ បណ្ដាញសង្គមជាកន្លែងប្រមូលផ្ដុំនូវរឿងស្មុគស្មាញ ការបន្តុះបង្អាប់ ការបង្ហាញអំនួតរបស់បុគ្គលផ្សេងៗ និងបញ្ហាជាច្រើនទៀតដែលអាចប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នក។
២. ផ្លាស់ប្ដូរទម្លាប់មិនល្អ និងការងារដែលអ្នកមិនចូលចិត្ត
ប្រសិនបើអ្នកទម្លាប់ ចូលគេងយប់ជ្រៅ អាចធ្វើឲ្យអ្នកគេងមិនបានស្កប់ស្កល់និងអាចធ្វើឲ្យអ្នកអារម្មណ៍មិនល្អនៅពេលក្រោកឡើង។ អ្នកគួរបង្ហើយកិច្ចការដែលអ្នកត្រូវធ្វើពីល្ងាចអោយរួចរាល់ហើយឆាប់ចូលគេង ដើម្បីទុកពេលឲ្យអ្នកបានគេងគ្រប់គ្រាន់ យកកំលាំងបំពេញភារកិច្ចនៅថ្ងៃស្អែកបន្តទៀត។ ម្យ៉ាងទៀតបើអ្នកកំពុង ធុញទ្រាន់ជាមួយការងាររបស់អ្នក ឬចង់ផ្លាស់ប្ដូរបរិយាកាសក៏ដូចជាមិត្តរួមការងារថ្មី អ្នកគួរគិតគូរពីការស្វែងរកការងារថ្មីមួយដែលអ្នកចូលចិត្ត ហើយដែលត្រូវនិងជំនាញរបស់អ្នក។ ការផ្លាស់ប្ដូរការងារអាចជួយឲ្យអ្នកអភិវឌ្ឍខ្លួនឯងបានមួយកម្រិតទៀត។
៣. ជួយអ្នកដទៃ
អ្នកក៏គួរតែចំណាយពេលចូលរួមក្នុងការងារសប្បុរសធម៌ ឬការងារស្ម័គ្រចិត្តសង្គម ផងដែរ។ ការធ្វើបែបនេះអាចជួយឲ្យអ្នកក្លាយជាចំណែកដ៏ល្អមួយដែលចូលរួមជួយសង្គមដែលអ្នកកំពុងរស់នៅ។ ទោះបីមិនបានជួយអ្វីធំដុំ អ្នកក៏អាចជួយមិត្តភក្ដិកាន់របស់របរ ជួយបើកទ្វារ ចែករំលែករបស់ញ៉ាំដែលអ្នកមាន ជាដើម។ ការជួយអ្នកដ៏ទៃដូចជាការជួយខ្លួនឯងអ៊ីចឹង។ នៅពេលយើងឃើញអ្នកដ៏ទៃសប្បាយចិត្ត យើងក៏សប្បាយចិត្តដូចគ្នា។
៤. សម្អាតបន្ទប់គេង និងកន្លែងដែលកំពុងអ្នករស់នៅ
បរិយាកាសនៅជុំវិញខ្លួនអ្នកជាកត្តាមួយជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់អ្នក។ អ្នកគួរចំណាយពេលសម្អាត រៀបចំ និងតុបតែងបន្ទប់គេង និងកន្លែងដែលកំពុងអ្នករស់នៅឲ្យស្រស់ស្អាត មានផាសុខភាព។ បើអាចអ្នកគួរបន្ថែមការលម្អដោយជ្រើសរើសដាំដើមផ្កា រុក្ខជាតិ ពណ៌បៃតងនិងពណ៌ផ្សេងៗដែលអាចជំនួយដល់ភ្នែក និងខ្យល់ដកដង្ហើមរបស់អ្នក។
៥. កំណត់គោលបំណង និងគោលដៅ
ស្វែងរកគោលដៅមួយដែលអ្នកចង់ទៅដល់ គោលបំណងមួយដែលអ្នកចង់សម្រេចឲ្យបានផ្ដោតអារម្មណ៍លើវា ហើយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលបំណងនិងគោលដៅរបស់អ្នក។ ការមានគោលដៅកំណត់ច្បាស់លាស់ និងធ្វើឲ្យអ្នកដឹងថាអ្នករស់នៅរាល់ថ្ងៃដើម្បីអ្វី មានអ្វីដែលអ្នកត្រូវធ្វើ។
៦. រស់នៅក្នុងបច្ចុប្បន្នកាល
ពេលខ្លះអ្នករវល់គិតច្រើនពីអ្វីរឿងអតីតកាល ដែលបានកន្លងផុតទៅហើយ ឬក៏រឿងអនាគតដែលមិនទាន់កើតឡើង អ្នកភ្លេចថាខ្លួនឯងកំពុងរស់នៅក្នុងបច្ចុប្បន្នកាល។ អ្វីដែលកន្លងផុត អ្នកគួរបំភ្លេចវាចោលទៅ គួររៀនសូត្រពីអ្វីដែលអ្នកធ្លាប់បានឆ្លងកាត់។ ចំពោះរឿងអនាគត វាជារឿងល្អប្រសិនបើអ្នកអាចគិតគូរទុកមុន តែកុំផ្ដោតខ្លាំងលើវាពេក រៀនដោះលែងខ្លួនឯងអោយរីករាយនៅក្នុងបច្ចុប្បន្នកាល។
៧. ឈប់ប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ
មនុស្សម្នាក់ៗមានចំណុចល្អនិងចំណុចមិនល្អរៀងៗខ្លួន។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ បើទោះបីជាពេលខ្លះអ្នកឃើញគេមានអ្វីៗដែលល្អជាង ស្អាតជាង សង្ហារជាង ពូកែជាងក៏ដោយ អ្វីដែលអ្នកគួរធ្វើគឺបើកចិត្តព្រមទទួលយកអ្វីដែលខ្លួនឯងមាន ហើយព្យាយាមអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនបន្ដិចម្ដងៗ។ ត្រូវធ្វើជាខ្លួនឯង ស្រស់ស្អាតតាមរបៀបជាខ្លួនឯង រឹងមាំនិងពូកែតាមរបៀបជាខ្លួនឯង។
៨. បែងចែកកិច្ចការដែលត្រូវធ្វើ និងបញ្ចប់វាឱ្យទាន់ពេលវេលា
មិនថាកិច្ចការសាលា កិច្ចការផ្ទះ កិច្ចការសល់ពីកន្លែងការងារ ក៏ដោយ ត្រូវចេះបែងចែកកិច្ចការណាដែលសំខាន់និងចាំបាច់ ហើយធ្វើវាឲ្យបានរួចរាល់មុនគេ។ ចំពោះការងារដែលមានថ្ងៃកំណត់ត្រូវធ្វើវាឲ្យបានរួចរាល់មុនពេលកំណត់។ ការធ្វើបែបនេះនិងជួយធ្វើឲ្យអ្នកបានធូរស្បើយមួយកម្រិត។
៩. សន្សំលុយ
អត់លុយមិនមែនជាបញ្ហា តែបញ្ហាព្រោះអត់លុយ។ មិនថាអ្នកអាចសន្សំបានប៉ុន្មានក្នុងមួយថ្ងៃ មួយសប្ដាហ៍ មួយខែ ឬមួយឆ្នាំ សូមសន្សំវាទុកទៅ។ អ្នកមិនអាចស្មានដឹងទេថាអ្នកនឹងត្រូវការវានៅពេលណា តែវាជាការល្អប្រសិនបើពេលដែលអ្នកត្រូវការ អ្នកក៏មានវានៅក្នុងហោប៉ៅ ឬក្នុងគណនីធនាគារអ្នកស្រាប់។
១០. សម្លឹងមើលមេឃ ហើយដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធ
មនុស្សភាគច្រើនសម្លឹងចុះក្រោមពេលដែល អារម្មណ៍មិនល្អ ឬក៏បាក់ទឹកចិត្ត។ តែការដែលអ្នកសម្លឹងទៅខាងលើវាពិតជាអាចជួយបានច្រើន។ អ្នកគួរតែសាកល្បងចេញក្រៅបន្ទប់ ចេញក្រៅភាពងងឹតសម្លឹងមើលមេឃពណ៌ខៀវ ហើយដកដង្ហើមមួយៗស្រូបយកខ្យល់អាកាសបរិសុទ្ធ។ គេនិយាយថា ក្រោយភ្លៀងមេឃនឹងស្រឡះ ពេលខ្លះអាចនឹងមានឥន្ធនូថែមទៀតផង។ ទោះបីជាជីវិត ពេលខ្លះអាប់អួរបន្ដិចក៏ដោយ តែថ្ងៃណាមួយគ្រប់យ៉ាងនិងល្អប្រសើរឡើង។
ក្រៅពីវិធីដែលបានរៀបរាប់ខាងលើ អ្នកក៏អាច ធ្វើការសម្មាធិ ធ្វើលំហាត់ប្រាណ ញ៉ាំអារហារសុខភាព ស្ដាប់បទចម្រៀង និងអានសៀវភៅលើកទឹកចិត្តជាដើម។ ដែលទាំងនេះសុទ្ធសឹងតែជាវិធីដែលអាចជួយឲ្យអ្នកអាចក្រោកពីការបាក់ទឹកចិត្តបាន។ ចាប់ផ្ដើមពេលនេះ ក្រោកឡើងផ្លាស់ប្ដូរខ្លួនឯងពេលនេះ ដើម្បីខ្លួនឯងនៅពេលនេះ និងដើម្បីខ្លួនឯងនៅថ្ងៃអនាគត៕
ដោយ៖ សុធារ៉ា