WHO៖ មកដល់ពេលនេះមិនមានភស្តុតាងបញ្ជាក់ថាវីរុស COVID-19 អាចឆ្លងតាមម្ហូបអាហារនោះទេ
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គ្មានភស្តុតាងណាដែលបង្ហាញថាមានការឆ្លងវីរុស COVID-19 លើអាហារឡើយ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីចិនបានរកឃើញសាច់មាន់នាំចូល មានវីរុស COVID-19 ចំណែកឯហ្វីលីពីនប្រកាសផ្អាកការនាំចូលសាច់មាន់ពី ប្រទេសប្រេស៊ីល។
លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) នាយកកម្មវិធីសង្រ្គោះបន្ទាន់នៃអង្គការ សុខភាពពិភពលោក (WHO) បានលើកឡើងអំពីបញ្ហាចំណីអាហារក្នុងការថ្លែងសន្ទរកថា «គ្មានភស្តុតាងដែលបញ្ជាក់ថា អាហារ ឬ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ម្ហូបអាហារមានការចម្លងវីរុស COVID-19 ឡើយ ហើយមនុស្សទាំងអស់គួរតែមានអារម្មណ៍ស្ងប់ស្ងាត់ និងមានសុវត្ថិភាពចំពោះម្ហូបអាហារ»។
ឥឡូវនេះ មានមូលហេតុជាច្រើនទៀតដែលយើងត្រូវការពារហើយយើងចាំបាច់ត្រូវចំអិនម្ហូបរបស់យើងឲ្យបានឆ្អិនល្អនិងត្រឹមត្រូវ ហើយភាពគ្មានអនាម័យលើអាហារមួយចំនួនទៀតដែលកំពុងយកចិត្តទុកដាក់ ប៉ុន្តែលោកគិតថាយើងមិនគួរធ្វើអោយការភ័យខ្លាចនោះទៅជាហានិភ័យនៅក្នុងពេលនេះទេ។
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរចិនបានឱ្យដឹងថា ពួកគេបានរកឃើញករណីឆ្លង COVID-19 នៅក្នុងស្លាបមាន់ក្លាសេនាំចូលពីប្រទេសប្រេស៊ីល នៅក្នុងទីក្រុង ហ្សិនជិន (Shenzhen) និងបង្គាក្លាសេ នាំចូលពីប្រទេសអេក្វាឌ័រ នៅក្នុងទីក្រុងឆាងអាន (Xi'an)។ ជុំវិញករណីខាងលើនេះ អាជ្ញាធរទីក្រុង Shenzhen បានបញ្ជាក់ថា ស្លាបមាន់ក្លាសេខាងលើមានប្រភពដើម ចេញពីរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន អូរ៉ូរ៉ា (Aurora) ដែលជាក្រុមហ៊ុននាំចេញសាច់មាន់ និងសាច់ជ្រូកធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសប្រេស៊ីល។
បន្ទាប់ពីពេលនោះមក ប្រទេសចិនបានចាប់ផ្ដើមធ្វើការត្រួតពិនិត្យសាច់ និងអាហារសមុទ្រនាំចូលយ៉ាងយកចិត្តទុកដាក់បំផុត នៅតាមកំពង់ផែធំៗ បន្ទាប់ពីមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភាជាថ្មីនៃ COVID-19 កាលពីខែមិថុនាមកម្ល៉េះ នៅក្នុងទីផ្សារលក់ទំនិញទីក្រុងប៉េកាំង។
គួរបញ្ជាក់ផងដែរថា ប្រធានអង្គការសុខភាពពិភពលោកលោក Tedros បាននិយាយថា គ្រប់បណ្តាប្រទេសត្រូវការការចំណាយ ថវិកាចំនួន ១០០ លានដុល្លារលើឧបករណ៍ថ្មីសម្រាប់ការប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃការឆ្លងជំងឺ COVID-19៕
ដោយ៖ ស្រីណា