កូវីដ ១៩ រកឃើញវិជ្ជមានសារជាថ្មីលើស្រ្តីជនជាតិចិនក្រោយពេលជាសះស្បើយអស់ជាង ៥ខែកន្លងមក​


ប្រភព​រូបពី​ South China Morning Post

អាជ្ញាធរកណ្តាលប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ស្ត្រីជនជាតិចិនម្នាក់ដែលបានជាសះស្បើយពី Covid-19 កាលពីជាង ៥ ខែមុនបានធ្វើតេស្ត៍រកឃើញវិជ្ជមានវីរុសនេះម្តងទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ South China Morning Post នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០។

អាជ្ញាធរក្រុងជីងចូវនៅ នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនបាននិយាយថាស្ត្រីអាយុ ៦៨ ឆ្នាំដែលបានធ្វើតេស្ត៍រកឃើញមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ហើយក្រោយមកបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ តែកាលពីថ្ងៃអាទិត្យទី ១៦ ខែសីហា កន្លងទៅបានធ្វើតេស្តវិជ្ជមានម្តងទៀតខណៈដែលស្ត្រីរូបនេះបានបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារករណីជំងឺផ្សេង។ 

ស្រ្តីដែលបានរកឃើញមានវិជ្ជមានវីរុសជាលើទីពីរ បន្ទាប់ពីជាសះស្បើយជាយូរខែនោះកំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងទទួលការព្យាបាល នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើវេទិកាវេបសាយប្លុក Weibo។ អាជ្ញាធរជីងចូវបានបញ្ជាក់ពីការធ្វើតេស្តរកវីរុសកូវីដ ១៩ លើអ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយស្រ្តីរូបនេះហើយតែទទួលបានលទ្ធផលអវិជ្ជមាន រីឯគេហដ្ឋាន  និងកន្លែងមួយចំនួនទៀតដែលស្រ្តីនោះបានទៅ ត្រូវដាក់ក្រោមការតានមដាន។ វេបសាយប្លុក Weibo បានសរសេរក្នុងផុសរបស់ខ្លួនថា «មិនទាន់មានភស្តុតាងបញ្ជាក់ពីហានិភ័យលើទីតាំងទាំននោះស្តីពីការចម្លងនៅឡើយទេ ដូច្នេះមានការស្នើកុំឲ្យប្រជាជនមានការស្លន់ស្លោលឿនពេក តែត្រូវធ្វើការការពារឲ្យបានត្រឹមត្រូវ។ 

ករណីវិជ្ជមានជាលើកទី ២ វាបានក្លាយជាបញ្ហាធម្មតាសម្រាប់ប្រទេសចិន និងតាមបណ្ដាប្រទេសមួយចំនួនទៀត តែករណីមួយនេះវាអាចជាករណីកម្រមួយដែលការរកឃើញវិជ្ជមានមានរយៈពេលដល់ទៅរាប់ខែ (ជាង ៥ខែ)៕

 

X
5s