Trump និយាយថាលោកបានលុបចោល កិច្ចពិភាក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ដោយស្តីបន្ទោសទីក្រុងប៉េកាំងលើករណីកូវីដ ១៩​


រូបភាពពី Flickr

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបាននិយាយថា លោកបានបញ្ឈប់ការពិភាក្សាពាណិជ្ជកម្មកាលពីចុងសប្តាហ៍មុនជាមួយប្រទេសចិនហើយក៏បានបន្តទៀតថាការដោះស្រាយរបស់ទីក្រុងប៉េកាំងជុំវិញករណីវីរុសគឺ “គិតមិនដល់ទេ”។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារនៅ Yuma Arizona ថា «ខ្ញុំបានច្រានចោលការពិភាក្សាជាមួយនិងប្រទេសចិន ពេលនេះខ្ញុំមិនចង់និយាយជាមួយប្រទេសចិននោះទេ»។

លោក Trump បានបង្កើនការត្អូញត្អែរអំពីប្រទេសចិន ជាពិសេសអំពីការរីករាលដាលនៃវីរុសវីរុសដែលគាត់តែងតែហៅថា «វីរុសចិន»។

លោក Trump បាននិយាយបន្ថែមទៀតថា «អ្វីដែលប្រទេសចិនបានធ្វើទៅកាន់ពិភពលោកនេះគឺ គិតមិនដល់ទេ»។

កិច្ចចរចារពាណិជ្ជកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវដំណើរការសម្គាល់រយៈពេល ៦ខែនៃអ្វីដែលគេហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលមួយរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ត្រូវបានគេសន្មត់ថាបានធ្វើសន្និសីទវីដេអូជាមួយលោក Robert Lighthizer ដែលជាតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងលោក Steven Mnuchin ជាលេខាធិការរតនាគារ ប៉ុន្តែគ្រប់យ៉ាងត្រូវបានពន្យារពេលដោយមិនកំណត់។

កិច្ចចរចារនេះមិនដែលបានធ្វើឡើងតាម ប្រតិទិនផ្លូវការណាមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ឬប៉េកាំងនោះទេប៉ុន្តែកាសែត South China Morning Post បានរាយការណ៍ថា ពួកគេបានកំណត់យកថ្ងៃសៅរ៍នេះ។ មុននេះបន្តិច លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថាព័ត៌មានស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់នឹងត្រូវបានចេញផ្សាយក្នុងពេលដ៏សមរម្យមួយ។

ដោយមានការលើកឡើងថា តើសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង នៅមួយដំណាក់កាលនោះឬអត់ លោក Trump បាននិយាយថា «ពួកយើងនឹងចាំមើលថាមានអ្វីកើតឡើង»។

សេចក្តីថ្លែងការណ៍របស់មួយនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីបានកោតសរសើរប្រទេសចិនចំពោះការទិញទំនិញកសិកម្ម ហើយទីប្រឹក្សាពាណិជ្ជកម្មរបស់លោកប្រធានាធិបតី គឺលោក Peter Navarro បាននិយាយថា កិច្ចព្រមព្រៀងមួយដំណាក់កាលនេះគឺ «កំពុងដំណើរការ» ។

ថ្លែងទៅកាន់ទូរទស្សន៍ CNBC របស់សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ លោក Navarro ដែលជាទីប្រឹក្សាពាណិជ្ជកម្មនៅសេតវិមាន បានកោតសរសើរចិនចំពោះការទិញទំនិញនាំចេញរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏បានចោទប្រកាន់មេដឹកនាំចិនថាបានធ្វើការជាមួយអ្នកប្រជាធិបតេយ្យដើម្បីស្វែងរកការទម្លាក់លោក Trump ។

ប្រទេសទាំងពីរក៏កំពុងតែឈ្លោះប្រកែកគ្នាអំពី ស្វ័យភាពរបស់ហុងកុង ទង្វើរបស់ជនជាតិចិនទៅលើក្រុមជនជាតិភាគតិច ការពង្រីកកងកំលាំងយោធារបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង និងការបង្ក្រាបរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិននិងជំរុញឱ្យក្រុមហ៊ុន Huawei ដកចេញពីទីផ្សារ 5G ជាដើម៕

 

X
5s