រយៈពេល ១២ថ្ងៃជាប់គ្នាមកនេះ ដែលកម្ពុជាមិនបានរកឃើញវិជ្ជមានថ្មីលើកូវីដ ១៩
គិតចាប់ពីថ្ងៃទី១៤ មកដល់ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា ក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់ ១០នាក់។
យោងតាមសេចក្តីប្រកាសពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គឺមិនបានរកឃើញអ្នកមានវីរុសកូវីដ ១៩ នោះទេ ដែលនាំឲ្យចំនួនអ្នកជំងឺកូវីដ ១៩ សរុបមាន ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់។
ទោះបីជាមិនមានករណីថ្មីរយះពេល ១២ថ្ងៃនេះក្តី ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ និងមិនត្រូវមានការធ្វេសប្រហែសឡើយចំពោះការថែរក្សាអនាម័យគ្រប់ទីកន្លែង៕
អត្ថបទ៖ ស្រីណា
ប្រភព៖ ក្រសួងសុខាភិបាល