មនុស្សជាង ៦០ នាក់រកឃើញថានៅមានជីវិត ត្រូវបានទាញចេញពីអគារដួលរលំនៅក្នុងប្រទេសឥណ្ឌា
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃអង្គារទី ២៥ ខែសីហាថា ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សប្រមាណជា ៦០ នាក់ដែលនៅរស់ ពីគំនរបាក់បែកនៃអគាររលំមួយ នៅក្នុងទីក្រុងឧស្សាហកម្មមួយ ក្បែររដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា គឺទីក្រុងMumbai ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។
អគារកម្ពស់ប្រាំជាន់នៅជិតសង្កាត់ក្រីក្រមួយ ក្នុងទីក្រុង Mahad ដែលមានអ្នករស់នៅប្រហែល ២០០ នាក់បានរលំបាក់បែកកាលពីល្ងាចថ្ងៃច័ន្ទ។ លោក Bharatshet Maruti Gogawale ដែលសមាជិកអ្នកបង្កើតច្បាប់ ក្នុងតំបន់ Mahad ដែលស្ថិតនៅចម្ងាយប្រហែល ១៦៥ គីឡូម៉ែត្រខាងត្បូងទីក្រុង Mumbai បាននិយាយថា «អ្នកស្រុកម្នាក់បានស្លាប់ហើយយ៉ាងហោចណាស់ ៣០ នាក់នៅតែជាប់គាំង»។
មន្រ្តីប៉ូលីសនៅកន្លែងគ្រោះមហន្តរាយបាននិយាយថា អគារដែលមានផ្ទះចំនួន ៤៧ ល្វែងបានធ្លាក់ចុះមកស្ទើរតែដូចនឹងសន្លឹកប៊ៀរអ៊ីចឹង។ អ្នកស្រុកនិងប៉ូលីសបានធ្វើការរួមគ្នាវាយបំបែក សន្លឹកសំណប៉ាហាំង កំណាត់ដែក និងកម្ទេចកម្ទីផ្សេងទៀត ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលរថយន្តសង្គ្រោះបន្ទាន់បានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះចំពេលដែលកំពុងមានភ្លៀងមូសុងខ្លាំង និងការភ័យខ្លាចនៃការឆ្លងមេរោគកូវីដ ១៩ ផងដែរ។
មូលហេតុនៃឧប្បត្តិហេតុនេះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែការដួលរលំអគារចាត់ជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដែលជាធម្មតាដោយសារតែសំណង់ដែលមិនត្រឹមត្រូវតាមស្តង់ដារ សម្ភារៈគ្មានគុណភាព និងមិនគោរពតាមបទប្បញ្ញត្តិនៃការសាងសង់។
ជារៀងរាល់ឆ្នាំជំនន់ទឹកភ្លៀងខ្លាំងនៅរដូវវស្សាខែមិថុនា ដល់ខែកញ្ញា នាំមកនូវទឹកភ្លៀង ដែលនាំឲ្យសំណង់ទាំងតូច និងធំ ត្រូវបានមើលឃើញថាអាចបង្កគ្រោះថ្នាក់ដល់ការរស់នៅ។
យោងតាមទិន្នន័យចុងក្រោយពីការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិ បានឱ្យដឹងថាមនុស្សប្រមាណចា ១ ២០០ នាក់ត្រូវបានស្លាប់នៅក្នុងអគារ ១ ១៦១ កន្លែងដែលបានដួលរលំនៅទូទាំងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០១៧ ។
ដោយ៖ សុធារ៉ា
ប្រភព៖ CNA