WHO៖ មនុស្សក្នុងវ័យចន្លោះពី ២០ឆ្នាំ ទៅ៤០ឆ្នាំកំពុងបង្កើនការរីករាលដាល់នៃការឆ្លង COVID-19 ដោយមិនដឹងខ្លួន
អង្គការសុខភាពពិភពលោកធ្លាប់បានលើកឡើងក្នុងសន្និសីទ្ធិសារព័ត៌មានរបស់ខ្លួននាពេលកន្លងមក ថា ខ្លួនមានការព្រួយបារម្ភថាការរីករាលដាលនៃមេរោគឆ្លងវីរុសកូវីដ-១៩នេះត្រូវបានកើនឡើង ដោយមនុស្សក្នុងវ័យ ២០ ឆ្នាំ ៣០ និង ៤០ឆ្នាំ ដែលពួកគេភាគច្រើនមិនសូវជាយកចិត្តទុកដាក់ថា ពួកគេអាចជាអ្នកបង្កគ្រោះថ្នាក់ដល់ក្រុមដែលងាយរងគ្រោះ។
មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា «ក្នុងខែនេះសមាមាត្រនៃមនុស្សវ័យក្មេងក្នុងចំណោមអ្នកដែលឆ្លងជំងឺកូវីដ-១៩នេះបានកើនឡើងនៅទូទាំងពិភពលោក ដែលធ្វើឱ្យងាយរងគ្រោះដល់ប្រជាជនទូទាំងពិភពលោករួមទាំងមនុស្សចាស់និងអ្នកជំងឺនៅក្នុងតំបន់ដែលមានប្រជាជនតិចដែលមានសេវាសុខភាពខ្សោយ»។
លោក Takeshi Kasai នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចបានមានប្រសាសន៍ថា «ការរីករាលដាលកំពុងមានការផ្លាស់ប្តូរដោយមនុស្សក្នុងវ័យ ២០ ឆ្នាំ ៣០ និង ៤០ ឆ្នាំកំពុងបង្កើនការរីករាលដាលកាន់តែខ្លាំងឡើងៗ។ មនុស្សជាច្រើនមិនដឹងថាពួកគេឆ្លងរោគសញ្ញាស្រាលឬគ្មានរោគសញ្ញាអ្វីទាំងអស់ នេះអាចបណ្តាលឱ្យពួកគេចម្លងវីរុសទៅអ្នកដទៃដោយមិនដឹងខ្លួន និងបង្កើនហានិភ័យនៃការចម្លងទៅជនដែលងាយរងគ្រោះបំផុតដូចជា មនុស្សចាស់ជរា អ្នកមានជំងឺជាប់ខ្លួន អ្នកដែលស្នាក់នៅក្នុងមន្ទីរចាស់ជរា ឬកន្លែងថែទាំងអ្នកជំងឺ ប្រជាជនដែលរស់នៅក្នុងតំបន់ទីក្រុងដែលមានប្រជាជនរស់នៅច្រើន និងនៅតាមទីជនបទដែលមានមនុស្សរស់នៅតិច។ យើងត្រូវតែខិតខំប្រឹងប្រែងដើម្បីបញ្ឈប់វីរុសពីការចូលទៅក្នុងសហគមន៍ដែលងាយរងគ្រោះ»។
ការកើនឡើងនូវករណីថ្មីបានជំរុញឱ្យប្រទេសមួយចំនួនដាក់បម្រាមឡើងវិញនៅពេលក្រុមហ៊ុនមួយចំនួនប្រណាំងគ្នាស្វែងរកវ៉ាក់សាំងសម្រាប់វីរុស Covid-19 ដែលបានបំផ្លាញសេដ្ឋកិច្ច បានសម្លាប់មនុស្សជាង ៧៧០ ០០០នាក់ និង អ្នកឆ្លងជិត ២២លាននាក់ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ការកើនឡើងនៃអ្នកជំងឺកូវីដ ១៩ ក្នុងពិភពលោកមិនទាន់មានភាពស្រាកស្រាននៅឡើយនោះទេ ហើយវានៅតែបន្តសកម្មភាពនៃការឆ្លងបន្ថែមទៀតបើទោះជាប្រទេសមួយចំនួនកំពុងព្យាយាមធ្វើការទប់ស្កាត់ក៏ដោយ៕
អត្ថបទ៖ស្រីណា
ប្រភព៖រ៉យទ័រ