អគារខ្ពស់បំផុតលើពិភពលោកបានគ្របដណ្តប់ដោយទង់ជាតិវៀតណាម
អគារ Burj Khalifa នៃទីក្រុងឌូបៃ ដែលជាប៉មខ្ពស់ជាងគេបំផុតនៅលើពិភពលោក កាលពីថ្ងៃពុធ បានបំភ្លឺដោយពន្លឺពណ៌ក្រហម និងផ្កាយមាសនៅចំកណ្តាល ដើម្បីរំលឹកដល់ទិវាឯករាជ្យជាតិរបស់ប្រទេសវៀតណាម។
គណនី Twitter ផ្លូវការរបស់អាគារខ្ពស់កប់ពពក Burj Khalifa នៅឌូបៃ ប្រទេសអារ៉ាប់រួមមួយនេះបានថ្លែងថា“ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧៥ របស់ប្រទេសវៀតណាម អាគារ Burj Khalifa បានបំភ្លឺទង់ជាតិរបស់ប្រទេសវៀតណាម”។ នៅក្នុងវីដេអូដែលមានរយៈពេល ២១ វិនាទីដែលមានរូបភាពនៃទង់ជាតិវៀតណាម ដែលត្រូវបានគេមើលឃើញគ្របដណ្ដប់លើអាគារទាំងមូលនៅពេលយប់។
ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការផ្សាយរបស់វាពួកគេនៅលើអ៊ិនធឺរណែត វីដេអូនេះបានធ្វើអោយមនុស្សរាប់ពាន់នាក់ចូលមើលនិងមានការចែករំលេកបន្តរាប់រយនាក់។ ទន្ទឹមនឹងការអបអរសាទរពីអ្នកប្រើប្រាស់អ៊ីនធឺណេតអន្តរជាតិ អ្នកនិយមលេងអ៊ីនធឺណេតវៀតណាមជាច្រើនបានសម្តែងការដឹងគុណចំពោះអាជ្ញាធរឌូបៃ និងអារ៉ាប់រួម ចំពោះការបង្ហាញរូបភាពដ៏ស្រស់ស្អាតបែបនេះ។
ទស្សនៈស្រដៀងគ្នានេះត្រូវបានបង្ហោះឡើងវិញ ដោយគណនី ធ្វីតទ័រ (Twitter) ផ្លូវការរបស់ស្ថានទូតអារ៉ាប់រួម UAE នៅប្រទេសវៀតណាមនៅព្រឹកថ្ងៃសុក្រនេះ។
អគារ Burj Khalifa គឺជាអាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលមាន១៦៤ជាន់ និង មានកំពស់ ៨២៨ ម៉ែត្រ។ ប៉មនេះមានរាងដូចម្ជុលត្រង់ឡើងលើមេឃ មានជណ្តើរយន្តខ្ពស់បំផុត និងលឿនបំផុតនៅលើពិភពលោក។
ការដាក់ទង់ជាតិនៃប្រទេសទៅលើប៉ម Burj Khalifa ដ៏មានមោទនភាពរបស់ពួកគេលើព្រឹត្តិការណ៍សំខាន់ៗ គឺជាពិធីមួយដែលធ្វើឡើងដោយអាជ្ញាធរឌូបៃ និងអារ៉ាប់រួម ដើម្បីបង្ហាញការគោរពចំពោះដៃគូដែលពួកគេយល់ថាពិសេស។
មុននេះមួយថ្ងៃ ប៉មនេះក៏បានបង្ហាញទង់ជាតិរបស់ អ៊ូសបេគីស្ថាន (Uzbekistan)ក្នុងការរំលឹកកដល់ទិវាឯករាជ្យរបស់ពួកគេនៅថ្ងៃទី ១ ខែកញ្ញាផងដែរ។ទង់ជាតិរបស់ប្រទេសមួយចំនួនដែលបានបង្ហាញខ្លួននៅលើប៉មនៃអាគារខ្ពស់ជាងគេលើពីភពលោកមួយនេះ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន ជាដើម។
គួរបញ្ជាក់ផងដែរថា ប្រទេសអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក ខណៈដែលប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាច្រកឈានមុខគេទៅកាន់ទីផ្សារអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ បានឈានដល់ប្រមាណ ៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដោយវៀតណាមមានការនាំចេញប្រមាណ ៥ លានដុល្លារ។ ប្រទេសទាំងពីរមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគី ឲ្យបាន ១០ ពាន់លានដុល្លារនៅឆ្នាំខាងមុខ។
អត្ថបទ៖ស្រីណា
ប្រភព៖ Vietnam Times